ព័ត៌មាន
កម្ពុជា និងជប៉ុន បេ្តជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការវិស័យការងារឱ្យកាន់តែទូលំទូលាយថែមទៀត
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម សាកាហ្គុឈិ ណោតុ (Sakaguchi Naoto) សមាជិករដ្ឋសភាជប៉ុន ដើម្បីពិភាក្សាលើវឌ្ឍនភាពនៃកម្មវិធីបញ្ជូនកម្មសិក្សាការី និងពលករជំនាញកម្ពុជាទៅធ្វើការនៅប្រទេសជប៉ុន។

ក្នុងជំនួបការងារ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥កន្លងទៅ ឯកឧត្ដមរដ្ឋមន្រ្តី បានថ្លែងការអរគុណចំពោះរដ្ឋាភិបាល និងអ្នកតំណាងរាស្ត្រជប៉ុនដែលបានបានផ្តល់ការយកចិត្តទុកដាក់ និងរៀបចំយន្តការគាំទ្រចាំបាច់នានាដល់កម្មសិក្សាការី និងពលករកម្ពុជាដែលកំពុងធ្វើការនៅប្រទេសជប៉ុន។ ជាងនេះទៅទៀត កម្ពុជាសូមសម្តែងនូវការគាំទ្រចំពោះប្រព័ន្ធការងារសម្រាប់ការអភិវឌ្ឍជំនាញ ដែលនឹងត្រូវមកជំនួសប្រព័ន្ធកម្មសិក្សាការីបច្ចេកទេស នៅឆ្នាំ២០២៧ខាងមុខនេះ។ ប្រព័ន្ធការងារសម្រាប់ការអភិវឌ្ឍជំនាញ ត្រូវបានកែលម្អបន្ថែមដោយក្នុងនោះមានការពង្រីកជំនាញច្រើនជាងមុន ហើយមានលក្ខណៈស្របនឹងជំនាញក្នុងប្រព័ន្ធពលករជំនាញ ដែលធ្វើឱ្យពលករបរទេសងាយស្រួលបន្តអាណត្តិជាពលករជំនាញ និងមានយន្តការអនុញ្ញាតឱ្យពលករអាចផ្លាស់ប្តូរការងារដែលនឹងរួមចំណែកក្នុងការកាត់បន្ថយបញ្ហារត់គេច ព្រមទាំងមានការកំណត់កម្រៃសេវាបញ្ជូនអតិបរមាដូចៗគ្នាសម្រាប់គ្រប់ប្រទេសបញ្ជូន។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា កម្ពុជាបានខិតខំពង្រឹងការគ្រប់គ្រងទេសន្តរប្រវេសន៍ការងារ ដោយក្នុងនោះបានសម្រេចនូវសមទ្ធិផលជាច្រើន រួមទាំងការកាត់បន្ថយកម្រៃសេវាបញ្ជូនជាបន្តបន្ទាប់ និងគ្រោងកាត់បន្ថយបន្ថែមនៅឆ្នាំ២០២៧។

ជាការឆ្លើយតប ឯកឧត្តម សាកាហ្គុឈិ ណោតុ បានលើកឡើងថា តាមរយៈបទពិសោធការងារជាអ្នកផ្តល់ការប្រឹក្សាយោបល់ និងភ្ជាប់ទំនាក់ទំនងរវាងទីភ្នាក់ងារជ្រើសរើសឯកជននៅតាមបណ្តាប្រទេសបញ្ជូនមួយចំនួន និងសមាគមគ្រប់គ្រងជប៉ុន ឯកឧត្តម នឹងខិតខំជួយកម្ពុជាដើម្បីផ្សារភ្ជាប់ទីភ្នាក់ងារជ្រើសរើសឯកជន ជាមួយសមាគមគ្រប់គ្រងជប៉ុនផ្ទាល់ដោយមិនពាក់ព័ន្ធជាមួយឈ្មួញកណ្តាល សំដៅរួមចំណែកកាត់បន្ថយកម្រៃសេវាបញ្ជូន និងផ្តល់ឱកាសការងារនៅប្រទេសជប៉ុនបន្ថែមទៀតដល់ពលករកម្ពុជា។ ឯកឧត្តម បានសន្យាថា នឹងនាំយកនូវសំណូមពរនានា ជាពិសេស កិច្ចការពាក់ព័ន្ធនឹងការគាំពារពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសជប៉ុន ទៅពិភាក្សាក្នុងក្របខ័ណ្ឌសភាជប៉ុន ដើម្បីបន្តពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
សូមបញ្ជាក់ថា នៅក្នុងជំនួបនេះដែរ ឯកឧត្តម សាកាហ្គុឈិ ណោតុ ក៏បានចូលរួមសម្តែងការសោកស្តាយចំពោះបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ដែលបានសម្លាប់ និងបង្ករបួសដល់ជនស៊ីវិល ក៏ដូចជាការជម្លៀសពលរដ្ឋ ដែលនេះគឺជាការលំបាកនៃប្រទេសទាំងពីរ។ ជប៉ុនចង់ឃើញកម្ពុជា-ថៃ វិលទៅរកតុចរចា បទឈប់បាញ់ និងស្ដារសន្តិភាពឡើងវិញក្នុងពេលឆាប់ៗ៕ អត្ថបទ៖ ឈិត បូរ៉ាវី



-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន6 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន5 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន6 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា7 days agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន7 days agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ