ព័ត៌មាន
អ្នកនាំពាក្យអាកាសចរស៊ីវិល៖ «មិនមានការធ្វើទុក្ខបុកម្មេញ រើសអើងចំពោះជនជាតិថៃ ដែលចេញចូលកម្ពុជាទេ គ្រាន់តែមានការអនុវត្តវិធានការមួយចំនួន ចំពោះជនជាតិថៃទាំងឡាយណា ដែលគ្មានប្រវត្តិចេញ-ចូលកម្ពុជាញឹកញាប់»
ភ្នំពេញ៖ ឆ្លើយតបនឹងការចោទប្រកាន់របស់បណ្តាសារព័ត៌មានថៃមួយចំនួន ដែលផ្សាយថា សមត្ថកិច្ចកម្ពុជា នៅតាមអាកាសយានដ្ឋានអន្តរជាតិ ពិសេសនៅអាកាសយានដ្ឋានអន្តរជាតិតេជោ បានធ្វើទុក្ខបុកម្នេញចំពោះជនជាតិថៃ ដែលចេញចូលកម្ពុជា ដោយសួរសំណួររាប់រយ រាប់ពាន់សំណួរនោះ, នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦នេះ អ្នកនាំពាក្យអាកាសចរស៊ីវិល លោក ស៊ីន ចាន់សិរីវុត្ថា បានចេញមកអះអាងថា គ្មានការធ្វើទុក្ខបុកម្នេញ រើសអើងចំពោះអ្នកដំណើរជនជាតិថៃនោះទេ។
លោកថា អ្នកដំណើរជនជាតិថៃ ដែលធ្វើដំណើរចាកចេញពីកម្ពុជា ទៅកាន់ប្រទេសថៃវិញ ហើយមានប្រវត្តិធ្វើ ដំណើរច្បាស់លាស់ ដែលកត់ត្រាក្នុងប្រព័ន្ធធ្វើដំណើរ គឺមិនមានការសួរនាំអ្វីនោះទេ។ ជាមួយគ្នានេះ ចំពោះអ្នកដំណើរជនជាតិថៃ ដែលធ្វើដំណើរចូលកម្ពុជា ហើយ មិនមានប្រវត្តិចូលមកកម្ពុជាគឺសមត្ថកិច្ចមានការអនុវត្តវិធានការ រក្សាសុវត្ថិភាព និងសន្ដិសុខមួយចំនួន តាមរយៈសំណួរ-ចម្លើយ និងតម្រូវឱ្យមានការបង្ហាញឯកសារអំណះអំណាង និងគាំទ្របន្ថែមនៅក្នុងប្រទេសកម្ពុជាផងដែរ។
លោករដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមថា ដោយឡែក ចំពោះជនជាតិបរទេស ដែលមិនមែនជាជនជាតិថៃ ធ្វើដំណើរចេញចូលកម្ពុជាតាមរយៈប្រទេសថៃ មិនមានសួរនាំអ្វីនោះទេ។
សូមបញ្ជាក់ថា ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ បានណែនាំឲ្យស្ថានតំណាងកម្ពុជា នៅបរទេសទាំងអស់ ជូនដំណឹងអ្នកដំណើរទាំងខ្មែរ និងបរទេសចៀសវាងការធ្វើដំណើរឆ្លងកាត់ថៃ និងផ្អាកប្រើប្រាស់សេវាក្រុមហ៊ុនអាកាសចរណ៍ថៃ ជាបណ្តោះអាសន្ន។
ដើម្បីទប់ស្កាត់អំពើបំភិតបំភ័យ និងទង្វើមិនសមរម្យរបស់អាជ្ញាធរថៃនេះ ក្រសួងសូមធ្វើការណែនាំ ស្ថានតំណាងកម្ពុជាប្រចាំនៅបរទេស ជូនដំណឹងដល់អ្នកដំណើរទាំងខ្មែរ និងបរទេសឱ្យចៀសវាងធ្វើ ដំណើរឆ្លងកាត់ប្រទេសថៃ និងផ្អាកប្រើប្រាស់សេវារបស់ក្រុមហ៊ុនអាកាសចរណ៍ថៃជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី។
ស្របជាមួយគ្នានេះ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង ក៏បានចេញសេចក្តីជូនដំណឹងមួយ ដោយបកអាក្រាតទង្វើអាក្រក់របស់ថៃ ដែលបង្កការរំខានយ៉ាងធ្ងន់ធ្ងរ ចំពោះអ្នកដំណើរមកពីអឺរ៉ុប ឆ្លងកាត់ព្រលានយន្តហោះរបស់ថៃ ចូលកម្ពុជាផងដែរ។
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង បានឱ្យដឹងថា អ្នកដំណើរអឺរ៉ុបមួយចំនួន ដែលបានធ្វើដំណើរទៅប្រទេសកម្ពុជា បានជួបប្រទះនូវបញ្ហាធ្ងន់ធ្ងរ ពេលឆ្លងកាត់ (transit) នៅអាកាសយានដ្ឋានទីក្រុងបាងកក (ប្រទេសថៃ) ដូចជា៖ ការសួរសំណួររាប់សិបម៉ោង, ការទាមទារហួសហេតុឱ្យបង្ហាញឯកសារបញ្ជាក់ធនធានហិរញ្ញវត្ថុ, ការត្រួតពិនិត្យឯកសារកក់សណ្ឋាគារនៅកម្ពុជា, រើសអើង, បរិយាកាសថប់បារម្ភ និងរងការសង្ស័យដោយមិនសមហេតុផល និងនៅក្នុងករណីខ្លះ អ្នកដំណើរបានបាត់វ៉ាលីថែមទៀត ពេលទៅដល់ទីក្រុងភ្នំពេញ។
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំងបន្ថែមថា ដើម្បីជាការប្រុងប្រយ័ត្ន សូមអ្នកដំណើរជៀសវាងការធ្វើដំណើរឆ្លងកាត់ប្រទេសថៃ និងការប្រើប្រាស់ក្រុមហ៊ុនអាកាសចរណ៍ថៃ នៅពេលធ្វើដំណើរទៅកម្ពុជា។
មានក្រុមហ៊ុនអាកាសចរណ៍ និងផ្លូវហោះហើរអន្តរជាតិផ្សេងទៀត ដែលផ្តល់សេវាកម្មល្អប្រសើរ និងការឆ្លងកាត់ (transit) ដោយពុំមានការរើសអើង និងគោរពដល់អ្នកដំណើរ។
បញ្ហាទាំងនេះកើតឡើងនៅក្រៅទឹកដីរបស់កម្ពុជាក៏ពិតមែន ប៉ុន្តែអាចប៉ះពាល់ដល់បទ ពិសោធន៍នៃការធ្វើដំណើរ។ កម្ពុជានៅតែជាប្រទេសមានសុវត្ថិភាព និងផ្តល់ការស្វាគមន៍យ៉ាងរួសរាយរាក់ទាក់៕

-
ព័ត៌មាន3 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន5 days agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន5 days agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន2 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន5 days ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន5 days agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន2 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន4 days agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត