ព័ត៌មាន
សិក្ខាកាមសុខាភិបាល ៣០នាក់ បញ្ចប់វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីការបង្ការ និងត្រួតពិនិត្យការចម្លងរោគកម្រិតខ្ពស់
ភ្នំពេញ ៖ សិក្ខាកាមសុខាភិបាល ចំនួន៣០នាក់ មកពីក្រសួងសុខាភិបាល និងមនី្ទរពេទ្យបង្អែកខេត្ត បានបញ្ចប់វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីការបង្ការ និងត្រួតពិនិត្យការចម្លងរោគកម្រិតខ្ពស់, ដែលមានរយៈពេល០៥ថ្ងៃ។
វគ្គនេះ មានរយៈពេលប្រាំថ្ងៃ បានចាប់ផ្តើមពីថ្ងៃទី២៥-២៩ ខែសីហា ឆ្នាំ២០២៥ នៅមនី្ទរពេទ្យព្រះអង្គឌួង ដែលជាគោលការណ៍ដ៏សំខាន់មួយរបស់រដ្ឋាភិបាលសាធារណៈរដ្ឋកូរ៉េ រយៈពេលយូរដើម្បីពង្រឹងសេវាសុខាភិបាលជាតិ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) កម្ពុជា សហការជាមួយក្រសួងសុខាភិបាល។
បើតាមលោកស្រី CHOI Moon Jung ប្រធានតំណាងប្រទេសនៃការិយាល័យ KOICA ប្រចាំកម្ពុជា បានលើកឡើងថា៖ ចំនុចសំខាន់នៃកម្មវិធីនេះគឺការចែករំលែកបទពិសោធន៍របស់សិក្ខាកាមសុខាភិបាល ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាល IPC កាលពីឆ្នាំមុន នៅប្រទេសកូរ៉េ តាមរយៈការិយាល័យ KOICA ។ វេទិការការពិភាក្សា និងបទបង្ហាញរបស់ពួកគាត់បានផ្តល់ ការយល់ដឹង និងមេរៀនជាក់ស្តែងសម្រាប់អ្នកចូលរួមវគ្គបណ្តុះបណ្តាលនៅឆ្នាំនេះ។ កម្មវិធីប្រជុំបានបង្ហាញប្រធានបទជាច្រើន រួមទាំងសមិទ្ធិផល IPC ថ្មីៗនេះ និងផែនការសកម្មភាពនាពេលអនាគត ការអនុវត្តជាក់ស្តែងនៃការបង្ការ ការឆ្លងមេរោគនៅកម្រិតមន្ទីរពេទ្យ និងការអនុវត្តវិធានការណ៍ IPC កម្រិតខ្ពស់នៅមន្ទីរពេទ្យខេត្ត។ ទាំងនេះត្រូវបានបង្ហាញដោយលោកស្រី អៀ ដារ៉ាវី មកពីក្រសួងសុខាភិបាល រួមជាមួយនឹងតំណាងមន្ទីរពេទ្យព្រះអង្គឌួង និងមន្ទីរពេទ្យបង្អែកកំពង់ឆ្នាំង។ ទិសដៅបន្ទាប់ អ្នកចូលរួមនៅឆ្នាំនេះ បានបង្ហាញពីការរំពឹងទុកក្នុងការរៀន ពីបទពិសោធន៍របស់អតីតសិក្ខាកាម និងដើម្បីអនុវត្តវិធានការបង្ការ និងត្រួតពិនិត្យការចម្លងរោគកម្រិតខ្ពស់នៅតាមបណ្តាមន្ទីរពេទ្យរបស់សិក្ខាកាមដែលបម្រើការងារ ដើម្បីបង្កើនសុវត្ថិភាពអ្នកជំងឺ។
វគ្គបណ្តុះបណ្តាលក្នុងរយៈពេល៥ថ្ងៃនេះ រួមមាន៖ ការអនុវត្តការការពារ និងកំចាត់មេរោគនៅមន្ទីរពេទ្យព្រះអង្គឌួង, ការអនុវត្តវិធានការបង្ការ និងកំចាត់មេរោគកម្រិតខ្ពស់ នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង, ភាពជាអ្នកដឹកនាំក្នុងការគ្រប់គ្រងការឆ្លងមេរោគ និងការគ្រប់គ្រងថ្នាំសំលាប់មេរោគ, ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពនៃបរិស្ថានបរិក្ខារ, ទិដ្ឋភាពទូទៅនៃកម្មវិធីបង្ការ និងកំចាត់មេរោគ អនាម័យដៃ និងឧបករណ៍ការពារផ្ទាល់ខ្លួន (PPE) យុទ្ធសាស្រ្តការពារ និងកំចាត់មេរោគ ករណីសិក្សា និងការធ្វើបទបង្ហាញពាក់កណ្តាលអាណត្តិ និងការត្រួតពិនិត្យផែនការសកម្មភាព ព្រមទាំងយុទ្ធនាការ IPC និងបទបង្ហាញផែនការសកម្មភាព។
លោកស្រី CHOI Moon Jung សង្កត់ធ្ងន់ថា កម្មវិធីបណ្តុះបណ្តាលឆ្នាំនេះ ដែលដំណើរការរហូតដល់ថ្ងៃទី២៩ ខែសីហា មានគោលបំណងពង្រឹងសម្ថភាពអ្នកជំនាញផ្នែក IPC ចំនួន ៣០នាក់កម្រិតខ្ពស់ ថែមទាំងមានសមត្ថភាពជាគ្រូបង្គោលសម្រាប់ផ្តល់ការបណ្តុះបណ្តាលនៅក្នុងស្ថាប័នរបស់ពួកគេផងដែរ។ វេទិកានេះក៏បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងធំធេងរបស់ KOICA ក្នុងការពង្រឹងធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា តាមរយៈកម្មវិធីលើកកម្ពស់សមត្ថភាព និងការអផិវឌ្ឍន៍សម្រាប់អនាគត់ (CIAT) ។
សូមរំលេចឡើងវិញថា វេទិកានេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមសាស្រ្តាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី CHOI Moon Jung ប្រធានតំណាងប្រទេសនៃការិយាល័យ KOICA ប្រចាំកម្ពុជា និងឯកឧត្តមវេជ្ជបណ្ឌិត លូ លីឃាង ប្រធានមន្ទីរពេទ្យព្រះអង្គឌួង និងមន្ត្រីមកពី ក្រសួងសុខាភិបាល និងមន្ទីរពេទ្យបង្អែកខេត្តសរុបប្រមាណ១០០នាក់, កាលពីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥៕
អត្ថបទ រដ្ឋា



















-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន3 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន3 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន3 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន3 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
ព័ត៌មាន2 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន3 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)