ព័ត៌មាន
ដំរីញីឈ្មោះ «ឡាក់គី» នៅភ្នំតាម៉ៅ បានស្លាប់នៅព្រឹកថ្ងៃអាទិត្យនេះបន្ទាប់ពីធ្លាក់ខ្លួនឈឺភ្លាមៗកាលពីល្ងាចថ្ងៃសុក្រ
ភ្នំពេញ៖ រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានសេចក្ដីក្រៀមក្រំ និងសូមជម្រាបជូនដំណឹងដល់សាធារណជន អំពីការស្លាប់ដំរីញីជាទីស្រឡាញ់ឈ្មោះ«ឡាក់គី» នៅព្រឹកថ្ងៃអាទិត្យ ទី២៤ ខែសីហា បន្ទាប់ពីធ្លាក់ខ្លួនឈឺភ្លាមៗកាលពីល្ងាចថ្ងៃសុក្រនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
សេចក្ដីប្រកាសបានឱ្យដឹងថា ក្រុមពេទ្យសត្វរបស់យើងបានផ្តល់ការព្យាបាលយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុត ប៉ុន្តែទោះបីជាបានប្រឹងប្រែងព្យាយាមអស់ពីសមត្ថភាពក៏ដោយ ក៏នៅតែមិនអាចជួយសង្គ្រោះជីវិតរបស់ឡាក់គីបាន។ លោកទ្រី ស៊ីថេង ដែលជាហ្មរបស់ឡាក់គី បានបន្តជួយថែទាំ «ឡាក់គី» បើទោះបីជាបានចាកចេញពី Wildlife Alliance ហើយក៏មានវត្តមាននៅជាប់ជាមួយឡាក់គី នៅពេលមានអាការៈជំងឺផងដែរ។
ក្នុងឱកាសនេះ រដ្ឋបាលព្រៃឈើសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់របស់ក្រុមអ្នកថែទាំ ពេទ្យសត្វ និងបុគ្គលិកទាំងអស់នៅមជ្ឈមណ្ឌលភ្នំតាម៉ៅ ជាពិសេស លោក ទ្រី ស៊ីថេង ដែលប្រៀបដូចជាឪពុកដែលបានផ្តល់ក្តីស្រឡាញ់និងការថែទាំ«ឡាក់គី» ប្រកបដោយវិជ្ជាជីវៈយ៉ាងខ្ជាប់ខ្ជួនពេញមួយជីវិត។ យើងខ្ញុំទាំងអស់គ្នាក៏សូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមហ្មថែទាំដំរី ព្រមទាំងបងប្អូនប្រជាពលរដ្ឋ និងអ្នកស្រឡាញ់ដំរី«ឡាក់គី» ទាំងអស់ ចំពោះការបាត់បង់ដំរីដែលជានិមិត្តរូបមួយដ៏សំខាន់នៃមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ។
សូមបញ្ជាក់ថា សម្រាប់រយៈពេលជាង ២៦ឆ្នាំនៃការចិញ្ចឹមបីបាច់ថែរក្សានៅក្នុងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដំរី «ឡាក់គី» បានវិវត្តពីកូនដំរីតូចមួយ ទៅជានិមិត្តរូបនៃភាពអង់អាច ភាពទន់ភ្លន់ និងបានបំផុសគំនិតឱ្យសាធារណជនមានការស្រឡាញ់ និងការលើកកម្ពស់ការយល់ដឹងអំពីសុខុមាលភាពដំរី និងការអភិរក្សសត្វព្រៃ។
រដ្ឋបាលព្រៃឈើនៅតែបន្តប្តេជ្ញាការពារ និងថែរក្សាសត្វព្រៃនៅកម្ពុជា និងសូមអំពាវនាវដល់សាធារណជនទាំងអស់ បន្តចូលរួមគាំទ្រកិច្ចការអភិរក្សសត្វព្រៃ និងការងារថែទាំសត្វនៅមជ្ឈមណ្ឌលភ្នំតាម៉ៅ ដើម្បីជំរុញការយកចិត្តទុកដាក់លើធនធានសត្វព្រៃរបស់យើង ឱ្យបានដូចដំរី«ឡាក់គី»ក្នុងពេលកន្លងមក៕




-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន6 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន6 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន6 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន5 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន6 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង