ព័ត៌មាន
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បំពាក់គ្រឿងឥស្សរិយយសជូនមន្ត្រី បុគ្គលិកចំនួន ៧១នាក់
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន មន្ត្រី បុគ្គលិក កាកបាទក្រហមកម្ពុជា ទីស្នាក់ការកណ្តាល និងសាខារាជធានី-ខេត្ត ចំនួន៧១នាក់ ដែលប្រព្រឹត្ដទៅ នៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា។

ក្នុងបរិយាកាសដ៏វិសេសវិសាលនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្ដែងនូវក្តីសោមនស្សរីករាយ ដោយបានចូលរួមជាអធិបតីភាព ក្នុងពិធីបំពាក់គឿងឥស្សរិយយសជូន មន្ត្រី បុគ្គលិក ក្រុមប្រតិបត្តិថ្នាក់កណ្តាល និងថ្នាក់សាខា ដែលបានខិតខំប្រឹងប្រែង ដោយមិនខ្លាចនឿយហត់ ជម្នះគ្រប់ឧបសគ្គ យកអស់កម្លាំងកាយចិត្ត លះបង់ខ្ពស់ ក្នុងគ្រប់កាលៈទេសៈ មិនថាយប់ឬថ្ងៃ ដើម្បីបុព្វហេតុមនុស្សធម៌ អស់រយៈពេលជាង២០ឆ្នាំ កន្លងមកនេះ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានមានប្រសាសន៍ថា «ពិធីបំពាក់គ្រឿងឥស្សរិយយសនៅថ្ងៃនេះ ជាសក្ខីភាពនៃការទទួលស្គាល់នូវស្នាដៃ និងគុណបំណាច់ ដែលមិនអាចកាត់ថ្លៃបានឡើយ ក្នុងការងារមនុស្សធម៌ ជួយសង្គ្រោះប្រជាពលរដ្ឋងាយរងគ្រោះ»។ មន្ត្រី បុគ្គលិក ដែលបានទទួលគ្រឿងឥស្សរិយយស សុទ្ធតែបានតស៊ូនៅក្នុងបេសកកម្ម មនុស្សធម៌ ជាមួយ កាកបាទក្រហមកម្ពុជា រួមជាកម្លាំងសាមគ្គី អស់រយៈពេលជាង ២០ឆ្នាំមកហើយ អ្នកខ្លះជាង៣០ឆ្នាំក៏មាន គឺចាប់តាំងពីកម្លាំងកាយនៅរឹងមាំ រហូតអ្នកខ្លះបានចូលនិវត្តន៍ អ្នកខ្លះបានបាត់បង់កាយសម្បទា ក្នុងការបំពេញការងារតាមពាក្យស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា» តាមរយៈការឆ្លើយតបទៅនឹងគ្រោះមហន្តរាយ, វិបត្តិភ័យ, ការប្រែប្រួលអាកាសធាតុ, ការការពារបរិស្ថានធម្មជាតិ, ការថែទាំសុខភាពក្នុងសហគមន៍, ជាពិសេសក្នុងរយៈពេលប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ-១៩ ដ៏កាចសាហាវ រហូតយើងទាំងអស់គ្នា សម្រេចបានជោគជ័យ និងបានបើកប្រទេសឡើងវិញ។ ការចូលរួមរបស់មន្ត្រី បុគ្គលិកទាំងអស់ នឹងត្រូវកត់ត្រាទុកនៅក្នុងប្រវត្តិ នៃការអភិវឌ្ឍកាកបាទក្រហមកម្ពុជា តាមទិសវិមជ្ឈការ វិសហមជ្ឈការ ដែលសម្តេច បានដាក់ចុះ ស្របតាមយុទ្ធសាស្ត្រ កាកបាទក្រហមកម្ពុជា និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានគូសបញ្ជាក់ថា «ការលះបង់ និងឆន្ទៈ មនសិការ នៃការប្តេជ្ញាចិត្ត តស៊ូ ជម្នះឧបសគ្គរបស់ មន្ត្រី បុគ្គលិកទាំងអស់ គឺជាគំរូ និងជាកេរដំណែលដ៏ល្អ សម្រាប់យុវជនជំនាន់ក្រោយៗទៀត ហើយបច្ចុប្បន្ននេះ យុវជនយើង បាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការងារសង្គម ការងារមនុស្សធម៌ ការការពារបរិស្ថាន ការប្រែប្រួលអាកាសធាតុ -ល- ដែលក្នុងនោះចំនួនស្ត្រីចូលរួម ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់»។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធាន មានក្តីសង្ឃឹមយ៉ាងមុតមាំថា គ្រឿងឥស្សរិយយស ដែលបំពាក់ជូននាពេលនេះ ពិតជាមានអត្ថន័យដ៏ជ្រាលជ្រៅ ជាប់ក្នុងក្រអៅបេះដូង របស់មន្ត្រីបុគ្គលិកទាំងអស់គ្នា និងជាគំរូលើកទឹកចិត្តដល់ មន្ត្រី បុគ្គលិក ដែលបាននិងកំពុងបន្តបំពេញការងារ ឱ្យកាន់តែមានឆន្ទៈមោះមុត បំពេញភារកិច្ចក្នុងស្មារតីការងារជាក្រុម និងទទួលខុសត្រូវខ្ពស់ ដើម្បីប្រសិទ្ធភាពការងារ ក្នុងបុព្វហេតុមនុស្សធម៌ ជួយប្រជាពលរដ្ឋងាយរងគ្រោះបំផុត ឱ្យបានកាន់តែច្រើនថែមទៀត ដើម្បីជាប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ ព្រះរាជាណាចក្រកម្ពុជា ក្នុងសុខសន្តិភាព និងដើម្បីមនុស្សជាតិលើភពផែនដីទាំងមូល។
សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០២ រហូតមកដល់ពេលបច្ចុប្បន្ននេះ កាកបាទក្រហមកម្ពុជា បានស្នើសុំរាជរដ្ឋាភិបាលកម្ពុជា នូវគ្រឿងឥស្សរិយយស តាមលំដាប់ថ្នាក់ចំនួន៧លើក។ ហើយលើកទី៧ឆ្នាំ២០២៤នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានផ្តល់កិត្តិយដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសចំនួន៧១គ្រឿង ក្នុងនោះរួមមាន៖ គ្រឿងឥស្សរិយយស ជាតូបការ ២៤ គ្រឿង, (ថ្នាក់កណ្តាល១២ , សាខា១២គ្រឿង) , គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍១គ្រឿង, គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍៨គ្រឿង, និងគ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់មហាសេនា៣៨គ្រឿង។

ឆ្លៀតក្នុងឱកាសនេះសម្តេចកិត្តិព្រឹទ្ធបណ្ឌិតឱ្យដឹងថា ថ្វីបើឆ្នាំនេះ ជាឆ្នាំទី៥ហើយដែល កាកបាទក្រហមកម្ពុជា មិនអាចប្រារព្ធអង្គមិទ្ទីងអបអរសាទរទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា បានក៏ដោយ ប៉ុន្តែកាកបាទក្រហមកម្ពុជា នៅតែយកឱកាសនៃខួប១៦១នេះ រៀបចំយុទ្ធនាការកៀរគរកមូលនិធិក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។ ក្នុងនោះសាខាទាំង២៤ទៀត ក៏ត្រូវបានខិតខំយ៉ាងខ្លាំងក្នុងការកៀរគររកថវិកាសម្រាប់ស្ថាប័នមនុស្សធម៌រៀងៗខ្លួនដូចគ្នា។ លើសពីនេះទៅទៀត កាកបាទ ក្រហមកម្ពុជា បានពង្រីកប្រាក់កម្ចីគ្មានការប្រាក់បន្ថែមទៀត ដល់ខេត្តគោលដៅ ចំណែកការអប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងពីការប្រែប្រួលអាកាសធាតុ ការថែទាំសុខភាពសាធារណៈ ការបង្រៀនវិជ្ជាសង្គ្រោះបឋម និងការអប់រំសុខភាពផ្សេងទៀត ក៏សម្រេចបានជោគជ័យគួរជាមោទនៈ។

ដោយសារមគ្គុទេសក៍ភាព ប្រកបដោយគតិបណ្ឌិតនៃ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតជាប្រធាន ទើបកាកបាទក្រហមកម្ពុជា ទទួលបាននូវការឧបត្ថម្ភគាំទ្រ ជាពិសេសពី ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្ដិយស និង សម្ដេចតេជោ ដែលលោកបង្ហាញនូវ វីរគំរូដ៏ឧត្ដុង្គឧត្ដមក្នុងការរក្សាសុខសន្តិភាព ស្ថេរភាពជាតិខ្មែរ និងជានិច្ចកាលគុណតម្លៃមនុស្សធម៌ដោយស្មោះស្ម័គ្រ។ វីរគំរូនេះហើយដែលនាំមកនូវសប្បុរសជនគ្រប់មជ្ឈដ្ឋានមកឧបត្ថម្ភគាំទ្រ កាកបាទក្រហមកម្ពុជា រៀងរាល់ឆ្នាំ និងគ្រប់កាលៈទេសៈ ដែលត្រូវការឱ្យជួយ ញាំងឱ្យសមាគមជាតិមួយនេះ ក្លាយជាសមាគមជាតិមានភាពម្ចាស់ការលើគ្រប់វិស័យ។ មិនថាថ្នាក់កណ្តាល ឬសាខាសុទ្ធតែមានអភិបាលកិច្ចល្អប្រសើរ និងកសាងបានកម្លាំងចលករ យុវជន និងអ្នកស្ម័គ្រចិត្ត រហូតដល់ថ្នាក់ភូមិ ដើម្បីធ្វើសកម្មភាពលើគ្រប់វិស័យអាទិភាពទាំង៤ ហើយសម្រេចបានសមិទ្ធផលគួរជាទីមោទនភាពនៅរៀងរាល់ឆ្នាំ៕






អត្ថបទៈ សំ ងីម
-
PR NEWS4 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា3 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoសម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន3 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន ជម្រុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖កម្លាំងមហាសាមគ្គីជាតិខ្មែរបានគាំទ្ររាជរដ្ឋាភិបាលក្នុងប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំជាមួយថៃដើម្បីដោះស្រាយវិវាទទាមទារដែនសមុទ្រត្រួតស៊ីគ្នា
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា