ព័ត៌មាន
ឯកឧត្តម ឌិត ទីណា លើកទឹកចិត្តសហគមន៍ និងក្រុមហ៊ុនបន្តស្មារតីសាមគ្គីភាព ដើម្បីទទួលផលចំណេញទាំងអស់គ្នាថែមទៀត
ក្នុងជំនួបសំណេះសំណាលជាមួយប្រជាកសិករដែលស្ម័គ្រចិត្តចងក្រងជាសហគមន៍កសិកម្មក្នុងវិស័យដំណាំស្រូវ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្តកសាងទំនុកចិត្តជាមួយគ្នាក្នុងសហគមន៍ និងវិស័យឯកជន ស្មោះត្រង់ជាមួយគ្នា បន្តស្មារតីសាមគ្គីភាព តម្លាភាព ពោលគឺតម្កល់ផលប្រយោជន៍រួមជាធំ ដើម្បីទទួលផលចំណេញទាំងអស់គ្នាទៅមុខបន្តទៀត។

ក្រោយចុះពិនិត្យការច្រូតស្រូវ និងស្ថានភាពជាក់ស្តែង នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មទំនើបដំណាំស្រូវបារាយណ៍តាំងគោក។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរនូវការខិតខំប្រឹងប្រែងរបស់សហគមន៍ និងបានផ្សារភ្ជាប់ជាមួយវិស័យឯកជនត្រៀមប្រមូលទិញស្រូវសែនក្រអូប០១ និងស្រង៉ែស្រាល ដែលមានតម្រូវការទីផ្សារ។ ក្នុងនោះ សហគមន៍ខាងលើ គ្រោងនឹងចាប់ផ្តើមរដូវដាំដុះថ្មីលើផ្ទៃដីទំហំប្រមាណ ៥ ០០០ហិកតា មកពី ១៧៨គ្រួសារ ដែលបានចូលជាសមាជិកសហគមន៍កសិកម្មទំនើបជាបន្តបន្ទាប់។
ឧកញ៉ា គឹម សាវុធ ប្រធានក្រុមប្រឹក្សាភិបាល ខ្មែរហ្វូត គ្រុប ជាក្រុមហ៊ុនដែលបានចុះកិច្ចសន្យាជាមួយសហគមន៍កសិកម្មទំនើបដំណាំស្រូវបារាយណ៍តាំងគោក បានមានប្រសាសន៍ឱ្យដឹងថា នេះជាការងារល្អប្រសើរណាស់ ដែលមានការជួយជ្រោមជ្រែងបន្ថែមរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសតាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិកា ដែលតែងតែចុះតាមដាន ត្រួតពិនិត្យ និងសួរសុខទុក្ខជាប់ជានិច្ច រវាងប្រជាកសិករ និងក្រុមហ៊ុន ដែលក្រៅពីការជួយបង្កើនតម្លៃឱ្យកសិករ ខាងក្រុមហ៊ុនវិញ ក៏មានស្ថិរភាពក្នុងការទទួលស្រូវដែលផ្គត់ផ្គង់ពីកសិករនារដូវច្រូតកាត់។
ឧកញ៉ាប្រធាន បានបញ្ជាក់បន្ថែមថា សរុបសេចក្តី កិច្ចសន្យាជាមួយសហគមន៍កសិកម្មទំនើប ជាគុណសម្បតិ្តល្អសម្រាប់ទាំងអ្នកផលិត និងអ្នកទិញ។ រឿងដែលសំខាន់ គឺស្នើអ្នកផលិតសុំឱ្យរក្សាគុណភាព ធ្វើម៉េចរក្សាទិន្នផលច្រើន ហើយខាងរោងចក្រដែលជាអ្នកទិញ ក៏ហ៊ានធានាដែរថា មិនយឺតយ៉ាវក្នុងការផ្តល់ប្រាក់ត្រឡប់ទៅវិញទេ ដើម្បីបង្កើនទំនុកចិត្តគ្នាទៅវិញទៅមក ធ្វើយ៉ាងណាគឺទៅមុខទាំងអស់គ្នា ដើម្បីប្រយោជន៍ជារួម។
ពាក់ព័ន្ធការលើកឡើងខាងលើនេះ អ្នកស្រី ឯក ចាន់សុផល្លី ប្រធានសហគមន៍កសិកម្មទំនើបដំណាំស្រូវបារាយណ៍ តាំងគោក បានបង្ហាញទឹកមុខសប្បាយរីករាយ និងលើកឡើងថា ជួសមុខឱ្យកសិករទាំងអស់ គឺសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ជាពិសេសក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបង្កើតឱ្យមានសហគមន៍កសិកម្មនេះឡើង ដើម្បីជំរុញដល់ការធ្វើផលិតកម្មធំរួម ដាក់ដី និងទុនរួមគ្នា ដើម្បីទទួលបានផលចំណេញទាំងអស់គ្នា ដោយមិនប្រកួតប្រជែងគ្នាថែមទៀត។

សូមបញ្ជាក់ថា សហគមន៍កសិកម្មទំនើប បង្កើតឡើងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងគោលបំណង ដើម្បីប្រែក្លាយវិស័យកសិកម្មកម្ពុជា ពីលក្ខណៈគ្រួសារឱ្យទៅជាសហគ្រាស សេដ្ឋកិច្ចកសិកម្មដ៏រឹងមាំ មានសមាហរណកម្មខ្ពស់ មានសេដ្ឋកិច្ចមាត្រដ្ឋាន និងមានសមត្ថភាពប្រកួតប្រជែងទាំងបរិមាណ តម្លៃ និងគុណភាព។ ការចងក្រងសហគមន៍កសិកម្មទំនើប ជួយឱ្យកសិករទទួលបានផលចំណេញច្រើន តាមរយៈការកាត់បន្ថយថ្លៃដើមផលិត, ការទទួលបានទុនកម្ចីក្នុងអត្រាការប្រាក់ទាប, ការទទួលបានទីផ្សារ និងការគាំទ្រផ្នែកបច្ចេកទេសជាដើម។ ចំពោះលក្ខខណ្ឌក្នុងការចូលជាសហគមន៍កសិកម្មទំនើប គឺត្រូវមានសមាជិកចាប់ពី៥០គ្រួសារឡើង។ រហូតមកដល់ពេលនេះ ប្រជាកសិករចំនួនជាង ១ ៤០០គ្រួសារហើយ បានងាកមកចងក្រងគ្នាជាសហគមន៍កសិកម្មទំនើប នៅលើផ្ទៃដីជាង ១ម៉ឺនហិចតា៕ អត្ថបទ៖ឈិត បូរ៉ាវី





-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត