ព័ត៌មាន
ទេសរដ្ឋមន្រ្តី លី ធុជ បង្ហាញតម្រូវការបន្ទាន់ក្នុងកិច្ចការបោសសម្អាតយុទ្ធភណ្ឌបន្សល់ទុកពីជម្លោះប្រដាប់អាវុធ ៥ថ្ងៃ រវាងកម្ពុជា-ថៃ ដល់តំណាងថ្មី UNDP ប្រចាំនៅកម្ពុជា
ភ្នំពេញ៖ នៅទីស្នាក់ការអាជ្ញាធរមីននាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុ ប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យលោក អេនរីកូ ហ្គាវេលីយ៉ា (Enrico Gaveglia) អ្នកតំណាងថ្មីនៃកម្មវិធីអភិវឌ្ឍន៍អង្គការ សហប្រជាជាតិប្រចាំកម្ពុជាចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានលើកពីតម្រូវការបន្ទាន់ក្នុងកិច្ចការបោសសម្អាតយុទ្ធភ័ណ្ឌគ្រឿងផ្ទុះ ដែលបន្សល់ទុកដោយសារជម្លោះប្រដាប់អាវុធរយៈ ពេល ៥ ថ្ងៃ រវាងកម្ពុជា-ថៃ នៅចំពោះមុខអ្នកតំណាងថ្មី UNDP ក្នុងនោះរួមមាន គ្រាប់ទម្លាក់ពីលើអាកាសគ្រាប់បែកចង្កោម និងគ្រាប់ផ្លោង ជាដើម។ ឯកឧត្តម លី ធុជ ក៏បានស្នើសុំឱ្យ UNDP ពិចារណា និងកៀរគរធនធានគាំទ្របន្ថែមដល់សិក្សាវាយតម្លៃផលប៉ះពាល់ និងឈានដល់ការបោសសម្អាតយុទ្ធភ័ណ្ឌគ្រឿងផ្ទុះទាំងនោះ ដែលអនុវត្តដោយអង្គភាពស៊ីម៉ាក់ នៅតាមតំបន់អាទិភាព ដូចជាទីវត្តអារាម សាលារៀន មណ្ឌលសុខភាព ភូមិឋាន និងតំបន់វាលស្រែ ជាដើម ដែលទទួលរងផលប៉ះពាល់ និងខូចខាតដោយសារយុទ្ធភ័ណ្ឌគ្រឿង ផ្ទុះពីសំណាក់យោធាថៃ ក្នុងគោលដៅផ្តល់នូវសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋភៀសសឹក ក្រោយពេលត្រឡប់ទៅភូមិឋានសម្រាប់សកម្មភាពប្រចាំថ្ងៃវិញ។
ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានគូសបញ្ជាក់បន្ថែមនៅកិច្ចការចំពោះមុខថា អាជ្ញាធរមីន មានបំណងរៀបចំនូវកម្មវិធីឆ្លើយតបបន្ទាន់ (Emergency Response Program) តាមការចាំបាច់ ដើម្បីស្វែងរកការគាំទ្រ និងកៀរគរធនធានពីបណ្តាប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសប្បុរជននានា ធ្វើការបោសសម្អាតយុទ្ធភ័ណ្ឌគ្រឿងផ្ទុះនៅតាមតំបន់ដែលសេសសល់ ក្នុងការរួមចំណែកលើកកម្ពស់សុខសុវត្ថិភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងផងដែរ។
តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណ និងវាយ តម្លៃខ្ពស់ចំពោះការរួមចំណែករបស់ UNDP ដល់ការអភិវឌ្ឍនៅកម្ពុជា ក៏ដូចជាបានរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា គាំទ្រដល់កិច្ចសហប្រតិបត្តិការសកម្មភាពមីនមនុស្សធម៌ តាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល រួមមាន ការបោសសម្អាតមីន ការអប់រំការយល់ដឹងពីមីន ការជួយជនរងគ្រោះ ការបញ្ជ្រាបយេនឌ័រក្នុងសកម្មភាពមីន និងការពង្រឹងសមត្ថភាព ហើយក្នុងនោះ ប្រទេសអូស្ត្រាលី សាធារណៈរដ្ឋកូរ៉េ នូវែលហ្សេ ឡង់ និងលុចសំបួរ គឺម្ចាស់វិភាគទានមួយយ៉ាងសំខាន់ក្នុងគម្រោងនេះផងដែរ។ ឯកឧត្តមបណ្ឌិត លី ធុជ បានចាត់ ទុក UNDP ជាសម្លេងសហគមន៍ផ្តល់ជំនួយមួយយ៉ាងសំខាន់ និងជាដៃគូយ៉ាងរឹងមាំសម្រាប់វិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ។ ពាក់ព័ន្ធនឹងការងារបោសសម្អាតមីនតាមតំបន់ព្រំដែន ឯកឧត្តមបានជម្រាបប្រាប់អ្នកតំណាងថ្មីUNDPថា ក្រោមការ ដឹក នាំប្រកបដោយចក្ខុវិស័យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាតែងតែឈរលើគោល ការណ៍ច្បាប់ និងគោលការណ៍មនុស្សធម៌ ជាពិសេសចង់ប្រែក្លាយតំបន់ព្រំដែនទៅតំបន់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ ឯកឧត្តមបន្តទៀតថា សម្តេចធិបតីនាយករដ្ឋមន្រ្តី បានដាក់ចេញនូវគំនិតផ្តួចផ្តើមថ្មីក្នុងការបោសសម្អាតមីនមនុស្សធម៌ តាមបណ្តោយព្រំដែន ដោយផ្តោតសំខាន់ជាអាទិភាពលើតំបន់មានការខណ្ឌសីមាច្បាស់ លាស់ ទីកន្លែងដែលមានប្រជាជនរស់នៅ និងទីកន្លែងបម្រើដល់សេដ្ឋកិច្ចសង្គម។
លោក អេនរីកូ ហ្គាវេលីយ៉ា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋា ភិបាលកម្ពុជា ក្នុងការជម្រុញការអភិវឌ្ឍនៅកម្ពុជា ក្នុងនោះរួមកិច្ចការបោសសម្អាតមីនមនុស្សធម៌ ហើយលោកប្តេជ្ញាបន្តកិច្ចសហ ប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាង UNDP និងអាជ្ញាធរមីន តាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ក្នុងនោះក៏មានការរួមចំណែកគាំទ្រពីប្រទេសអូស្រ្តាលី សាធារណរដ្ឋកូរ៉េ ណូវែលហ្សឺឡង់ និង លុចសំបួរ ផងដែរ។
លោក អេនរីកូ ហ្គាវេលីយ៉ា បន្តទៀតថា បច្ចុប្បន្ននេះ UNDP កំពុងរៀបចំគម្រោងថ្មីមួយបន្តពីគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ ដែលនឹងបញ្ចប់នៅចុងឆ្នាំ២០២៥ ខាង មុខនេះ ហើយ UNDP ក៏កំពុងបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការស្វែងការគាំទ្រ និងកៀរគរធនធានបន្ថែមពីដៃគូអភិវឌ្ឍន៍ ដើម្បីរួមចំណែកដោះស្រាយនូវបញ្ហាមីនដែលនៅសេសសល់ និងធ្វើឱ្យកម្ពុជាអាចសម្រេចបាននូវគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០៣០។
សូមបញ្ជាក់ថា ចាប់ពីឆ្នាំ២០០៦ ដល់ខែ កក្កដា ឆ្នាំ២០២៥ ការបោសសម្អាតមីន ក្រោមគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល បាន ៤០៧ គីឡូម៉ែត្រការ៉េ និងផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជាប្រមាណ ១,៣ លាននាក់ ហើយការងារផ្សព្វផ្សាយការយល់ដឹងពីគ្រោះ ថ្នាក់ដោយសារមីន និងយុទ្ធភ័ណ្ឌគ្រឿងផ្ទុះ ការងារបង្កើនសមត្ថភាពការងារសង្គ្រោះជន រងគ្រោះ និងការងារបញ្ជា្របយេនឌ័រ ជាដើម ទទួលបានលទ្ធផលល្អប្រសើរតាមផែនការ។ ដោយឡែកការអនុវត្តគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់ កាលទី៤ ចាប់ពីឆ្នាំ ២០២០ ដល់ខែកក្កដា ឆ្នាំ២០២៥ ការបោស សម្អាតមីនដោយសម្រេចបាន ១៦៣ គីឡូម៉ែត្រការ៉េ និង ផ្តល់ផល ប្រយោជន៍ដល់ប្រជាជនកម្ពុជាចំនួន ៣៣៦.០៨៤ នាក់៕






-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន3 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន3 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន3 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន3 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
ព័ត៌មាន2 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន3 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)