ព័ត៌មាន
សម្តេចប្រធានរដ្ឋសភាកម្ពុជា ស្រក់ទឹកភ្នែកអាណិតពលរដ្ឋខ្លួន នៅពេលលើកឡើងពីការឈ្លានពានដ៏ឃោរឃៅរបស់យោធាថៃលើបូរណភាពទឹកដីកម្ពុជា ក្នុងកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីលើកទី១៥ ដែលមានប្រធានសភាជាស្រ្តីមកពី ៣០ប្រទេស ចូលរួមនៅទីក្រុងហ្សឺណែវ
នៅចំពោះមុខគណៈប្រតិភូ ដែលជាប្រធានសភាជាស្រ្តីក្នុងពិភពលោកចំនួន៣០ប្រទេសចូលរួម សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានស្រក់ទឹកភ្នែក អាណិតប្រជាពលរដ្ឋខ្មែរ ពិសេសស្រ្តីនិងកុមារ ដែលជាជនស្លូតត្រង់ បានរងគ្រោះយ៉ាងធ្ងន់ធ្ងរ ពីការវាយប្រហារដោយអាវុធធុនធ្ងន់ យ៉ាងឃោរឃៅពីការឈ្លានពានរបស់ប្រទេសថៃមកលើដែនធិបតេយ្យកម្ពុជានៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។
ក្នុងបទអន្តរាគមន៍ នៅក្នុងកិច្ចប្រជុំកំពូលប្រធានសភាស្រ្តីលើកទី១៥ (15 SWSP) ក្រោមមូលបទ«ការដឹកនាំដើម្បីសន្តិភាពរួម និងមានចីរភាព» សម្តេចប្រធានរដ្ឋសភាកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជាសូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានយ៉ាងគឃ្លើនរបស់យោធាថៃមកលើដែនអធិបតេយ្យភាពកម្ពុជា ដែលជាការរំលោភទាំងស្រុងលើធម្មនុញ្ញអង្គការសហប្រជាជាតិ ដោយបានរំលោភទៅលើអធិបតេយ្យភាព និងបូរណភាពទឹកដី នៃរដ្ឋធិបតេយ្យមួយ។ អំពើព្រៃផ្សៃនោះ បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ពលរដ្ឋស្លូតត្រង់ ពិសេសស្រ្តីនិងកុមារ ដែលជាជនងាយរងគ្រោះ។ ក្នុងទង្វើឈ្លានពាននេះ យោធាថៃបានប្រើប្រាស់គ្រាប់បែកចង្កោម អាវុធគីមី យន្តហោះចម្បាំងដ៏មានអំណាច F-16 ដ្រូន និងគ្រឿងសព្វាវុធធុនធ្ងន់ជាច្រើន ដែលបានសម្លាប់ប្រជាជនស្លូតត្រង់ និងធ្វើឱ្យពលរដ្ឋកម្ពុជារាប់សែននាក់ត្រូវបាត់បង់ទីជម្រក និងជីវភាពរស់នៅប្រចាំថ្ងៃ ហើយមន្ទីរពេទ្យ សាលារៀន ហេដ្ឋារចនាសម្ព័ន្ធដ៏ទៃផ្សេងទៀត ទទួលរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ។
“យើងសូមអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ ដើម្បីការពារជនស៊ីវិល ពិសេសស្រ្តី និងកុមារ ដើម្បីចៀសផុតពីការឈឺចាប់នេះបន្តទៀត។ បន្ថែមពីនេះ យើងត្រូវពង្រឹងតួនាទីរបស់ស្រ្តីក្នុងការស្វែងរកដំណោះស្រាយចំពោះជម្លោះដែលកំពុងកើតមាននេះ“។
នៅក្នុងកិច្ចប្រជុំដែលមានប្រធានសភាជាស្រ្តីមកពី៣០ប្រទេស សម្តេចរដ្ឋសភាបានសង្កត់ធ្ងន់ថា” យើងត្រូវតែបញ្ឈប់នូវការរំលោភលើច្បាប់អន្តរជាតិ និងសូមអញ្ជើញអ្នកសង្កេតការណ៍អន្តរជាតិដើម្បីស្វែងរកការពិត និងត្រូវស្វែងរកដំណោះស្រាយតាមរយៈតុលាការអន្តរជាតិ”។
សម្តេចមានប្រសាសន៍បន្តថា ពិភពលោកបច្ចុប្បន្ន កំពុងស្ថិតនៅចំណុចរបត់ដ៏សំខាន់មួយ។ យើងប្រឈមទៅនឹងជម្រើសមួយដ៏លំបាក៖ ត្រូវការសន្តិភាព ឬសង្រ្គាម? តើត្រូវគោរពច្បាប់អន្តរជាតិ ឬបណ្តោយឱ្យមានការធ្លាក់ចុះ? តើយើងត្រូវការនូវ វិបុលភាពរួម ឬ ការគិតបំផ្លិចបំផ្លាញដោយមានអ្នកឈ្នះ និងអ្នកចាញ់? ។
សន្ទរកថាសម្តេចប្រធានរដ្ឋសភាកម្ពុជា បានទទួលការចាប់អារម្មណ៍ជាខ្លំាងពីកិច្ចប្រជុំ។កិច្ចប្រជុំបានស្តាប់ដោយការយកចិត្តទុកដាក់ពីការរៀបរាប់របស់សម្តេចប្រធានរដ្ឋសភា។ សម្តេចបានបន្តថា ការចុះខ្សោយនៃអភិបាលកិច្ចសកល និងការមិនគោរពច្បាប់អន្តរជាតិ បានគម្រាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅទូទាំងពិភពលោក។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បញ្ជាក់ថា“យើងចាំបាច់ត្រូវឈរជាមួយគ្នាឱ្យរឹងមាំក្នុងការការពារច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងប្រព័ន្ធពហុភាគីនិយម ដែលទាំងអស់នេះជាមូលដ្ឋានគ្រឹះនៃសន្តិភាព”៕








-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន7 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 day agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ