ព័ត៌មាន
អង្គការមូលនិធិប្រាសាទពិភពលោក បន្តគម្រោងជួសជុលប្រាសាទភ្នំបាខែងដោយរំពឹងថានឹងបញ្ចប់គម្រោងទាំងស្រុងនៅក្នុងឆ្នាំ២០២៩
អង្គការមូលនិធិប្រាសាទពិភពលោក ឬ World Monuments Fund (WMF) កំពុងបន្តកិច្ចសហការជាមួយអាជ្ញាធរជាតិអប្សរា ដើម្បីជួសជុលជ្រុងខាងលិចប្រាសាទភ្នំបាខែង ដោយរំពឹងថា នឹងបញ្ចប់គម្រោងទាំងស្រុង នៅក្នុងឆ្នាំ២០២៩។
លោក ជីវ ភិរម្យ ប្រធានបច្ចេកទេសគម្រោងជួសជុលប្រាសាទភ្នំបាខែង នៃអង្គការ WMF បានឱ្យដឹងថា គម្រោងជួសជុលជ្រុងខាងលិច បានចាប់ផ្តើមដំណើរការពីឆ្នាំ២០២៦ ហើយគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ ២០២៩។
លោកបានពន្យល់ថា ក្រុមការងារបានជួសជុលផ្នែកកម្រាលនៅតាមជាន់ទាំងបួន ដែលតាងដោយអក្សរ F (ជាន់ក្រោម) និងរហូតដល់អក្សរ C ដែលជាជាន់ទីបួន។ នេះជាដំណាក់កាលទី៣ នៃគម្រោងជួសជុលប្រាសាទភ្នំបាខែង ខណៈដែលអង្គការ WMF បានចូលខ្លួនចូលរួមអភិរក្សប្រាសាទនេះតាំងពីឆ្នាំ២០០៤មក។ ចាប់ពីឆ្នាំ២០០៤ ដល់ឆ្នាំ ២០០៧ WMF បានចូលមកសិក្សាស្រាវជ្រាវ និងធ្វើគម្រោងជួសជុលសាកល្បង នៅជាន់F ជ្រុងខាងត្បូងឈៀងខាងលិច។
ដំណាក់កាលទី២ ពីឆ្នាំ២០០៨ និងបញ្ចប់នៅឆ្នាំ២០១៩ ដោយបានជួសជុលចាប់ពីពាក់កណ្តាលជណ្តើរខាងជើង និងខាងត្បូងទៅជ្រុងខាងកើត ហើយក្នុង គម្រោងនោះ ក៏បានធ្វើកំណាយ រួមនឹងការអភិរក្សមួយចំនួនផង។ រីឯដំណាក់កាលទី៣ ចាប់ពីខែ សីហា ឆ្នាំ២០១៩ រហូតដល់ឆ្នាំ២០២៩។
តាមការបញ្ជាក់ពីអ្នកជំនាញ មកដល់បច្ចុប្បន្នគម្រោងជួសជុលប្រាសាទភ្នំបាខែងទាំងមូល សម្រេចបានប្រមាណ ៧៥ភាគរយហើយ ក្នុងនោះការងារជួសជុលនៅជ្រុងខាងលិច កំពុងដំណើរការជួសជុលបានប្រហែល ២៥ភាគរយ។
ចំពោះស្ថានភាពការខូចខាតនៅជ្រុងខាងលិច អ្នកជំនាញពន្យល់ថា មានការស្រុតគ្រឹះ ថ្មងាកចេញពីគ្នា និងមានការដួលរលុះថ្មនៅផ្នែកជញ្ជាំង និងចម្លាក់តោ។ ក្រៅពីជួសជុលពង្រឹងឡើងវិញ ក្រុមការងារក៏បានពង្រឹងថ្មភ្នំដែលខ្លះបានប្រេះ និងមានការពុកផុយ ដោយប្រើបច្ចេកទេសមួយចំនួនដើម្បីឱ្យវារឹងមាំឡើងវិញ។
លោក គង់ សាវបុត្ត នាយកប្រចាំប្រទេសនៃអង្គការ WMF បានបង្ហាញពីមោទកភាព ក្នុងនាមស្ថាប័នអន្តរជាតិរបស់សហរដ្ឋអាមេរិក ដែលបានរួមចំណែកជួយជួសជុល ប្រាសាទមួយចំនួនក្នុងរមណីយដ្ឋានអង្គរ។ ចាប់ពីឆ្នាំ ១៩៨៩មក WMF បានចូលរួមអភិរក្ស និងជួសជុលប្រាសាទព្រះខ័ន ប្រាសាទតាសោម ប្រាសាទអង្គរវត្ត និងបច្ចុប្បន្នកំពុងជួសជុលប្រាសាទភ្នំបាខែង។
បន្ថែមពីនេះ នាយកប្រចាំប្រទេសរូបនេះក៏បានថ្លែងអំណរគុណដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏ដូចជាអគ្គនាយកអាជ្ញាធរជាតិអប្សរា លោកបណ្ឌិត ហង់ ពៅ ដែលបានផ្តល់ទីតាំងត្រៀមកសាង មជ្ឈមណ្ឌលព័ត៌មាននៅខាងក្រោមជើងភ្នំបាខែង ដែលគម្រោងកំពុងសិក្សា និងសាងសង់ នាពេលដ៏ឆាប់ខាងមុខ។ មជ្ឈមណ្ឌលនេះ នឹងតាំងបង្ហាញពីព័ត៌មាន និងសកម្មភាពនានា នៃគម្រោងជួសជុលប្រាសាទភ្នំបាខែង ដើម្បីឱ្យសាធារណជន ក៏ដូចជាភ្ញៀវទេសចរបានដឹង និងស្រាវជ្រាវជាដើម៕

















-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន5 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន4 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង