ព័ត៌មាន
ឯកឧត្តម ប៉ែន បូណា៖ ចាប់តាំងពីបទឈប់បាញ់ចូលជាធរមានមក រាល់វិនាទី រាល់ម៉ោង និងរាល់ថ្ងៃ យើងអាចទប់ស្កាត់បានមិនឱ្យមានមនុស្សស្លាប់
ថ្លែងក្នុងសេចក្ដីសង្ខេបព័ត៌មានប្រចាំថ្ងៃនៅព្រឹកថ្ងៃទី៣១ ខែសីហានេះដែរ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា តម្លៃនៃកិច្ចព្រមព្រៀងឈប់បាញ់ដែលតម្រូវឱ្យមានការអត់ធ្មត់ ស្ងប់ស្ងៀម កុំឱ្យការផ្ទុះអាវុធ តែសកម្មខ្លាំងខាងផ្នែកការទូត។
ឯកឧត្តមថ្លែងថា សូរគ្រាប់កាំភ្លើងបានស្ងប់ស្ងាត់រយៈពេលជាង១ខែហើយ ពោលគឺចាប់តាំងពីបទឈប់បាញ់ចូលជាធរមានកាលពីពាក់កណ្ដាលអធ្រាត្រថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ កិច្ចព្រមព្រៀងឈប់បាញ់នេះកើតឡើងដោយសារតែគំនិតផ្តួចផ្ដើម និងការសម្របសម្រួលដោយផ្ទាល់ពីសំណាក់ប្រធានាធិបតីសហរដ្ឋអាមេរិក ឯកឧត្តម ដូណាល់ ជេ ត្រាំ តាមរយៈកិច្ចប្រជុំពិសេសនៅទីក្រុងពូត្រាឆាយ៉ា ដែលមានប្រទេសម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ានធ្វើជាម្ចាស់ផ្ទះ ហើយនិងមានការចូលរួមយ៉ាងសកម្ម។
ឯកឧត្តម ប៉ែន បូណា បានរម្លឹកថា ចាប់តាំងពីបទឈប់បាញ់ចូលជាធរមានមក រាល់វិនាទី រាល់នាទី រាល់ម៉ោង និងរាល់ថ្ងៃ យើងអាចទប់ស្កាត់បានមិនឱ្យមានមនុស្សស្លាប់ មិនឱ្យមានមនុស្សរបួស មិនឱ្យមានការខូចខាតថ្មីៗទៀត ទាំងផ្នែកយោធា និងស៊ីវិល។
ឯកឧត្តមសង្កត់ធ្ងន់ថា «នេះគឺជាហេតុផលដែលរាជរដ្ឋាភិបាលខិតខំគោរពកិច្ចព្រមព្រៀងឈប់បាញ់យ៉ាងម៉ឺងម៉ាត់។ ពីព្រោះអ្វី ពីព្រោះថ្នាក់ដឹកនាំរបស់យើងផ្ដល់តម្លៃខ្ពស់ដល់ជីវិតមនុស្ស និងសុខសន្តិភាពសម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋ។ ទោះជាយ៉ាងណា រាជរដ្ឋាភិបាលមិនដែលធ្វេសប្រហែសសូម្បីតែ១វិនាទីឡើយ ចំពោះការការពារ អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ខ្ញុំសូមកត់សម្គាល់ថា នៅពេលដែលបទឈប់បាញ់ចូលជាធរមាន ការផ្ទុះអាវុធមិនមែនជាមធ្យោបាយដើម្បីដោះស្រាយបញ្ហាទៀតឡើយ»។
ឯកឧត្តមបន្តថា ផ្ទុយទៅវិញ បើមានការផ្ទុះអាវុធជាយថាហេតុណាមួយកើតឡើង ភាគីដែលបង្កនឹងក្លាយជាអ្នកបំផ្លាញកិច្ចព្រមព្រៀងឈប់បាញ់ បំផ្លាញសន្តិភាព និងបំផ្លាញកិច្ចខិតខំប្រែងការទូតទាំងឡាយដែលបានធ្វើកន្លងមក ហើយមិនត្រឹមតែបាត់បង់ការគាំទ្រពីអន្តរជាតិប៉ុណ្ណោះទេ តែប្រទេសនោះក៏នឹងត្រូវគេដាក់ឱ្យទទួលខុសត្រូវចំពោះសោកនាដកម្មនានាដែលកើតឡើង។ ហេតុដូច្នេះហើយបានជានៅក្នុងដំណាក់កាលនៃការអនុវត្តបទឈប់បាញ់សមរភូមិប្រដាប់អាវុធត្រូវបង្វែរមកជាសមរភូមិការទូតវិញ និងកិច្ចពិភាក្សាគ្នារកដំណោះស្រាយដោយសន្តិវិធី។
កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា ថៃ GCB កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិកម្ពុជា ថៃ RBC ដែលបានធ្វើជាបន្តបន្ទាប់កន្លងទៅនេះ និងគម្រោងដែលនឹងបន្តធ្វើនាពេលខាងមុខនេះ គឺជាឧទាហរណ៍ស្រាប់។ ក្រៅពីកិច្ចប្រជុំទាំងនោះ សកម្មភាពការទូតក៏បានធ្វើយ៉ាងមមាញឹកដែលមានដូចជា ការៀបចំដំណើរបេសកកម្មរបស់អង្គទូត ក្រុមអ្នកសង្កេតការណ៍បណ្ដោះអាសន្ន IOT(Interim Observer Team) ដែលមានសមាសភាពជាអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជាត្រូវបានរៀបចំឡើងជាច្រើនលើកច្រើនសាទៅកាន់តំបន់ព្រំដែនមានជម្លោះ និងទីតាំងដែលមានការខូចខាត ការប្រាស្រ័យទាក់ទងគ្នាជាប្រចាំរវាងថ្នាក់ដឹកនាំកំពូលកម្ពុជា ម៉ាឡេស៊ី ថៃ ក៏នៅតែបន្តធ្វើ ការរៀបចំកិច្ចប្រជុំជាមួយអង្គទូតនានាប្រចាំកម្ពុជា ក៏ត្រូវបានរៀបចំធ្វើជាច្រើនលើក ខណៈដែលជំនួបជាច្រើនទៀត ត្រូវបានធ្វើនៅឯក្រៅប្រទេសដើម្បីបង្ហាញពីការពិតដល់សហគមន៍អន្តរជាតិ។ ការតវ៉ានិងកំណត់ទូតទៅកាន់ភាគីថៃ និងភាគីពាក់ព័ន្ធក៏ត្រូវបានធ្វើជាច្រើនលើកច្រើនសា ចំណែកថ្នាក់ដឹកនាំកំពូលរបស់យើងវិញមិនថានៅក្នុងប្រទេសឬក្រៅប្រទេសទេ តែងតែធ្វើសកម្មភាពការទូតយ៉ាងសកម្មបំផុតពាក់ព័ន្ធជម្លោះព្រំដែននេះ អាចនិយាយដោយខ្លីថា គ្រប់មធ្យោបាយការទូតទាំងអស់ និងច្បាប់អន្តរជាតិត្រូវបានប្រើប្រាស់យ៉ាងសកម្ម។
ឯកឧត្តមអ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់បន្ថែមថា ដំណោះស្រាយបញ្ហាព្រំដែនគឺត្រូវឈរលើយន្តការបច្ចេកទេសច្បាប់ដែលមានការទទួលស្គាល់ជាអន្តរជាតិ ហើយដែលមានការព្រមព្រៀងពីភាគីទាំងពីរ មិនអាចមានភាគីណាមួយទៅកំណត់ព្រំដែនជាឯកតោភាគីបានឡើយ។ ហេតុដូច្នេះហើយបានជារាជរដ្ឋាភិបាលផ្ដោតខ្លាំងទៅលើសកម្មភាពការទូត និងច្បាប់អន្តរជាតិ ដោយសារនេះជាជម្រើសល្អបំផុត ពីព្រោះវាជាជម្រើសដែលអាចការពារបូរណភាពទឹកដីផង និងការពារសន្តិភាពផង៕
-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន7 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន6 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ