ព័ត៌មាន
កិច្ចប្រជុំឈ្នួលអប្បបរមារបស់កម្មករកាត់ដេរលើកទី២ នឹងប្រព្រឹត្តទៅ នៅព្រឹកថ្ងៃទី៣ កញ្ញាស្អែកនេះ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី៣ ខែកញ្ញាស្អែកនេះ នឹងបើកកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប ជាលើកទី២ដើម្បីបន្តពិភាក្សាគ្នាលើការកំណត់តួលេខប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតសម្រាប់ឆ្នាំ២០២៦ខាងមុខ នៅទីស្តីការក្រសួង។
កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាក្នុងវិស័យកាត់ដេរលើកទី២នេះ នឹងធ្វើឡើងជាលក្ខណៈត្រីភាគីរួមមាន៖ ភាគីសហជីពតំណាងកម្មករនិយោជិត, ភាគីតំណាងនិយោជក និងភាគីរដ្ឋាភិបាល ដឹកនាំដោយ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។
ទាក់ទិនទៅនឹងកិច្ចប្រជុំនេះ លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័នសហជីពជាតិកម្ពុជា (NACC) បានឱ្យដឹងថា បច្ចុប្បន្ននេះ ភាគីសហជីពបានកំពុងតែពិភាក្សាគ្នាជាបន្តបន្ទាប់ដោយផ្អែកទៅលើអ្វីដែលជាច្បាប់របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាដែលមានលក្ខណៈវិនិច្ឆ័យចំនួន២ គឺកត្តាសង្គម និងសេដ្ឋកិច្ច ដូច្នេះការងារនេះក្រុមសហជីពតែងតែចូលរួមអនុវត្តជារៀងរាល់ឆ្នាំផងដែរ។
លោកបានបន្តថា រហូតមកដល់ពេលនេះ សម្រាប់លទ្ធផលនៃការកំណត់តួលេខប្រាក់ឈ្នួលអប្បបរមារបស់ក្រុមសហជីព មិនទាន់មានលក្ខណៈរួមនៅឡើយទេ ដោយសារភាគីសហជីពនីមួយៗកំពុងពិនិត្យដែលពាក់ព័ន្ធទៅនឹងស្ថានភាពជាក់ស្តែង ដូចជាបញ្ហាពិភពលោក ក៏ដូចជានៅកម្ពុជា និងស្ថានភាពផ្សេងៗទៀតជាដើម ជាពិសេសគឺការប្រកួតប្រជែង រវាងប្រទេស និងប្រទេស។ លោកបានបញ្ជាក់ថា ការប្រជុំប្រាក់ឈ្នួលនេះ កម្ពុជាមិនមែនជាប្រទេសតែមួយគត់ដែលធ្វើក្នុងវិស័យកាត់ដេរវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូបនោះទេ គឺមានប្រទេសផ្សេងៗទៀត ដែលកំពុងតែប្រកួតប្រជែងជាមួយកម្ពុជា ដូច្នេះអ្វីដែលជាលក្ខណៈវិនិច្ឆ័យក៏បូករួមជាមួយនឹងការប្រកួតប្រជែងនេះផងដែរ យើងក៏ត្រូវគិតពីស្ថានភាពជាក់ស្តែង ជាពិសេសទៀតសម្រាប់នៅកម្ពុជាក៏កំពុងតែមានជម្លោះព្រំដែនរវាងកម្ពុជានិងថៃ ហើយយើងក៏កំពុងទទួលយកបងប្អូនពលករជាច្រើនរាប់ម៉ឺនដែលវិលត្រឡប់មកពីប្រទេសថៃ ដូច្នេះការងារទាំងអស់នេះ គឺទាមទាចាំបាច់ឱ្យក្រុមសហជីពត្រូវសិក្សាឱ្យម៉ត់ចត់សិន មុននឹងសម្រេចដាក់ចេញជាតួលេខណាមួយទៅអង្គប្រជុំ។
សូមបញ្ជាក់ទៀតថា កិច្ចចចារប្រាក់ឈ្នួលអប្បបរសម្រាប់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ គ្រប់ភាគីទាំងអស់ត្រូវប្រើលក្ខណៈវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច ដោយផ្តោតលើ ៧ចំណុចសំខាន់ៗ ដូចជា៖ ស្ថានភាពគ្រួសារ, អាត្រាអតិផរណា, ការចំណាយក្នុងការរស់នៅ, ផលិតភាព, ភាពប្រកួតប្រជែងរបស់ប្រទេស, ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ ក៏ដូចជាបន្ទាត់ភាពក្រីក្រ សម្រាប់ធ្វើជាមូលដ្ឋានក្នុងការពិភាក្សាប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា។ ហើយគ្រប់ភាគីទាំងអស់ ត្រូវផ្តោតលើទិន្នន័យ និងការស្រាវជ្រាវបែបវិទ្យាសាស្រ្តដោយយោងលើលក្ខណវិនិច្ឆ័យទាំង៧ខាងលើ ដើម្បីធ្វើជាមូលដ្ឋានក្នុងការសម្របសម្រួលផ្ទៃក្នុង និងប្រកាន់គោលជំហររួមជាមួយ។ គិតត្រឹមឆ្នាំ២០២៥នេះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត មានចំនួន ២០៨ដុល្លារ ក្នុង១ខែ ដោយមិនគិតពីប្រាក់អត្ថប្រយោជន៍ផ្សេងៗ៕អត្ថបទដោយ ឈិត បូរ៉ាវី







-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន6 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន6 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន6 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន5 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន6 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង