ព័ត៌មាន
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ «បច្ចុប្បន្ន កម្ពុជា មិនទាន់មានករណីជំងឺនីប៉ាហ៍ (Nipah) នៅឡើយទេ»
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជា មិនទាន់មានករណីជំងឺនីប៉ាហ៍(Nipah Virus) នៅឡើយទេ ប៉ុន្តែក្រសួងមានភារកិច្ច ក្នុងការរៀបចំបង្ការការចម្លងចូលទៅក្នុងសហគមន៍។
ការថ្លែងរបស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា យ៉ាងដូច្នេះនាឱកាសអញ្ជើញចុះពិនិត្យការអនុវត្តការងារចត្តាឡីស័ក នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីបង្ការ និងទប់ស្កាត់នូវការនាំចូលជំងឺឆ្លងនានា ជាពិសេសជំងឺនីប៉ាស៍(Nipah Virus) ដែលកំពុងកើតមានក្នុងបណ្តាប្រទេសតំបន់អាស៊ី, ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកឧកញ៉ា វ៉ាន់ ឆារស៍ នាយកគ្រប់គ្រងក្រុមហ៊ុន ខេមបូឌា អ៊ែរផត អិនវេសមិន ខូអិលធីឌី ឯ.ក (CAIC) និងឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំទទួលបន្ទុកជំងឺឆ្លង វិទ្យាស្ថានជាតិសុខភាពសាធារណៈ វិទ្យាស្ថានប៉ាស្ទ័រ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មន្រ្តីចត្តាឡីស័ក, កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា បច្ចុប្បន្នកម្ពុជាមិនទាន់មានករណីជំងឺនីប៉ាហ៍ នៅឡើយទេ ប៉ុន្តែក្រសួងសុខាភិបាលមានភារកិច្ច ក្នុងការរៀបចំបង្ការការចម្លងចូលទៅក្នុងសហគមន៍។ ក្នុងករណីមានការសង្ស័យ លើអ្នកដំណើរត្រូវអនុវត្តតាមនីតិវិធីស្តង់ដា ក្នុងការឆ្លើយតបគ្រោះអាសន្នសុខភាពសាធារណៈនៅច្រកចេញចូលប្រទេស ដោយត្រូវមានការសហការគ្នាឱ្យបានជិតស្និតជាមួយគ្រប់ផ្នែកពាក់ព័ន្ធ អាកាសយានដ្ឋាន ក្រុមហ៊ុនហោះហើរ មន្ទីរពេទ្យជាតិ និងមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី-ខេត្ត។ ជាជំហានបន្ទាប់ត្រូវមាន លំហាត់សមយុទ្ធត្រៀមករណីមានការសង្ស័យមកដល់ គិតតាំងពីការរកឃើញ ការដាក់ឱ្យនៅដាច់ដោយឡែក ការបញ្ជូន ការព្យាបាល និងការអនុញ្ញាតិឱ្យចេញពីមន្ទីរពេទ្យ។
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានថ្លែងអំណរគុណដល់ភាគីពាក់ព័ន្ធ ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលដែលបានចូលរួម និងត្រៀមរួចជាស្រេច ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធិភាព «ការពារថ្ងៃនេះ អ្នកនឹងបានប្រសើរនៅថ្ងៃស្អែក»។
សូមជម្រាបជូនថា ជំងឺនីប៉ាហ៍ (Nipah) គឺជាជំងឺបង្កឡើងដោយវីរុសនីប៉ាហ៍ រាលដាលដោយផ្ទុកលើសត្វប្រចៀវ សត្វច្រឹង និងអាចឆ្លងមក មនុស្ស និងជ្រូក។ ជំងឺនេះអាចឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត តាមរយៈការប៉ះពាល់ផ្ទាល់ តាមទឹកសរីរាង្គ របស់មនុស្ស និងមានអត្រាស្លាប់ចន្លោះពី៤០ភាគរយ ទៅ៧០ភាគរយ។ វីរុសរកឃើញដំបូងក្នុងឆ្នាំ១៩៩៩ នៅប្រទេសម៉ាឡេស៊ី និងប្រទេសសិង្ហបុរី បណ្តាលឱ្យមនុស្ស១០០នាក់បានស្លាប់ក្នុងចំណោមអ្នកឆ្លងវីរុសចំនួន៣០០នាក់។ ប៉ុន្តែបន្ទាប់ពីពេលនោះរហូតមកដល់បច្ចុប្បន្ន មិនមានការផ្ទុះឡើងជាថ្មីត្រូវបានគេរាយការណ៍ពីប្រទេសម៉ាឡេស៊ី ទៀតទេ។ វីរុសត្រូវបានរកឃើញក្នុងប្រទេសបង់ក្លាដែសនិងប្រទេសឥណ្ឌា ក្នុងឆ្នាំ២០០១ និងមានការផ្ទុះឡើងស្ទើររាល់ឆ្នាំក្នុងប្រទេសបង់ក្លាដែស និងភាគខាងកើតប្រទេសឥណ្ឌា នៅចន្លោះពេលទៀងទាត់។ ប្រទេសកម្ពុជា នៅមិនទាន់រកឃើញមានវីរុសនីប៉ាហ៍ នៅលើមនុស្សនៅឡើយ និងធ្លាប់រកឃើញលើសត្វប្រចៀវ៕អត្ថបទ រដ្ឋា










-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត