ព័ត៌មាន
ក្រសួងអប់រំ ប្រជុំពិនិត្យសេចក្តីព្រាងស្តង់ដាសេវាអប្បបរមានៅមធ្យមសិក្សាទុតិយភូមិ នៃគម្រោងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
នារសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំ ស្តីពី ការពិនិត្យសេចក្តីព្រាងស្តង់ដាសេវាអប្បបរមានៅមធ្យមសិក្សាទុតិយភូមិ នៃគម្រោងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សម្រាប់ការអប់រំកម្រិតមធ្យមសិក្សាទុតិយភូមិ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីពាក់ព័ន្ធក្រោយឱវាទក្រសួង។
មុនឈានចូលកិច្ចពិភាក្សា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់ការណែនាំតម្រង់ទិសក្រុមការងារជំនាញ និងកិច្ចពិភាក្សាដោយគួរផ្តោតលើ ការរៀបចំឱ្យមានស្តង់ដារួមតែមួយសម្រាប់គ្រប់គម្រោងអប់រំ ដោយផ្អែកលើស្តង់ដាសាលារៀនគំរូ ( លទ្ធផលសិក្សារបស់សិស្ស, ការបង្រៀន និងការរៀន, អភិបាលកិច្ច និងគណនេយ្យភាពសាលារៀន, ប្រតិបត្តិការ និងរដ្ឋបាលសាលារៀន,និង ការចូលរួមរបស់សហគមន៍) ដើម្បីងាយស្រួលក្នុងការវិនិយោគ និងកែលម្អឱ្យកាន់តែប្រសើរ។ ស្តង់ដាសេវាអប្បបរមា និងស្តង់ដាសាលារៀនគំរូ មានគោលដៅរួមក្នុងការបន្តលើកកម្ពស់គុណភាព ប្រកបដោយសមធម៌ និងគណនេយ្យភាព, ប្រើប្រាស់វិធីសាស្ត្រដែលមានរចនាសម្ព័ន្ធច្បាស់លាស់ ដោយផ្អែកលើស្តង់ដា សមាសភាគ និងសូចនាករ, ផ្តោតសំខាន់លើដែនវិស័យស្នូល ដូចជាការបង្រៀន និងការរៀន ប្រតិបត្តិការសាលារៀន សុខុមាលភាពសិស្ស និងការចូលរួមពីភាគីពាក់ព័ន្ធ ,និង មានសង្គតភាពជាមួយគោលដៅ និងគោលនយោបាយជាតិ។
ក្របខ័ណ្ឌស្តង់ដាសេវាអប្បបរមា គឺជាការកំណត់នូវបទដ្ឋានជាក់លាក់ ដែលជះឥទ្ធិពលដោយផ្ទាល់ទៅលើគុណភាពអប់រំ, ការបែងចែកធនធានតាមគោលដៅដែលភ្ជាប់ទៅនឹងស្តង់ដាទាំងនេះ ធានាថាការផ្តល់មូលនិធិដោះស្រាយគម្លាតសំខាន់ៗ ដូចជាកង្វះគ្រូ បង្រៀន លទ្ធភាពទទួលបានធាតុចូល និងធនធានសមស្រប , បង្កើតយន្តការគណនេយ្យភាពពហុកម្រិត (សាលារៀន ស្រុក ខេត្ត) ដើម្បីត្រួតពិនិត្យអនុលោមភាព និងការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព។ គោលការណ៍ចំនួនបួនជាគ្រឹះនៃក្របខណ្ឌស្តង់ដាសេវាអប្បបរមា៖ សមធម៌ និងបរិយាបន្ន, គុណភាព និងភាពពាក់ព័ន្ធ, ប្រសិទ្ធភាព និងគណនេយ្យភាព, តម្រឹម ប្រទាក់ក្រឡា Alignment and coherence និងសុខដុមនីយកម្មជាមួយស្តង់ដានានាដែលក្រសួងកំពុងអនុវត្ត។
បន្ទាប់ពីកិច្ចពិភាក្សាលើស្តង់ដាសេវាអប្បបរមានៅមធ្យមសិក្សាទុតិយភូមិ រួចមក ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍មួយចំនួនដល់ក្រុមការងារជំនាញ រួមមាន៖ ១) សូមរៀបចំជាក្របខណ្ឌរួមមួយ សម្រាប់សាលារៀនដែលសម្រេចស្តង់ដាអប្បបរមា និងសូមឱ្យដូចគ្នានឹងស្តង់ដាសាលារៀនគំរូ សម្រួចសូចនាករ ដើម្បីជំរុញការវាស់ស្ទង់ឱ្យមានភាពជាក់ស្តែង ២) រៀបចំក្របខណ្ឌគោលនយោបាយអប់រំ ឆ្លុះបញ្ជាំងពីស្ថានភាពជាក់ស្តែង ៣) សូមឱ្យក្រុមការងារជំនាញ ចុះទៅដល់សាលារៀនដោយផ្ទាល់ ដើម្បីផ្ទៀងផ្ទាត់រវាងសាលាដល់ស្តង់ដាអប្បបរមា និងសាលាដែលមិនទាន់បំពេញលក្ខខណ្ឌស្តង់ដាបាន ដើម្បីវាយតម្លៃការកែលម្អ និងវិនិយោគ ៤) ក្រសួងនឹងធ្វើការវាយតម្លៃសាលារៀនទូទៅ ដើម្បីរកចំនួនជាក់លាក់ សាលារៀនធម្មតា មិនដល់ស្តង់ដា និងសាលារៀនដល់ស្តង់ដាអប្បបរមា ៥) រៀបចំជាប្រព័ន្ធវាយតម្លៃ និងប៉ាន់ប្រមាណការវិនិយោគដើម្បីកែលម្អគុណភាពអប់រំ។
សូមបញ្ជាក់ថា ស្តង់ដាសេវាអប្បបរមា ឬ Minimum Service Standard (MSS) ត្រូវបានបង្កើតឡើង ដើម្បីធានាថាសាលាទាំងអស់មានស្តង់ដាមូលដ្ឋានក្នុងការផ្តល់សេវាអប់រំ ដោយផ្តោតលើធនធាននៅសាលារៀនដែលទន់ខ្សោយ ប្រែក្លាយគោលនយោបាយទៅជាការអនុវត្តជាក់ស្តែងនៅក្នុងថ្នាក់រៀន។ MSS មានធាតុស្នូលសំខាន់ ៣៖ ១) ស្តង់ដា – កំណត់ថាតើសាលារៀនត្រូវមានអ្វីខ្លះ (ជាប់ស្តង់ដាពេញលេញ ជាប់ស្តង់ដា និងជាប់ស្តង់ដាអប្បបរមា) ២) សមាសធាតុ – ធាតុចូល/ធនធានដែលត្រូវមានដើម្បីសម្រេចស្តង់ដា ៣) សូចនាករ – គឺជាការវាស់វែងតាមបែបគុណវិស័យ និងបែបបរិមាណវិស័យ ដែលផ្តល់នូវភស្តុតាងជាក់ស្តែង៕







-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន5 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន4 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន6 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា6 days agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន6 days agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ