ព័ត៌មាន
ក្រុមអ្នកសង្កេតការណ៍អន្ដរកាល IOT ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ីចុះពិនិត្យជាក់ស្ដែងនៅភូមិជោគជ័យ ចំណុចទាហានថៃរាយបន្លាលួស
បន្ទាយមានជ័យ៖ ក្រុមអ្នកសង្កេតការណ៍អន្ដរកាល (IOT) ចំនួន៥ប្រទេស ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំប្រទេសកម្ពុជា នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥នេះ បានចុះទៅពិនិត្យជាក់ស្ដែងនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ទីដែលកម្លាំងទាហានថៃ បានចូលមកឡោមព័ទ្ធ និងរាយលួសបន្លាយកដី ព្រមទាំងផ្ទះប្រជាពលរដ្ឋកម្ពុជាជាច្រើនគ្រួសារ។
ក្នុងពេលចុះពិនិត្យជាក់ស្ដែង នៅទីតាំងដែលទាហានថៃរាយលួសបន្លាយកដី និងផ្ទះប្រជាពលរដ្ឋកម្ពុជានោះ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងយោធភូមិភាគទី៥ បានធ្វើការពន្យល់ និងរៀបរាប់បញ្ជាក់លម្អិតអំពីបញ្ហាដែលបានកើតឡើង ដែលបង្កដោយក្រុមទាហានថៃ មកលើប្រជាពលរដ្ឋកម្ពុជា រហូតធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាខឹងសម្បា និងផ្ទុះការតវ៉ាទៅកាន់ក្រុមទាហានថៃ។
នៅរសៀលថ្ងៃទី២៦ ខែសីហា ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) បានចុះទីតាំងជាក់ស្តែងដើម្បីសង្កេត ផ្ទៀងផ្ទាត់ និងរាយការណ៍ នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ បន្ទាប់មកក្រុមការងារបន្តចុះទៅដល់ទីតាំងជាក់ស្តែងដើម្បីសង្កេត ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែន ត្រង់ចំណុចបណ្តោយព្រំដែនលេខ៤៧ នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យផងដែរ។
សូមបញ្ជាក់ថា កងកម្លាំងយោធាថៃ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នៅវេលាម៉ោង១៤៖២០នាទី បានចូលមករាយលួសបន្លា នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលមានភូមិសាស្ដ្រទល់មុខភូមិណងចាន់ ឃុំខកសុខ ខេត្តស្រះកែវ ប្រទេសថៃ។ បន្ទាប់មកនៅវេលាម៉ោង១៥៖១៤នាទីរសៀល កងកម្លាំងថៃ បានធ្វើសកម្មភាពជាថ្មីបម្រុងយកបន្លាលួសមករាយម្ដងទៀត ហើយក៏ត្រូវបានប្រជាពលរដ្ឋដែលជាម្ចាស់ដី និងប្រជាពលរដ្ឋផ្សេងៗទៀត ធ្វើការទប់ស្កាត់យ៉ាងខ្លាំងក្លា រហូតដល់កងកម្លាំងថៃ យកបន្លាលួសរបស់ខ្លួនចូលត្រឡប់ទៅវិញ។
លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥នេះ បានលើកឡើងថា សកម្មភាពរបស់ប្រជាពលរដ្ឋកម្ពុជាដែលចេញតវ៉ាប្រឆាំងនឹងការរាយបន្លាលួសរបស់កងកម្លាំងយោធាថៃ ក្នុងភូមិសាស្ដ្រភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កើតឡើងដោយតែឆន្ទៈស្រលាញ់ទឹកដី និងការពារកម្មសិទ្ទិស្របច្បាប់របស់ពួកគាត់៕











-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន6 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន6 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន6 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន5 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន6 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង