ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ជំរុញឱ្យសហគ្រាសចាប់យកសេដ្ឋកិច្ចឌីជីថល ដើម្បីរួមចំណែកនៅឆ្នាំ២០២៩
ភ្នំពេញ ៖ ឯកឧត្តម ហែម វណ្ណឌី ជំរុញឱ្យសហគ្រាសត្រៀមរៀបចំខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល លើកកម្ពស់ការស្រាវជ្រាវ និងនវានុវត្តន៍ ក៏ដូចជាការគ្រប់គ្រង និងកាត់បន្ថយនូវហានិភ័យ ដែលអាចកើតឡើងជាយថាហេតុ ដើម្បីរួមចំណែកគាំទ្រដល់ដំណើរចាកចេញរបស់ កម្ពុជាពីឋានៈក្រុមប្រទេសមានការអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុងកម្មពិធីបិទ បញ្ចប់គម្រោងពង្រឹងរចនាសម្ព័ន្ធ សម្រាប់ការលើកកម្ពស់សហគ្រាសធុនតូច និងមធ្យម ក្នុងតំបន់អាស៊ាន (ASEAN-SME) នៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២៥ នេះថា ការពង្រឹងរចនាសម្ព័ន្ធតំបន់ ដើម្បីជំរុញសហគ្រាសធុនតូច និងមធ្យមអាស៊ាន គឺជាគម្រោងដ៏មាន សារៈប្រយោជន៍ គាំទ្រដល់ការផ្សាភ្ជាប់បណ្តាសហគ្រាសធុនតូច និងមធ្យម ឱ្យទទួលបានសេវាគាំទ្រការផ្តល់ព័ត៌មានអាជីវកម្ម ប្រឹក្សាយោបល់ ផ្គូផ្គងអាជីវកម្មតាមថ្នាលព័ត៌មានប្រចាំតំបន់ ហៅថា ASEAN ACCESS និងថ្នាលព័ត៌មានជាតិហៅថា KhmerSME។
ឯកឧត្តមរដ្ឋមន្ត្រី លើកឡើងបន្ថែមថា បញ្ហានេះក្រសួងបានយកចិត្តទុកដាក់លើកកម្ពស់សហគ្រិនភាព និងការអភិវឌ្ឍ សហគ្រាសធុនមីក្រូ តូច និងមធ្យម ការងារអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងការបង្កើតការងារសមរម្យ ការតម្រង់ទិសរួម ជាមួយការ បង្កើតនិងកែសម្រួលក្របខណ្ឌគតិយុត្ត និងបទប្បញ្ញត្តិគាំទ្រពាក់ព័ន្ធនានា ដែលធានាបរិបទមួយឆ្ពោះទៅមុខប្រកបដោយនិរន្តរភាព មានលក្ខណៈចម្រុះ មានការទទួលខុសត្រូវខាងបរិស្ថាន និងសង្គមខ្ពស់ ហើយពង្រីកបាននូវអន្តរកម្មសេដ្ឋកិច្ច រវាងផ្នែកកម្មន្តសាល ជាមួយវិស័យកសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ដើម្បីជំរុញសមាហរណកម្មសេដ្ឋកិច្ច ខ្សែច្រវាក់តម្លៃ និងភាពប្រកួតប្រជែង របស់កម្ពុជានៅក្នុងតំបន់ និងពិភពលោក។
ឯកឧត្តម គូសបញ្ជាក់ថា ថ្នាលព័ត៌មានថ្នាក់តំបន់ Asean Access និងថ្នាលព័ត៌មានថ្នាក់ជាតិ KhmerSME គឺជាសក្ខីភាព បញ្ជាក់យ៉ាងច្បាស់ ពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង លើការទទួលបានព័ត៌មានសម្រាប់ SME នៅកម្ពុជា និងក្នុងតំបន់ តាមរយៈការ យកចិត្តទុកដាក់ពីសារៈសំខាន់ ក្នុងការផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយ មានទំនុកចិត្ត និងអាចជឿជាក់បាន ខណៈដែលសហគ្រាសធុន មីក្រូ តូច និងមធ្យម នៅប្រទេសកម្ពុជា ភាគច្រើនជាអាជីវកម្មបែបគ្រួសារ ហើយការទទួលបានព័ត៌មានគឺនៅមានកម្រិត ដែលធ្វើឱ្យ ប៉ះពាល់ខ្លាំងដល់ការប្រកួតប្រជែង។ លើសពីនេះ ហេដ្ឋារចនាសម្ព័ន្ធផ្នែកបច្ចេកវិទ្យានៅទូទាំងប្រទេស កំពុងត្រូវបានពង្រីក, ថ្នាល ព័ត៌មានថ្នាក់តំបន់ Asean Access និងថ្នាលព័ត៌មានថ្នាក់ជាតិ KhmerSME ជាពិសេស KhmerSME Match នឹងក្លាយខ្លួន ជាបណ្តុំនៃព័ត៌មានអាជីវកម្មពេញលេញ ដែលផ្តល់ឱកាសដល់អាជីវករ ផលិតករ សេវាករ រួមទាំងសិស្ស-និស្សិត បានសិក្សាស្វែងយល់ ពីអាជីវកម្មគ្រប់វិស័យនៅកម្ពុជា និងតំបន់។
ឯកឧត្តមរដ្ឋមន្ត្រី បន្ថែមថា ភាពចាំបាច់របស់កម្ពុជានៅពេលនេះ គឺការកសាងប្រព័ន្ធអេកូឡូស៊ីខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក ពេញលេញមួយ ដែលមានទាំងពីការផ្គត់ផ្គង់វត្ថុធាតុដើម និងការកែច្នៃ រហូតដល់សេវាឡូជីស្ទីក ការធានាគុណភាព និងលទ្ធភាពចូល ក្នុងទីផ្សារ។ ឯកឧត្តម ក៏បានចូលរួមអបអរសាទរដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដែលទទួលបានសមិទ្ធផលពីការ អនុវត្តគម្រោងស្តីពី ការពង្រឹងរចនាសម្ព័ន្ធ តំបន់ដើម្បីជំរុញសហគ្រាសធុនតូច និងមធ្យមអាស៊ាន ដែលត្រូវបញ្ចប់នៅថ្ងៃនេះ ប្រកបដោយជោគជ័យ៕
អត្ថបទ៖ សុន រ៉ាឌី












-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន7 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន6 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ