ព័ត៌មាន
ត្រឹមថ្ងៃទី១៨សីហានេះសមត្ថកិច្ចបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបាន៧២ទីតាំងឃាត់ជនសង្ស័យ ៣,១៧០នាក់បញ្ចូនមេខ្លោង៦៦នាក់ទៅតុលាការ និងនិរទេសចេញពីកម្ពុជាជាង ២,៤៥០នាក់
ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ នេះ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រោមការចង្អុលបង្ហាញពីគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហៅកាត់ថា គ.ប. ឆ.ប. (ONLINE SCAMS) បានចាត់វិធានការបង្រ្កាបតាមគោលដៅចំនួន ៧២ ទីតាំង ក្នុង១៨ រាជធានី ខេត្ត ដោយបានឃាត់ខ្លួនជនសង្ស័យសរុបចំនួនប្រមាណ ៣,១៧០នាក់ មាន១៩សញ្ជាតិ។ ក្នុងយុទ្ធនាការបង្ក្រាបសកម្មភាពឆបោកអនឡាញក្នុងនោះដែរ សមត្ថកិច្ចបានចាត់វិធានការបញ្ជូនមុខសញ្ញាសង្ស័យជាមេខ្លោងចំនួន៦៦នាក់ និងបក្ខពួករបស់ពួកគេទៅតុលាការដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន ខណៈជនបរទេសពាក់ព័ន្ធការឆបោកអនឡាញចំនួនសរុបប្រមាណជាង ២,៤៥០ នាក់ និរទេសចេញពីកម្ពុជា។
យោងតាម លទ្ធផលប្រតិបត្តិការបង្ក្រាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ទូទាំងព្រះរាជាណាចក្រកម្ពុជា បង្ហាញដោយ លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥នេះបានឱ្យដឹងថា៖ ក្នុងប្រតិបត្តិការបោសសម្អាតអំពើឆបោកអនឡាញនៅខេត្តកំពតកាលពីពេលថ្មីៗនេះ សមត្ថកិច្ចបានបង្រ្កាបនិងឃាត់ខ្លួនមេខ្លោងចំនួន ១៤ នាក់ ដែលពាក់ព័ន្ធនឹងករណីឆបោកអនឡាញ អំពើឃាតកម្ម និងការជួញដូរមនុស្ស ដែលវាបានក្លាយជាប្រតិបត្តិការបង្រ្កាបទ្រង់ទ្រាយធំមួយក្នុងចំណោមប្រតិបត្តិការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមអ៊ីនធឺណិត ក្នុងរយៈពេលប្រមាណ៦០ថ្ងៃ គិតចាប់ពីខែមិថុនា ដល់ពាក់កណ្តាលខែសីហា ឆ្នាំ២០២៥ នេះ ក្នុងនោះសមត្ថកិច្ចក៏បានជួយសង្រ្គោះជនរងគ្រោះដោយអំពើជួញដូរ និងបានបំបែកបណ្តាញឧក្រិដ្ឋជនឆបោក និងសំបុកនៃការជួញដូរមនុស្ស។
គួររំលឹកផងដែរថា ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ យុទ្ធនាការបង្រ្កាបរបស់រាជារដ្ឋាភិបាលកម្ពុជា ដោយក្រសួង ស្ថាប័ន គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ ជាសេនាធិការរបស់រាជរដ្ឋាភិបាល បានបង្រ្កាបក្រុមឧក្រិដ្ឋជនឆបោកអនឡាញ និងអំពើល្មើសពាក់ព័ន្ធ សរុបប្រមាណជាង ២៤,០០០ (ជាងពីរមឺុន ៤ពាន់) ក្នុងនោះជនបរទេសចំនួន២៣,៩៩០ នាក់ត្រូវបាននិរទេសចេញពីកម្ពុជា។ ជាមួយគ្នានេះ សមត្ថកិច្ចបានជួយសង្រ្គោះជនរងគ្រោះពីអំពើជួញដូរ និងអំពើឆបោកអនឡាញ សរុបចំនួនប្រមាណជាង ៤,៨០០នាក់ មាន ២៧សញ្ជាតិ។
សូមរំលឹកបន្ថែមដែរថាក្រោយការបង្កើតគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) កម្ពុជាបានផ្តោតលើការស្រាវជ្រាវ ស៊ើបអង្កេត បង្រ្កាប និងបោសសម្អាត ព្រមទាំងចាត់វិធានការច្បាប់លើជនសង្ស័យ ដោយទទួលបានលទ្ធផលជាបន្តបន្ទាប់ ដោយមានការចូលរួមពីក្រសួង ស្ថាប័ន គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។
ក្នុងក្របខណ្ឌនៃកិច្ចខិតខំទាំងនេះ កិច្ចសហប្រតិបត្តិការអន្តរជាតិមានសារៈសំខាន់ រួមចំណែកដល់កិច្ចប្រឹងប្រែងរួមគ្នា ដើម្បីប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបាននិងកំពុងកើតមានឡើងក្នុងប្រទេសជាច្រើន។ សូមបញ្ជាក់ថា ក្នុងការអនុវត្តយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះនឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរឹងបំផុតចំពោះមេខ្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ៕












-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន5 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន5 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង