ព័ត៌មាន
កិច្ចប្រជុំប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៦ បានចាប់ផ្តើមជាផ្លូវការនារសៀលថ្ងៃទី២០សីហានេះ
នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៦ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។
កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ស្ដីពីការកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតផលស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប អាណត្តិទី៤ លើកទី១នេះ មានការអញ្ញើញចូលរួមពីត្រីភាគី រួមមាន៖ ភាគីសហជីព តំណាងឲ្យកម្មករនិយោជិត ភាគីនិយោជក និងភាគីរដ្ឋាភិបាល ក្នុងគោលបំណងដើម្បីចរចាកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៦។
នៅក្នុងពិធីបើកកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានមានប្រសាសន៍ថា យោងទៅតាមច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ការចរចាប្រាក់ឈ្នួលអប្បបរមាគឺចាប់ផ្តើមនៅត្រីមាសទី៣ ហើយជារៀងរាល់ឆ្នាំគឺបានដំណើរការយ៉ាងទៀងទាត់ ទោះបីជាក្នុងអំឡុងពេលមានវិបត្តិកូវីដ១៩ ក៏ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានដំណើរការ ហើយបានផ្តើមជាការចរចា។
ឯកឧត្តម បានបន្តថា ភាគីរដ្ឋាភិបាលបានដើរតួសំខាន់នៅក្នុងការធ្វើជាអ្នកសម្របសម្រួលដល់ភាគីទាំងពីរ គឺភាគីនិយោជក និងភាគីសហជីពតំណាងកម្មករនិយោជិត ដែលជាអ្នកស្នើរសុំ និងជាអ្នកដែលផ្តល់ជូន ខណៈភាគីរាជរដ្ឋាភិបាល គឺរង់ចាំសម្របសម្រួល និងស្តាប់នូវសំណើររបស់ភាគីទាំងសងខាង ដើម្បីធ្វើម៉េចឱ្យសំណើរភាគីទាំងពីរបានខិតជិតទៅរកគ្នា។
ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ថា ការតម្លើងប្រាក់ឈ្នួលអប្បបរមា គឺឈរលើគោលការណ៍លក្ខណវិនិច្ឆ័យចំនួន២ ទី១ គឺបែបសង្គម ដែលផ្តោតទៅលើស្ថានភាពគ្រួសារ អាត្រាអតិផរណា និងការចំណាយក្នុងការរស់នៅ និងទី២.តាមបែបសេដ្ឋកិច្ច ដែលផ្តោតសំខាន់ទៅលើផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ ក៏ដូចជាបន្ទាត់ភាពក្រីក្រ សម្រាប់ធ្វើជាមូលដ្ឋានក្នុងការពិភាក្សាប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា។
គិតត្រឹមឆ្នាំ២០២៥នេះ ប្រាក់ឈ្នួលអប្បរមារបស់កម្មករនិយោជិត មានចំនួន ២០៨ ដុល្លារអាមេរិក ក្នុងមួយខែៗ។ សព្វថ្ងៃនេះ ក្រៅពីប្រាក់ឈ្នួលអប្បបរមា កម្មករនិយោជិតទទួលបានបន្ថែមនូវប្រាក់ប្រយោជន៍ផ្សេងៗទៀត ដូចជារង្វាន់ធ្វើការទៀងទាត់ ,ប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅ , ប្រាក់រង្វាន់អតីតភាពការងារ , ថ្លៃបាយធ្វើការថែមម៉ោង និងប្រាក់ឈ្នួលធ្វើការថែមម៉ោងជាមធ្យម។ ក្រៅពីនេះ កម្មករនិយោជិត ក៏ទទួលបានផលប្រយោជន៍ពីកម្មវិធីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ផងដែរ ក្នុងករណីជាសមាជិក ប.ស.ស ដូចជា ផ្នែកថែទាំសុខភាពនិងគ្រោះថ្នាក់ការងារ និងរបបប្រាក់សោធនជាដើម៕ អត្ថបទ៖ ឈិត បូរ៉ាវី


-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន5 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន5 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង