ព័ត៌មាន
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចុះសួរសុខទុក្ខវីរយុទ្ធជនរងរបួស និងពុលផ្សែងក្នុងសមរភូមិ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងមន្ទីរពេទ្យយោធភូមិភាគទី៤
បើទោះបីជាមានបទឈប់បាញ់ជាបន្ទាន់ជាលើកទី២ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥កន្លងមកហើយក៏ដោយ ក៏នៅមានវីរយុទ្ធជនមួយចំនួននៅបន្តសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ។ ក្នុងមនោសញ្ចេតនាអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ចំពោះពលិកម្មដ៏ធំធេងមិនអាចកាត់ថ្លៃបានសម្រាប់ជាតិមាតុភូមិ, នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦នេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានបន្តអញ្ជើញចុះសួរសុខទុក្ខដោយផ្ទាល់ចំពោះវីរយុទ្ធជនការពារបូរណភាពទឹកដីដ៏អង់អាចក្លាហានដែលរងរបួស និងពុលផ្សែងក្នុងសមរភូមិ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងមន្ទីរពេទ្យយោធភូមិភាពទី៤។ នេះជាការចុះសួរសុខទុក្ខនៅតាមមន្ទីរពេទ្យជាលើកទី៥ របស់អ្នកម្តាយមនុស្សធម៌ ដើម្បីលើកទឹកចិត្ត ផ្តល់ភាពកក់ក្តៅ និងផ្តល់ក្តីសង្ឃឹមដ៏ធំធេងដល់វីរយុទ្ធជនដ៏អង់អាចក្លាហានរបស់យើង ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែមានក្តីបារម្ភ ខ្វល់ខ្វាយគ្រប់វិនាទីចំពោះសុខទុក្ខរបស់វីរយុទ្ធជន និងក្រុមគ្រួសារ ក៏ដូចជាប្រជាជនរងគ្រោះនិងងាយរងគ្រោះបំផុតដែលកំពុងជួបប្រទះនូវទុក្ខលំបាក។
ក្នុងឱកាសចុះសួរសុខទុក្ខនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានអារម្មណ៍ក្ដុកក្ដួល រំជួលចិត្តឥតឧបមា មានក្តីអាណិតអាសូរជាពន់ពេកដល់វីរយុទ្ធជនដែលបានពលី និងលះបង់កម្លាំងកាយចិត្ដ បំពេញការងារដោយបេះដូង និងឆន្ទៈខ្ពស់បំផុត ក្នុងការការពារបូរណភាពទឹកដី លះបង់ឈាមស្រស់ សាច់ស្រស់ បូជាជូនជាតិមាតុភូមិ ដោយក្តីមោទនភាពជាទីបំផុត។ ទន្ទឹមនឹងនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងក្រៃលែងចំពោះភរិយា និងក្រុមគ្រួសាររបស់វីរយុទ្ធជន ដែលពិតជាមានការលះបង់ខ្ពស់បំផុតឱ្យស្វាមីទៅសមរភូមិមុខ ដើម្បីបុព្វហេតុជាតិមាតុភូមិ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បាននាំនូវព្រះរាជបណ្តាំផ្តាំផ្ញើសួរសុខទុក្ខ ព្រះទ័យអាណិតអាសូរ ក្តីមេត្តាករុណាពីសំណាក់ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជាពិសេសការគោរពស្ញប់ស្ញែងចំពោះទឹកចិត្តដ៏អង់អាចក្លាហាន ហ៊ានពលិកម្មគ្រប់បែបយ៉ាងដើម្បីបូរណភាពទឹកដីជាទីស្នេហានៃយើង និងសូមជូនពរដល់វីរយុទ្ធជនគ្រប់រូប សូមឆាប់បានជាសះស្បើយឡើងវិញ។

បន្ទាប់ពីបានជួបសំណេះសំណាលដោយផ្ទាល់នៅតាមបន្ទប់និងគ្រែនីមួយៗ, វីរយុទ្ធជន និងក្រុមគ្រួសារ មានក្តីរំភើបឥតឧបមា ដោយទទួលបានការថ្នាក់ថ្នមដោយភាពកក់ក្ដៅ ដែលនេះជាការផ្ដល់កម្លាំងចិត្ដមួយដ៏ធំធេងមិនអាចកាត់ថ្លៃបាន សម្រាប់វីរយុទ្ធជនទាំងអស់។ ក្នុងឱកាសដ៏រំភើបនេះដែរ វីរយុទ្ធជន និងក្រុមគ្រួសារ បានលើកដៃប្រណម្យថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែគិតគូរពីសុខទុក្ខ លើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមដ៏ធំធេងដល់ប្រជាជនគ្រប់រូប ពោលគឺទីណាដែលមានទុក្ខលំបាក ទីនោះគឺមានបេះដូង និងទឹកចិត្ដសង្គ្រោះរបស់អ្នកម្ដាយមនុស្សធម៌។
វីរយុទ្ធជនទាំងអស់ និងក្រុមគ្រួសារ សូមប្រសិទ្ធពរជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ជន្មាយុយឺនយូរ ដើម្បីជាម្លប់ដ៏កក់ក្តៅដល់ប្រជាជនកម្ពុជា ជារៀងដរាប។
ជាមួយនឹងការចុះសួរសុខទុក្ខនេះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បាននាំយកអំណោយមនុស្សធម៌រួមមានគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួនផ្តល់ជូនវីរយុទ្ធជនគ្រប់ៗរូបផងដែរ៕

















-
ព័ត៌មាន7 days agoនាវាទេសចរណ៍ខ្នាតយក្ស VIKING VENUS នាំភ្ញៀវបរទេសជិត ៩០០ នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
-
ព័ត៌មាន6 days agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ
-
ព័ត៌មាន6 days agoសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ផ្ដល់ព្រះរាជអំណោយដល់កងទ័ព និងធ្វើបុណ្យឧទ្ទិសកុសលដល់យុទ្ធជនពលី
-
ព័ត៌មាន6 days agoការកសាងគម្រោងគ្រប់គ្រងធនធានចម្រុះហ្វូណនតេជោ នឹងចូលរួមលើកស្ទួយកិត្តិយស និងសមត្ថភាពរបស់ជាតិ ព្រមទាំងជំរុញឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែរីកចម្រើន ប្រកបដោយភាពធន់
-
ព័ត៌មាន6 days agoអាជ្ញាធរខេត្តកំពង់ឆ្នាំង បានរៀបចំតុបតែងលម្អភ្លើងពណ៌តាមទីតាំងប្រារព្ធសង្ក្រាន្តក្នុងខេត្តបានរួចរាល់ហើយ
-
ព័ត៌មាន6 days agoភ្ញៀវទេសចរចាប់ផ្ដើមនាំគ្នាដើរទស្សនាទីតាំងរៀបចំព្រឹត្តិការណ៍«នគរសង្ក្រាន្ត» ដែលមានការតុបតែងយ៉ាងល្អ
-
ព័ត៌មាន1 week agoគណៈបញ្ជាការឯកភាពរាជធានី បើកប្រតិបត្តិការចុះបង្ក្រាបទីតាំងឆបោកតាមប្រពន្ធ័បច្ចេកវិទ្យានៅខណ្ឌសែនសុខឃាត់ជនបរទេស ២១៨នាក់
-
ព័ត៌មាន6 days agoឃាត់ខ្លួនជនសង្ស័យ ៤៩នាក់ពាក់ព័ន្ធ Online Scams និងជនបរទេសស្នាក់នៅខុសច្បាប់ជាច្រើននាក់ទៀត