ព័ត៌មាន
ក្រសួងប្រកាសប្រមូលត្រឡប់វិញផលិតផលទឹកដោះគោម្សៅ Babybio Optima 1 ខណៈអាចបង្កហានិភ័យដល់សុខភាពទារក កុមារ និង អ្នកប្រើប្រាស់ទូទៅ
ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជន ជាពិសេសមាតាបិតា និងអាណាព្យាបាលទារក និងកុមារទាំងអស់ឱ្យបានជ្រាបថា យោងតាមលិខិតរបស់ទីភ្នាក់ងារជាតិសម្រាប់ សុវត្ថិភាព ចំណីអាហារប្រទេសបារាំង និងលិខិតបញ្ជាក់របស់រោងចក្រឈ្មោះ VITAGERMINE បានបញ្ជាក់ថា ផលិតផលទឹកដោះគោម្សៅឈ្មោះ Babybio Optima 1 ចំនួន ៣ ឡូតិ៍ (ដូចមានភ្ជាប់មកជាមួយនូវរូបភាព ផលិតផល) អាចមានវត្តមាន Toxin ឈ្មោះ Cereulide ដែលបង្ក ហានិភ័យដល់សុខភាពទារក កុមារ និង អ្នកប្រើប្រាស់ទូទៅផងដែរ។ ផលិតផលទឹកដោះគោម្សៅទាំង ៣ឡូតិ៍នេះមានដូចនៅក្នុងតារាងខាងក្រោម៖ តាមការបញ្ជាក់របស់ក្រុមហ៊ុន Comptoir Perfect Pharmed Co., Ltd ដែលជាអ្នកនាំចូលផលិតផល ទឹកដោះគោម្សៅនេះ បានជម្រាបជូនថា ក្រុមហ៊ុនបាននាំចូលផលិតផលទឹកដោះគោម្សៅទាំង ៣ឡូតិ៍ខាងលើ ប៉ុន្តែក្រុមហ៊ុនទើបបានចែកចាយផលិតផលចំនួន ២ឡូតិ៍ រួមមានលេខឡូតិ៍ 894408 និង 900035 ក្នុងចំណោម ផលិតផលទាំង ៣ឡូតិ៍ខាងលើ។ ទោះបីយ៉ាងណាក៏ដោយ ដើម្បីធានាបាននូវសុវត្ថិភាពចំពោះអ្នកប្រើប្រាស់ ក្រសួង សុខាភិបាល តម្រូវឱ្យក្រុមហ៊ុន Comptoir Perfect Pharmed Co., Ltd ប្រមូលត្រឡប់មកវិញនូវផលិតផល ទឹកដោះគោម្សៅទាំង ៣ឡូតិ៍ ខាងលើជាបន្ទាន់ និងត្រូវបន្តប្រមូលផលិតផលខាងលើ ឱ្យអស់ពីលើទីផ្សារនៅ ព្រះរាជាណាចក្រកម្ពុជាក្នុងរយៈពេលខ្លីខាងមុខនេះ។
ទន្ទឹមនេះដែរ ដើម្បីធានាបាននូវអនាម័យ និងសុវត្ថិភាព សូមអាជ្ញាធរមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធ ទាំងអស់បន្តសហការ៖
គ្រប់ទីតាំងចែកចាយ ឬលក់ផលិតផលខាងលើទាំងអស់ ត្រូវបញ្ឈប់ការចែកចាយ ឬលក់ ជាបន្ទាន់ភ្លាម និងត្រូវប្រគល់ផលិតផលទាំងនេះ ទៅឱ្យក្រុមហ៊ុន Comptoir Perfect Pharmed Co., Ltd វិញ។
គ្រប់មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី ខេត្ត បន្តចុះត្រួតពិនិត្យតាមបណ្តាទីផ្សារ ផ្សារទំនើប ឱសថស្ថាន និងឱសថស្ថានរង ដើម្បីទប់ស្កាត់ការចរាចរនៃផលិតផលទាំង ៣ឡូតិ៍ខាងលើ។
ចំពោះមាតាបិតា ឬអាណាព្យាបាល ដែលបានទិញនិងកំពុងប្រើប្រាស់ផលិតផលទឹកដោះគោម្សៅ Babybio Optima 1 ដែលមានលេខឡូតិ៍ខាងលើ សូមបញ្ឈប់ការប្រើប្រាស់ជាបន្ទាន់ និងតាមដានសុខភាព កូនជាប្រចាំ។ ក្នុងករណីមានរោគសញ្ញាដូចជា រាក ឬក្អួត សូមប្រញាប់នាំកូនទៅកាន់មន្ទីរពេទ្យ ឬ មណ្ឌលសុខភាពនៅជិតបំផុតជាបន្ទាន់។
ករណីបងប្អូនបានជួបប្រទះឃើញ ឬកំពុងប្រើប្រាស់ លក់ ឬចែកចាយ ផលិតផលខាងលើ ឬបានឃើញ ទារក និងកុមារតូចៗ មានរោគសញ្ញាសង្ស័យពាក់ព័ន្ធនឹង ការប្រើប្រាស់ផលិតផលនេះ សូមប្រគល់ ផលិតផលនោះទៅទីតាំងដែលបានទិញវិញឬជូនដំណឹងទៅលេខទូរសព្ទខាងក្រោម។
អាស្រ័យហេតុនេះ សូមសាធារណជន មាតាបិតា និងអាណាព្យាបាលទាំងអស់ មេត្តាជ្រាប និងចូលរួម សហការអនុវត្តតាមសេចក្តីប្រកាសព័ត៌មាននេះឱ្យមានប្រសិទ្ធភាពខ្ពស់។



-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត