ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ស្ពានភ្នំក្រវាញ និងផ្លូវកៅស៊ូក្នុងខេត្តពោធិ៍សាត់
កាលពីរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយថ្នាក់ដឹកនាំ មន្រ្ដីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានអញ្ជើញទៅពិនិត្យវឌ្ឍនភាពនៃការសាងសង់ផ្លូវជនបទ ចំនួន១ខ្សែ ស្ថិតនៅក្នុងឃុំតាលោ ស្រុកតាលោសែនជ័យ និងកាដ្ឋានសាងសង់ស្ពានបេតុងមួយកន្លែងស្ថិតក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ខ្សែផ្លូវទី១ នេះមានឈ្មោះ ព្រៃវាំង-ដំណាក់ទ្រព្យ មានប្រវែងសរុប ៨,៣៥គ.ម. ទទឹងប្រវែង ៦ម៉ែត្រ ចិញ្ចើមសងខាងប្រវែង ១ម៉ែត្រ ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ៨ គ.ម និងក្រាលបេតុង (RC) ០,៣៦គ.ម មានសំណង់សិល្បការ្យជាលូប្រអប់ចំនួន ២កន្លែង លូមូលចំនួន ១៧ កន្លែង តភ្ជាប់ពីភូមិបួជ្រេស ទៅដល់ភូមិថ្មី ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ វឌ្ឍនភាពសម្រេចលទ្ធផលបាន ៩៥% ដោយមានប្រជាពលរដ្ឋដែលជាអ្នកទទួលផលដោយផ្ទាល់ចំនួន ១ ០៩៦គ្រួសារ ស្មើនឹង ៤ ៦៤២ នាក់ និងទទួលផលប្រយោជន៍ដោយប្រយោលចំនួន ៥ ២៣០គ្រួសារ ស្មើនឹង ២៣ ១៦៧នាក់។ ខ្សែផ្លូវនេះស្ថិតក្នុងក្របខ័ណ្ឌគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) ។

បន្ទាប់ពីបានពិនិត្យវឌ្ឍនភាពសាងសង់ផ្លូវខាងលើរួចមក ឯកឧត្តមរដ្ឋមន្ត្រី និងប្រតិភូរួមដំណើរ បានអញ្ជើញទៅពិនិត្យវឌ្ឍនភាពនៃការសាងសង់ស្ពានបេតុងថ្មីមួយកន្លែងឆ្លងកាត់ស្ទឹងពោធិ៍សាត់ ដែលតភ្ជាប់ពី ភូមិបោះពួយ ឃុំលាច ទៅកាន់ភូមិព្រែកបី ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ មានប្រវែង ១៤៤ម៉ែត្រ ទទឹង ១០ម៉ែត្រ អនុវត្តដោយកងវិស្វកម្ម ក្រសួងការពារជាតិ បច្ចុប្បន្នសម្រេចបានប្រមាណ ១៧% ដែលនឹងត្រូវជំនួសស្ពានដែកបេឡេតិ៍ចាស់ទ្រុឌទ្រោមប្រវែង ១៣៨ម៉ែត្រ ទទឹង ៤ម៉ែត្រ ដែលរងការខូចខាតយ៉ាងខ្លាំងនៅផ្នែកសសរគ្រឹះខាងក្រោមដែលអាចបង្កជាគ្រោះថ្នាក់ជាយថាហេតុ ។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ដ្រី បានសម្រេចឱ្យក្រសួងអភិវឌ្ឍន៍ជនបទ ធ្វើការសាងសង់ស្ពានបេតុងថ្មីជូនប្រជាពលរដ្ឋប្រើប្រាស់ជំនួស។

នាឱកាសនៃការអញ្ជើញចុះត្រួតពិនិត្យកាដ្ឋានសាងសង់ផ្លូវ និងស្ពានទាំងពីរកន្លែងនោះ អាជ្ញាធរ ប្រជាពលរដ្ឋនៅក្នុងស្រុកតាលោសែនជ័យ និងស្រុកភ្នំក្រវាញ បានសម្ដែងនូវសេចក្ដីសាទររីករាយ ដោយទទួលបានសមិទ្ធិផលថ្មីគឺផ្លូវក្រាលកៅស៊ូមួយខ្សែ និង ស្ពានបេតុងថ្មី និងថ្លែងអំណរគុណជាពន់ពេកចំពោះរាជរដ្ឋាភិបាល ដែលជានិច្ចការតែងតែយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងបានដោះស្រាយការលំបាកឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ បានគ្រប់កាលៈទេសៈ៕











-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន6 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន6 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន6 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន5 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន6 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង