ព័ត៌មាន
[UPDATE] ការចរចាប្រាក់ឈ្នួលលើកទី២នេះ ភាគីសហជីពស្នើសុំតម្លើងចំនួន១០ដុល្លារ ខណៈនិយោជកស្នើសុំរក្សាតួលេខដដែល
ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំចរចាប្រាក់ឈ្នួលអប្បបរមាវិស័យកាត់ដេរ ជាលើកទី២ ភាគីសហជីពតំណាងឲ្យកម្មករនិយោជិត បានសម្រេចយកតួលេខចំនួន ១០ដុល្លារ សម្រាប់បន្ថែមលើប្រាក់ឈ្នួលបច្ចុប្បន្ន។ ដោយឡែក ភាគីនិយោជកបានស្នើសុំរក្សាតួលេខនៅដដែល គឺចំនួន ២០៨ដុល្លារ។

នៅក្រោយបញ្ចប់កិច្ចប្រជុំប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប អាណិត្តទី៤ នៅព្រឹកថ្ងៃទី០៣ ខែកញ្ញានេះ ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៍មាន ឱ្យដឹងថា នៅថ្ងៃនេះក្រុមប្រឹក្សាប្រាក់ឈ្នួលអប្បបរមាបានបន្តកិច្ចប្រជុំជាលក្ខណៈត្រីភាគីរបស់ខ្លួន បើគិតចាប់ពីថ្ងៃទី១ ជាថ្ងៃចាប់ផ្តើមត្រីភាគីរហូតមកដល់ថ្ងៃនេះ គឺបានចាប់ផ្តើមចំនួន១១លើក ក្នុងនោះកិច្ចប្រជុំត្រីភាគី ២លើក កិច្ចប្រជុំទ្វេភាគីចំនួន ៣លើក និងកិច្ចប្រជុំផ្ទៃក្នុងរបស់ភាគីនីមួយៗចំនួន ៦លើកនេះ ហើយនេះជាយន្តការដែលបានចែងនៅក្នុងច្បាប់។
ឯកឧត្តមរដ្ឋមន្រ្តី បានបន្តឱ្យដឹងទៀតថា ជាលទ្ធផលនៃកិច្ចប្រជុំលើកទី២នេះ បានទទួលជំហរពីភាគីនិយោជកដែលដើមឡើយគាត់សុំឱ្យមានការធ្លាក់ថយក្រោយនៃកំណើនប្រាក់ឈ្នួលអប្បបរមា ប៉ុន្តែចុងក្រោយនេះក៏បានឯកភាពស្នើសុំរក្សាតួលេខនៅដដែល។ ដោយឡែក ភាគីសហជីពតំណាងកម្មករនិយោជិត បានឯកភាពគ្នាស្នើសុំដំឡើងប្រាក់ឈ្នួលចំនួន ១០ដុល្លារបន្ថែមពីលើប្រាក់ឈ្នួលបច្ចុប្បន្នចំនួន២០៨ដុល្លារ ដែលសរុបគឺចំនួន ២១៨ដុល្លារ សម្រាប់ឆ្នាំ២០២៦ខាងមុខ។
ទន្ទឹមនេះ តួលខនេះមិនទាន់មានការឯកភាពគ្នានៅឡើយទេ ដោយឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា នឹងធ្វើការសម្របសម្រួលគ្នាបន្តថែមទៀត នៅក្នុងកិច្ចប្រជុំចរចាប្រាក់ឈ្នួលនេះជាលើកទី៣ និងទី៤នៅពេលខាងមុខនេះ ដើម្បីឈានទៅសម្រេចតួលេខរួមដោយមានការឯកភាពពីភាគីទាំងសងខាង។
កិច្ចចចារប្រាក់ឈ្នួលអប្បបរសម្រាប់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ គ្រប់ភាគីទាំងអស់បានប្រើលក្ខណវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច ដោយផ្តោតលើ ៧ចំណុចសំខាន់ៗ ដូចជា៖ ស្ថានភាពគ្រួសារ, អាត្រាអតិផរណា, ការចំណាយក្នុងការរស់នៅ, ផលិតភាព, ភាពប្រកួតប្រជែងរបស់ប្រទេស, ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ ក៏ដូចជាបន្ទាត់ភាពក្រីក្រ សម្រាប់ធ្វើជាមូលដ្ឋានក្នុងការពិភាក្សាប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា។ ហើយគ្រប់ភាគីទាំងអស់ ត្រូវផ្តោតលើទិន្នន័យ និងការស្រាវជ្រាវបែបវិទ្យាសាស្រ្តដោយយោងលើលក្ខណវិនិច្ឆ័យទាំង៧ខាងលើ ដើម្បីធ្វើជាមូលដ្ឋានក្នុងការសម្របសម្រួលផ្ទៃក្នុង និងប្រកាន់គោលជំហររួមជាមួយ។ គិតត្រឹមឆ្នាំ២០២៥នេះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត មានចំនួន ២០៨ដុល្លារ ក្នុង១ខែ ដោយមិនគិតពីប្រាក់អត្ថប្រយោជន៍ផ្សេងៗ៕ អត្ថបទដោយ ឈិត បូរ៉ាវី







-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន6 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន6 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន6 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន5 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន6 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង