ព័ត៌មាន
កម្ពុជា-ជប៉ុន បើកទំព័រកិច្ចសហប្រតិបត្តិការ ត្រួតពិនិត្យបរិស្ថានតាមផ្កាយរណប ដើម្បីប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុសកល
ភ្នំពេញ ៖ ទីភ្នាក់ងាររុករកអវកាសជប៉ុន (JAXA) បានពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងបរិស្ថានលើបច្ចេកវិទ្យាផ្កាយរណប ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុសកល រួមចំណែកដល់ការគ្រប់គ្រងព្រៃឈើ និងធនធានធម្មជាតិ ឈានទៅសម្រេចបានជាប្រទេសអាព្យាក្រឹតកាបូននៅឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំនាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភាជាតិ។ កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយក្នុងវិស័យបរិស្ថាននេះ បានប្រព្រឹត្តទៅនៅក្នុងជំនួបពិភាក្សាសម្តែងការគួរសម និងពិភាក្សាការងាររវាង ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង លោក Osamu Ochiai នាយកមជ្ឈមណ្ឌលស្រាវជ្រាវសង្កេតការណ៍ផែនដីនៃ JAXA នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន។
ជាមួយគ្នានេះ លោក Osamu Ochiai នាយកមជ្ឈមណ្ឌលស្រាវជ្រាវសង្កេតការណ៍ផែនដីនៃ JAXAបានបង្ហាញសមត្ថភាពដ៏ទំនើបរបស់ ក្នុងការប្រមូលទិន្នន័យបរិស្ថានតាមរយៈផ្កាយរណប ដែលរួមមាន ផែនទីជីវម៉ាស (Biomass Map) ជួយឱ្យកម្ពុជាដឹងពីបរិមាណជីវម៉ាស និងកាបូនដែលស្រូបយកបានពីព្រៃឈើ។ ផែនទីព្រៃកោងកាង (Mangrove Map) ដែលអាចជួយតាមដានការប្រែប្រួលផ្ទៃដីព្រៃកោងកាងចាប់ពីឆ្នាំ ១៩៩០ និងផែនទីគម្របដី និងការប្រើប្រាស់ដី (Land Cover/Use Map) ដែលមានកម្រិតច្បាស់ ១០ ម៉ែត្រ អាចកំណត់ប្រភេទដីបានរហូតដល់ទៅ ១៥ប្រភេទ ដូចជាប្រភេទដីទីក្រុង វាលស្រែ ព្រៃឈើ និងវាលស្មៅជាដើម។ លើសពីនេះ ការត្រួតពិនិត្យការបំភាយមេតានពីវាលស្រែ (Methane Emission Monitoring) តាមរយៈការតាមដានកម្រិតទឹកក្នុងវាលស្រែ គឺជាផ្នែកមួយបន្ថែមទៀត ក្នុងការកាត់បន្ថយការបំភាយមេតាន ដែលជាឧស្ម័នផ្ទះកញ្ចក់ដ៏គ្រោះថ្នាក់។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងអំណរគុណដល់ JAXA និងគាំទ្រចំពោះបច្ចេកវិទ្យាផ្កាយរណបជប៉ុន ក្នុងការប្រមូលទិន្នន័យបរិស្ថាន ទុកជាឃ្លាំងទិន្នន័យសម្រាប់ផ្ទៀងផ្ទាត់ជាមួយប្រព័ន្ធផ្កាយរណបនាពេលបច្ចុប្បន្ន។ និងគាំទ្រឱ្យ JAXA ក្លាយជាភ្នាក់ងារផ្ទៀងផ្ទាត់ឥណទានកាបូន នៅតំបន់អាស៊ាន ដើម្បីជួយបញ្ជាក់ពីភាពត្រឹមត្រូវរបស់កម្ពុជា លើការងារផ្ទៀងផ្ទាត់ទិន្នន័យព័ត៌មានរវាង ៦ខែម្តង ឬតិចជាងនេះ នៅក្នុងការពិនិត្យ និងវាយតម្លៃការបាត់បង់ព្រៃឈើ និងការស្រូបយកកាបូន សម្រាប់ព្យាករណ៍លើការដាំដុះឡើងវិញ ឱ្យបានសមស្រប និងសម្រេចបានគោលដៅអព្យាក្រឹតកាបូននៅឆ្នាំ ២០៥០។ ឯកឧត្តមរដ្ឋមន្រ្តីក៏បានផ្តល់អនុសាសន៍ឱ្យ JAXA កំណត់អត្តសញ្ញាណកោះមួយនៅកម្ពុជា និងប្រែក្លាយឱ្យទៅជា កោះអព្យាក្រឹតកាបូនដំបូងគេនៅក្នុងតំបន់អាស៊ាន ដោយ JAXA វាយតម្លៃសមត្ថភាពស្រូបយកកាបូន និងប៉ាន់ប្រមាណលើចំនួនដាំស្តារដើមឈើ បន្ថែម ដើម្បីបង្កើត ទីផ្សារឥណទានកាបូន នៅកម្ពុជា និងពង្រីកកិច្ចសហប្រតិបត្តិការទៅវិស័យសំខាន់ៗផ្សេងទៀតដូចជា ថាមពល ឧស្សាហកម្ម និងការគ្រប់គ្រងសំណល់ជាដើម។
កិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុននេះ នឹងក្លាយជាកម្លាំងចលករដ៏សំខាន់មួយបន្ថែមទៀត ក្នុងការសម្រេចបានស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ ២០៥០ ក៏ដូចជាការប្តេជ្ញារបស់កម្ពុជា រួមចំណែកក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុជាសកល។
គួរបញ្ជាក់ថា ទីភ្នាក់ងារអវកាសជប៉ុន (JAXA) ដែលដឹកនាំដោយលោក Osamu Ochiai នាយកមជ្ឍមណ្ឌលស្រាវជ្រាវអង្កេតព័ត៌មានផែនដី (EORC) និងសមាជិកប្រតិភូ JAXA នៅក្នុងឱកាសសំដែងការគួរសមនេះ ក៏បានធ្វើបទបង្ហាញពី ទិដ្ឋភាពបច្ចេកទេសអំពី វឌ្ឍនភាពការងារនៃកិច្ចសហប្រតិបត្តិការបច្ចេកទេសលើការប្រើប្រាស់បច្ចេកវិទ្យា និងរូបភាពផ្កាយរណប លើការផលិតផែនទីជីវម៉ាសព្រៃឈើ និងកំណត់ទិសដៅ និងផែនការសកម្មភាពក្នុងការអនុវត្តកិច្ចសហប្រតិបត្តិការបន្ត។ បច្ចុប្បន្ននេះទីភ្នាក់ងាររុករកអវកាសជប៉ុន JAXA បានកំពុងតែសហការជាមួយក្រសួងបរិស្ថាន លើការប្រើប្រាស់រូបភាព ផ្កាយរណប និងបច្ចេកវិទ្យារបស់ JAXA លើការផលិតផែនទីជីវម៉ាសព្រៃឈើដែលកិច្ចសហប្រតិបត្តិការនេះមានរយៈពេល ៣ឆ្នាំ (២០២៤-២០២៦)៕






-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត