ព័ត៌មាន
ពលរដ្ឋភៀសសឹក៖ «ខ្ញុំធ្លាប់ឆ្លងកាត់គ្រាប់ផ្លោងរួចហើយ ខ្ញុំមិនចង់ឃើញការព្រាត់ប្រាស់កូនកំព្រា ស្ត្រីមេម៉ាយ មនុស្សពិកាទេ កម្ពុជា ត្រូវការសន្តិភាព»
ព្រះវិហារ៖ ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មានមកពីតំបន់អាស៊ី ដែលចុះទៅសម្ភាស និងផ្តិតយករូបភាពនៅជំរុំភៀសសឹក ក្នុងវត្តពោធិ៍ ៥០០០ដើម ខេត្តព្រះវិហារ នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ប្រជាពលរដ្ឋដែលជាជនភៀសសឹករត់គេចពីគ្រាប់កាំភ្លើងបាញ់ស្រោច និងយន្តហោះទម្លាក់គ្រាប់ដែលភាគីថៃ ប្រើប្រាស់ក្នុងជម្លោះព្រំដែនជាមួយកម្ពុជា បានរៀបរាប់ទាំងទឹកភ្នែកថា ពួកគាត់មានវ័យចំណាស់ និងបានឆ្លងកាត់គ្រាប់ផ្លោងរួចទៅហើយ ដូច្នេះ ពួកគាត់មិនចង់លឺ មិនចង់ឃើញស្ថានភាពនេះកើតឡើងនោះទេ និងមិនចង់ឃើញការព្រាត់ប្រាស់សាច់ញាតិ កូនៗត្រូវកំព្រាឪពុក ម្តាយ ស្ត្រីមេម៉ាយ មនុស្សត្រូវធ្លាក់ខ្លួនពិកានោះទេ ប្រទេសកម្ពុជា ត្រូវការសន្តិភាព និងស្អប់សង្គ្រាម។
រៀបរាប់នៅក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មានអន្តរជាតិ ចែញពីជំរុំភៀសសឹក លោកស្រី វ៉ាន់ គឹមយ៉ាន អាយុ៦៣ឆ្នាំ រស់នៅភូមិតេជោធម្មជាតិ បានថ្លែងថា នៅថ្ងៃដែលមានការផ្ទុះអាវុធដាក់គ្នារវាងកងទ័ពកម្ពុជា និងថៃ បានធ្វើឱ្យប្រជាពលរដ្ឋរស់នៅតាមព្រំដែនភ័យតក់ស្លូតយ៉ាងខ្លាំង ជាពិសេសខ្លួនគាត់ផ្ទាល់ដែលពីអតីតកាលបានឆ្លងកាត់ស្នូលគ្រាប់កាំភ្លើងដោយសារតែភ្លើងសង្គ្រាមជាដើម។
«ខ្ញុំសូមឱ្យសមាជិកអាស៊ាន និងប្រទេសលើពិភពលោកមេត្តាជួយអន្តរាគមន៍ឱ្យបានឆាប់រហ័ស ដើម្បីបិទបញ្ចប់បញ្ហាដើម្បីឱ្យប្រជាពលរដ្ឋអាចវិលទៅលំនៅឋានវិញ និងបញ្ចប់សង្គ្រាមវិលទៅដូចដើមវិញ ខ្មែរមិនចង់បានសង្គ្រាមនោះទេ»។ នេះជាការលើកឡើងបន្ថែមរបស់លោកស្រី គឹមយ៉ាន។
លោកស្រី វ៉ាន់ គឹមយ៉ាន បានថ្លែងថា បញ្ហាជម្លោះព្រំដែនជាមួយថៃ កងទ័ពថៃបានទម្លាក់គ្រាប់បែកមកចំផ្ទះសម្បែង បំផ្លាញភូមិឋាន ជាពិសេសគឺធ្វើស្លាប់ប្រជាជនស្លូតត្រង់ កងទ័ពបានពលី និងធ្វើឱ្យព្រាតប្រាស់សាច់ញាតិកូនត្រូវកំព្រាឪពុក ប្រពន្ធត្រូវមេម៉ាយ។
រៀបរាប់ទឹកភ្នែករលីងរលោង ស្ត្រីវ័យចំណាស់ បានទទូចយ៉ាងដូច្នេះថា៖ «សូមឱ្យថៃ ឈប់ទន្ទ្រានទឹកដីកម្ពុជាទៀតទៅ សូមឱ្យអស់លោក សហគមន៍អន្តរជាតិជួយប្រទេសខ្មែរ ផង ព្រោះខ្មែរធ្លាប់ឆ្លងកាត់សង្គ្រាម កុំធ្វើបាបខ្មែរពេក កូនចៅគ្មានក្តីសុខទេ ក្មេងមិនបានចូលរៀន។ ខ្មែរចង់បានសន្តិភាពណាស់ ខ្មែរស្អប់សង្គ្រាម ពីព្រោះឆ្អែតឆ្អន់នឹងសង្គ្រាម»។
ចំណែកលោក វង់ សារឿន អាយុ៧២ឆ្នាំ ដែលជនភៀសសឹករត់ចេញពីផ្ទះសម្បែងជាមួយគ្រួសារ នៅភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត បានថ្លែងថា ពួកគាត់ធ្លាប់តែរស់នៅដោយសុខស្រួល ជួបជុំក្រុមគ្រួសារយ៉ាងមានកក់ក្តៅ ប៉ុន្តែ ស្រាប់តែស្ថានការណ៍ព្រំដែនមានការប្រែប្រួលធ្វើឱ្យពួកគាត់ រួមជាមួយអ្នកភូមិជាច្រើនគ្រួសារ បានភៀសខ្លួនមករកទីមានសុវត្ថិភាព។
លោក សាវឿន បានរៀបរាប់យ៉ាងដូច្នេះថា៖ «ខ្ញុំបានរត់គេចពីសង្គ្រាម មករកទីមានសុវត្ថិភាព ដើម្បីគេចឱ្យផុតពីគ្រោះថ្នាក់ដោយសារសង្គ្រាម មុនមានសង្គ្រាមប្រជាពលរដ្ឋរា់នៅដោយសុខសាន្ត សង្ឃឹមថាសន្តិភាពនឹងមានឆាប់ ដើម្បីឱ្យពួកខ្ញុំអាចវិលទៅលំនៅឋានវិញ ដើម្បីប្រកបរបរចិញ្ចឹមជីវិត»។
ជាមួយគ្នានេះដែរ លោក វង់ សាវឿន បានអំពាវនាវដល់សហគន៍អន្តរជាតិ សមាជិកអាស៊ាន និងអង្គការសហប្រជាជាតិ សូមប្រញាប់ចូលអន្តរាគមន៍ឱ្យបានឆាប់រហ័ស ដើម្បីបញ្ចាប់បញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ជាពិសេសធ្វើយ៉ាងឱ្យថៃ គោរពឱ្យបាននូវបទឈប់បាញ់ដែលខ្លួនព្រមព្រៀមគ្នាជាមួយនៅចំពោះសហរដ្ឋមេរិក និងប្រទេសម៉ាឡេស៉ី កាលពីពេលថ្មីៗនេះ។
បើតាមលោក ណុប វុទ្ធី អភិបាលរងខេត្តព្រះវិហារ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានអន្តរជាតិថា អាជ្ញាធរខេត្ត រាជរដ្ឋាភិបាល កាកបាទក្រហមកម្ពុជា ព្រមទាំងគ្រប់ភាគីពាក់ព័ន្ធបានយកចិត្តទុកដាក់យ៉ាងខ្លាំងពីបញ្ហាសុខទុកពលរដ្ឋភៀសសឹក។ ខណៈបច្ចុប្បន្ននេះ នៅទូទាំងខេត្តមានជំរុំភៀសសឹកចំនួន១៥ទីតាំង និងមានប្រជាពលរដ្ឋភៀសសឹក កំពុងបន្តស្នាក់នៅបណ្តោះអាសន្នប្រមាណ២ម៉ឺននាក់។
លោកអភិបាលរងខេត្តព្រះវិហារ បានឱ្យដឹងថា ដោយឡែកសម្រាប់ជំរុំភៀសសឹក វត្តពោធិ៍ ៥០០០ដើម គឺបច្ចុប្បន្ននេះ មានពលរដ្ឋភៀសសឹកកំពុងស្នាក់នៅបណ្តោះអាសន្ន ប្រមាណ២០០០គ្រួសារ និងមានប្រមាណ ៧០០០នាក់ មកពីភូមិចំនួន៦ ដែលប្រឈមខ្ពស់ដោយសារជម្លោះព្រំដែន។
គួរដឹងថា ការផ្ទុះអាវុធរវាងកម្ពុជា-ថៃ បានកើតឡើងនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ ដោយបានរាលដាលទៅកាន់ចំណុចផ្សេងៗទៀត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការប្រយុទ្ធគ្នានេះបានកើតឡើងបន្ទាប់ពីភាគីថៃ បានផ្ទុះអាវុធមុន នៅចំណុចប្រាសាទតាមាន់៕




















-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន3 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន3 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន3 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន3 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
ព័ត៌មាន2 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន3 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)