ព័ត៌មាន
មុខទំនិញដែលមានដើមកំណើតនៅអាម៉េរិក និងនាំចូលមកកម្ពុជា ពីអាម៉េរិកត្រូវបានអនុញ្ញាត ក្នុងអត្រាពន្ធគយ ០%
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា គិតចាប់ពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥តទៅ ចំពោះមុខទំនិញដែលមានដើមកំណើតនៅសហរដ្ឋអាម៉េរិក និងនាំចូលមកព្រះរាជាណាចក្រកម្ពុជា ពីសហរដ្ឋអាម៉េរិក ត្រូវបានអនុវត្តអត្រាពន្ធគយ ០% រហូតដល់មានការណែនាំសារជាថ្មី។
ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យលេខ ១៣៩ អនក្រ.បក ចុះថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ស្តីពីការដាក់ឱ្យអនុវត្តអត្រាពន្ធគយលើទំនិញនាំចូលពីសហរដ្ឋអាម៉េរិក កាលពីរសៀលថ្ងៃទី៨ ខែសីហាកន្លងទៅ បានបញ្ជាក់ជូនអង្គប្រជុំនូវខ្លឹមសារសំខាន់ៗ នៃអនុក្រឹត្យ និងប្រកាសរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការអនុវត្តអត្រាពន្ធគយលើទំនិញនាំចូលពីសហរដ្ឋអាម៉េរិក រួមមាន៖ ទំនិញដែលអាចទទួលបានអត្រាពន្ធគយ ០ % នេះ គឺជាទំនិញផលិតនៅសហរដ្ឋអាម៉េរិក ហើយត្រូវបាននាំចូលមកព្រះរាជាណាចក្រកម្ពុជា ពីសហរដ្ឋអាម៉េរិក។ ទោះជាយ៉ាងណាក៏ដោយ ទំនិញប្រើរួច ពុំស្ថិតក្នុងវិសាលភាពនៃការអនុវត្តអត្រាពន្ធគយ ០% នេះឡើយ ហើយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នឹងកំណត់និយមន័យសម្រាប់ទំនិញប្រើរួច។
ឯកឧត្តមបណ្ឌិត បានរៀបរាប់បន្តថា ចំពោះយានយន្តផលិតនៅសហរដ្ឋអាម៉េរិកនិងនាំចូលពីសហរដ្ឋអាម៉េរិក ដែលអាចទទួលបាននូវអត្រាពន្ធគយ ០% គឺសំដៅលើយានយន្តដែលប្រើប្រាស់មិនលើសពី ៥ ០០០គីឡូម៉ែត្រ និងមានឆ្នាំម៉ូដែលមិនលើសពី ១ឆ្នាំ មុនឆ្នាំចរន្ត។ ទំនិញដែលអាចទទួលបានអត្រាពន្ធគយ ០%នេះ ជាទំនិញនាំចូលមកព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ទុកចូលក្នុងមធ្យោបាយដឹកជញ្ជូននៅសហរដ្ឋអាម៉េរិកចាប់ពីពេលនេះតទៅ។ ការអនុវត្តអត្រាពន្ធគយ ០% នេះពុំតម្រូវឱ្យមានវិញ្ញាបនបត្របញ្ជាក់ដើមកំណើតពីសហរដ្ឋអាម៉េរិកឡើយ ដោយគ្រាន់តែតម្រូវឱ្យអ្នកនាំចូលធ្វើការប្រកាសដើមកំណើតទំនិញតាមទម្រង់ និងនីតិវិធីដែលកំណត់ដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។
ពាក់ព័ន្ធការងារនេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នឹងផ្សព្វផ្សាយសេចក្ដីណែនាំស្ដីពីនីតិវិធីលម្អិតដើម្បីអនុវត្តតាមខ្លឹមសារអនុក្រឹត្យ និងប្រកាសរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដូចខាងលើ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ខាងមុខនេះ។
សូមជំរាបជូនថា កិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការដាក់ឱ្យអនុវត្តអត្រាពន្ធគយលើទំនិញនាំចូលពីសហរដ្ឋអាម៉េរិកនេះ មានការចូលរួមពីតំណាងសភាពាណិជ្ជកម្មកម្ពុជា សមាគមធុរកិច្ច តំណាងក្រុមហ៊ុននាំចេញ-នាំចូល ជើងសាគយព្រមទាំងភាគីពាក់ព័ន្ធនានាសរុបប្រមាណ ២០០រូប។ កិច្ចប្រជុំផ្សព្វផ្សាយនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយនិងបញ្ជ្រាបការយល់ដឹងពាក់ព័ន្ធនឹងការអនុវត្តអត្រាពន្ធគយ ០% ចំពោះមុខទំនិញដែលមានដើមកំណើតនៅសហរដ្ឋអាម៉េរិក និងនាំចូលមកព្រះរាជាណាចក្រកម្ពុជា ពីសហរដ្ឋអាម៉េរិក៕អត្ថបទ៖ ឈិត បូរ៉ាវី








-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន5 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន4 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង