ព័ត៌មាន
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានដឹកនាំគណៈប្រតិភូក្រសួងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ាន លើកទី៦ រយៈពេលពីរថ្ងៃ នៅប្រទេសវៀតណាម
នៅថ្ងៃទី១៥-១៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូក្រសួងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ានលើកទី៦ (6th ASEAN Digital Ministers’ Meeting – ADGMIN) នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយមានការចូលរួមពីរដ្ឋមន្រ្តីឌីជីថលរបស់រដ្ឋសមាជិកអាស៊ាន និងដៃគូអាស៊ាន ដែលរួមមានសាធារណរដ្ឋកូរ៉េ ចិន ជប៉ុន ឥណ្ឌា សហរដ្ឋអាមេរិក និងសហភាពទូរគមនាគមន៍អន្តរជាតិ។

កិច្ចប្រជុំបានពិនិត្យវឌ្ឍនភាពកិច្ចសហប្រតិបត្តិការរវាងរដ្ឋសមាជិក ព្រមទាំងរវាងរដ្ឋសមាជិកនិងដៃគូ ដែលបានអនុវត្តក្នុងឆ្នាំ២០២៥និងផែនការឆ្នាំ២០២៦។ ជាពិសេស នៅឆ្នាំនេះកិច្ចប្រជុំបានពិនិត្យរបាយការណ៍អនុវត្តផែនការមេឌីជីថលអាស៊ាន២០២៥ ព្រមទាំងអនុម័តនិងដាក់ឱ្យប្រើជាផ្លូវការផែនការមេឌីជីថលអាស៊ាន២០៣០ (ASEAN Digital Masterplan 2030) ដែលនឹងក្លាយជាឯកសារគោលសម្រាប់កិច្ចសហការឌីជីថលក្នុងតំបន់រយៈពេល៥ឆ្នាំទៅមុខ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្ដមរដ្ឋមន្ត្រីបានជួបប្រជុំទ្វេភាគីជាមួយបណ្ដាប្រទេសរួមមានប្រទេសម៉ាឡេស៊ី ជប៉ុន វៀតណាម ទីម័រឡេស្តេ និងឡាវ ព្រមទាំងទទួលជួបជាមួយវិស័យឯកជននានា រួមមានការធ្វើទស្សនកិច្ចទៅទីស្នាក់ការកណ្ដាលនៃក្រុមហ៊ុន វៀតធែល។

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្ដីពីកិច្ចសហការរដ្ឋាភិបាលឌីជីថលជាមួយ ឯកឧត្តម Gobind Singh Deo រដ្ឋមន្ត្រីក្រសួងឌីជីថលនៃប្រទេសម៉ាឡេស៊ី និងកំណត់ហេតុប្រជុំរួម ជាមួយ ឯកឧត្ដម Hayashi Yoshimasa រដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុងនិងសារគមនាគមន៍នៃប្រទេសជប៉ុន ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយដៃគូទាំងពីរក្នុងទិសដៅជំរុញការអភិវឌ្ឍវិស័យឌីជីថល រួមមានបញ្ញាសិប្បនិម្មិត ទូរសព្ទចល័តជំនាន់ទី៥ ប្លុកឆេន ក្លោដ និងរដ្ឋាភិបាលឌីជីថល។

ក្នុងឱកាសនេះផងដែរ ឯកឧត្ដមរដ្ឋមន្ត្រីបានផ្ដល់កិត្តិយសផ្ដល់ពានរង្វាន់ឌីជីថលអាស៊ាន លើផ្នែកសេវាសាធារណៈ ដែលឆ្នាំនេះថ្នាលគាំពារសង្គមឌីជីថលរបស់កម្ពុជាបានទទួលមេដាយមាស គួរជាទីមោទនៈ សម្រាប់បរិវត្តកម្មរដ្ឋាភិបាលឌីជីថលនៅកម្ពុជា។

គួរកត់សម្គាល់ថា កិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ានជាកិច្ចប្រជុំធំបំផុតប្រចាំឆ្នាំផ្នែកឌីជីថលក្នុងតំបន់អាស៊ាន ដែលមានការចូលរួមពីក្រសួងឌីជីថលរបស់គ្រប់សមាជិកអាស៊ាននិងដៃគូ ដើម្បីពិភាក្សាលើការវិវឌ្ឍនៃវិស័យឌីជីថលនិងកិច្ចសហការវិស័យឌីជីថល។









-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន5 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន4 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង