ព័ត៌មាន
ក្រសួងការងារ ទទួលឧបករណ៍បច្ចេកទេស ៤៥គ្រឿង សម្រាប់មន្រ្តីអធិការកិច្ចការងារប្រើប្រាស់ ដើម្បីត្រួតពិនិត្យសុវត្ថិភាព និងសុខភាពការងារ (OSH)
ទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការបច្ចេកទេស(GIZ) តាមរយៈគម្រោង GIZ FABRIC Cambodia បានប្រគល់ឧបករណ៍បច្ចេកទេសចំនួន ៤៥គ្រឿង ជូនក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់មន្រ្តីអធិការកិច្ចការងារប្រើប្រាស់ ដើម្បីអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ ពេលចុះធ្វើអធិការកិច្ចការងារពាក់ព័ន្ធនឹងអនុលោមភាពនៃលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ(OSH) នៅតាមសហគ្រាស និងគ្រឹះស្ថាន។
ពិធីប្រគល់ និងទទួលនេះ បានប្រព្រឹត្តកាលពីព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ក្រោមអធិបតីភាពឯកឧត្ដម សោម ចំណាន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្ត្រីអធិការកិច្ចផ្នែកសុវត្ថិភាព និងសុខភាពការងារនៃនាយកដ្ឋានពេទ្យការងារ លោក Anwer Hasso នាយកគម្រោង GIZ FABRIC Cambodia និងក្រុមការងារសម្របសម្រួលនៃគម្រោង GIZ FABRIC Cambodia។
នាឱកាសនោះ ឯកឧត្តម សោម ចំណាន បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះគម្រោង GIZ FABRIC Cambodia ដែលបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ទទួលបាននូវវឌ្ឍនភាព និងសមិទ្ធិផលជាច្រើន ដែលបាននិងកំពុងរួមចំណែកដល់ការពង្រឹងប្រព័ន្ធអធិការកិច្ចការងារនៅប្រទេសកម្ពុជាឱ្យកាន់តែមានសមត្ថភាព តម្លាភាព ប្រសិទ្ធភាព និងទទួលបានការជឿជាក់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។
ឧបករណ៍បច្ចេកទេសនេះ ពិតជាមានសារ:សំខាន់ចាំបាច់ ដើម្បីពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យការងារ ជាពិសេសការធ្វើឱ្យប្រសើរឡើងនូវអនុលោមភាពលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងាររបស់បងប្អូនកម្មករនិយោជិត។
សូមបញ្ជាក់ថា ឧបករណ៍បច្ចេកទេសដែលគម្រោង GIZ FABRIC Cambodia បានប្រគល់ជូនរួមមាន ឧបករណ៍វាស់កម្រិតសំឡេង (Sound Level Meter and calibrator), ឧបករណ៍វាស់កម្រិតសំឡេងរំខាន (Personal Noise Dosimeter and calibrator), ឧបករណ៍វាស់កម្រិតពន្លឺ (Lux meter), ឧបករណ៍វាស់បរិយាការណ៍កម្តៅ (Heat index WBGT meter), ឧបករណ៍កំណត់សញ្ញាណឧស្ម័នពុលក្នុងបរិយាកាស (Gas Detector) និងឧបករណ៍ចាប់យកសារធាតុគ្រោះថ្នាក់នៅក្នុងខ្យល់ (Personal Air Sampling Pump)។
ក្នុងឱកាសនោះ ប្រតិភូ GIZ FABRIC Cambodia ក៏បានអញ្ជើញទៅទស្សនកិច្ចក្រុមការងារ Call Center ដែលជាប្រព័ន្ធ Hotline ១២៩៧ ដែលបម្រើដល់ការស្វែងរកការងារធ្វើរបស់បងប្អូន ប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរដែលទើបវិលត្រឡប់មកពីប្រទេសថៃវិញផងដែរ៕









-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន3 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន3 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន3 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន3 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
ព័ត៌មាន2 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន4 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)