ព័ត៌មាន
រដ្ឋមន្រី្តសុខាភិបាល បើកកិច្ចប្រជុំពិគ្រោះយោបល់អន្តរជាតិ ក្នុងការបង្កើតផែនការយុទ្ធសាស្រ្តរយៈពេល៥ឆ្នាំ
ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើ្ជញជាអធិបតី ក្នុងពិធីបើកកិច្ចប្រជុំពិគ្រោះយោបល់អន្តរជាតិ ដែលមានការចូលរួមពីសាស្រ្តាចារ្យ អ្នកជំនាញជាតិ និងអន្តរជាតិជាង៤០រូប មកពី៩ប្រទេសផ្សេងគ្នា រយៈពេល២ថ្ងៃ ក្នុងការបង្កើតផែនការយុទ្ធសាស្រ្ត រយៈពេល៥ឆ្នាំ សម្រាប់មជ្ឈមណ្ឌលស្រាវជ្រាវសុខភាពសាកល, នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានសំដែងនូវការថ្លែងអំណរគុណវត្តមានដ៏មានតម្លៃរបស់អ្នកជំនាញជាន់ខ្ពស់ជាតិ និងអន្តរជាតិទាំងអស់ ដែលបានចូលរួមចែករំលែកចំណេះដឹងដ៏សម្បូរបែបរបស់ខ្លួន និងរួមគ្នាបង្កើតឡើងនូវអនាគតមួយដ៏ភ្លឺស្វាង សម្រាប់មជ្ឈមណ្ឌលស្រាវជ្រាវសុខភាពសាកលនេះ ដែលនឹងក្លាយជាផ្នែកមួយ សម្រាប់លើកកម្ពស់សុខភាពប្រជាជននៅកម្ពុជា ក្នុងតំបន់ និងអន្តរជាតិ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានរំលេចអំពីភាពចាំបាច់ នៃការងារស្រាវជ្រាវ នវានុវត្តន៍ ដើម្បីការលើកម្ពស់សុខភាព និងទប់ស្កាត់ការប៉ះពាល់សុខភាព តាមរយៈការគិតគូរ ប្រកបដោយភាពបុរេសកម្ម ការពារ និងទប់ស្កាត់ទាំងជំងឺឆ្លង និងជំងឺមិនឆ្លង។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបង្ហាញពីភាពប្រទាក់ក្រឡាគ្នា លើតម្រូវការចាំបាច់ សម្រាប់ការសិក្សាស្រាវជ្រាវ ទាំងជំងឺមិនឆ្លង និងជំងឺឆ្លង ដោយបង្ហាញនូវបទពិសោធន៍ទំនាក់ទំនងនៃជំងឺកូវីដ-១៩ លើបុគ្គលដែលមានជំងឺរ៉ាំរ៉ៃមួយចំនួនជាដើម។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំដែងនូវការគាំទ្រយ៉ាងមុតមាំ ចំពោះសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដែលមានគំនិតផ្តួចផ្តើមបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវសុខភាពសាកល ដែលជាមណ្ឌលស្រាវជ្រាវជាតិ និងជាចំណែកមួយ នៃការស្រាវជ្រាវសុខភាពសកល ដើម្បីធ្វើឱ្យប្រសើរឡើង ក្នុងវិស័យសុខាភិបាល និងកំណត់អាទិភាពសុខាភិបាលចាំបាច់ ដែលនឹងជាធាតុចូលសម្រាប់ការរៀបចំគោលនយោបាយសុខាភិបាល ឆ្លើយតបនឹងតម្រូវការសុខភាពជាក់ស្តែង។ ឯកឧត្តមសាស្រ្តាចារ្យ បានបង្ហាញនូវក្តីរំពឹងថា មជ្ឈមណ្ឌលស្រាវជ្រាវសុខភាពសកលនេះ ដែលនឹងដើរតួយ៉ាងសំខាន់ ដូចខាងក្រោម៖
១- ជាមជ្ឈមណ្ឌលកណ្តាលមួយ (Hub) សម្រាប់ស្វែងរក និងសំយោគនូវចំណេះដឹងសុខភាពថ្មីៗបំផុតលើសកលលោក សម្រាប់ជួយជាធាតុចូលដ៏សំខាន់ជូនដល់ក្រសួងសុខាភិបាល ក៏ដូចជាអង្គការសុខភាពអន្តរជាតិនានា យកទៅរៀបចំគោលនយោបាយ និងយុទ្ធសាស្រ្ត សម្រាប់ដោះស្រាយបញ្ហាសុខភាពបន្ទាន់ និងចាំបាច់បំផុតរបស់យើង រួមមានទាំង ជំងឺឆ្លង ជំងឺមិនឆ្លង និងការគំរាមកំហែងសុខភាពជាសកល ដែលកំពុងកើតឡើង។
២- ជាមជ្ឈមណ្ឌលប្រមូលផ្តុំ និងកសាងធនធានអ្នកស្រាវជ្រាវជំនាន់ថ្មី ដែលមានពហុជំនាញនិងចេះធ្វើការជាក្រុម ដែលមានកម្រិតស្តង់ដាអន្តរជាតិ តាមរយៈការបណ្តុះបណ្តាលក្នុងពេលបំពេញការងារ ជាប្រចាំដល់អ្នកស្រាវជ្រាវទាំងនោះ ឱ្យអនុវត្តជាក់ស្តែងក្នុងគម្រោងស្រាវជ្រាវផ្សេងៗ ដោយផ្អែកលើគោលការណ៍កិច្ចសហការ និងសហប្រតិបត្តិការជាតិ និងអន្តរជាតិប្រកបដោយនិរន្តរភាព និងចីរភាព។
៣- ជា Platform មួយដែលមានគណនេយ្យភាព និងធានានូវប្រសិទ្ធភាពខ្ពស់ ក្នុងការសម្របសម្រួលជាមួយគ្រប់ដៃគូជាតិ និងអន្តរជាតិ លើការងាររៀបចំ និងដំណើរការការងារស្រាវជ្រាវ និងនវានុវត្តន៍ក្នុងវិស័យសុខាភិបាល តាមរយៈការពង្រឹងភាពជាដៃគូរវាងអង្គភាពបណ្តុះបណ្តាល មន្ទីរពេទ្យជាតិ មូលដ្ឋានសុខាភិបាលថ្នាក់ក្រោមជាតិ វិស័យឯកជន និងដៃគូអន្តរជាតិនានា ដើម្បីបង្កើតជាកម្លាំងរួមបញ្ចូលគ្នា លើកកម្ពស់គុណភាព ប្រសិទ្ធភាពនៃការស្រាវជ្រាវ និងនវានុវត្តន៍។
៤-ជាមជ្ឈមណ្ឌលមួយដែលស្វែងយល់ពីសក្តានុពលនៃសុខភាពឌីជីថល និងបច្ចេកវិទ្យាទំនើបថ្មីៗ និងចាប់យកសក្តានុពលទាំងឡាយនៃការវិវឌ្ឍទាំងនោះឱ្យអស់លទ្ធភាព ដើម្បីជួយរៀបចំជាគំរូដើម (Prototype) ជូនដល់ក្រសួងសុខាភិបាល ក្នុងទិសដៅ ដើម្បីពង្រឹង និងពង្រីកការផ្តល់សេវាបម្រើសុខភាពជូនដល់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងសមធម៌ ដោយមិនទុកចោលប្រជាពលរដ្ឋណាម្នាក់ មិនទទួលបានសេវាសុខាភិបាលឡើយ។
បន្ថែមពីនេះ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានផ្តល់អនុសាសន៍បន្ថែម ដល់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដោយ ១) បន្តអនុវត្តការងារប្រកបដោយភាពនវានុវត្តន៍ ព្រោះនវានុវត្តន៍ នឹងមិនមានទីបញ្ចប់ទេ ២) បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិទាំងអស់ ដើម្បីកៀងគរធនធាន ទាំងថវិកា និងជំនួយបច្ចេកទេស ដើម្បីពង្រឹងបន្ថែមការងារបណ្តុះបណ្តាល និងការងារស្រាវជ្រាវរបស់សាកលវិទ្យាល័យ ៣) ពង្រឹងការងារស្រាវជ្រាវ ឆ្លើយតបនឹងតម្រូវការសុខភាពនៃប្រទេសកម្ពុជា តំបន់ និងសាកលលោក ដោយគោរពក្រមសីលធម៌ស្រាវជ្រាវ ព្រមទាំងត្រូវមានតម្លាភាព និងនិរន្តរភាព៕
អត្ថបទ រដ្ឋា















-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន7 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 day agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ