ព័ត៌មាន
សម្ព័ន្ធក្លឹបចំនួន៦០ ចូលរួមប្រកួតប៊ូល និងប៉េតង់ ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥
ការប្រកួតកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ បានចាប់ផ្តើមប្រកួតហើយកាលពីម្សិលមិញ នាពហុកីឡដ្ឋានអូឡាំពិច ដោយមានការចូលរួមពីសម្ព័ន្ធ ក្លឹប ចំនួន៦០ មកពី ១១រាជធានីខេត្ត និង៣ស្ថាប័ន។ ការចូលរួមឆ្នាំនេះមានសន្ទុះកើនឡើង សហព័ន្ធបានរៀបចំ វិញ្ញាសាប្រកួតក្រិតក្រំ ដើម្បីជ្រើសរើសកីឡាករ កីឡាការិនីមានទេពកោសល្យ និងមានសមត្ថភាព មកបំពេញបន្ថែម ជម្រើសជាតិ ដើម្បីធ្វើការប្រមូលផ្តុំ សម្រាប់ឆ្នាំ២០២៦ និងត្រៀមលក្ខណៈ ចូលរួមការប្រកួត កម្រិតអន្តរជាតិនានារួមមមាន៖ ការប្រកួតកីឡានិស្សិតសាកលវិទ្យាល័យអាស៊ាន ជើងឯកពិភពលោក ជើងឯកអាស៊ី ។
ថ្លែងក្នុងពិធីបើកកាប្រកួត ឯកឧត្តម សុខ សូកាន រដ្ឋលេខាធិការ ក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធាន សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានលើកឡើងថា ការប្រកួតនេះ រៀបចំឡើងក្នុងគោលបំណង លើកស្ទួយវិស័យកីឡាមួយនេះ ឲ្យរឹតតែមានការគាំទ្រ ពីមហាជន និងជាការបង្កើនទំនាក់ទំនង រវាងសម្ព័ន្ធ ក្លឹប។ លើសពីនេះក៏ជាការផ្ដល់ឱកាស ដល់កីឡាករ កីឡាការិនី ទូទាំងប្រទេសដែលបានហ្វឹកហាត់នៅក្នុងមូលដ្ឋាន បានប្រកួតប្រជែងនិងជាវេទិកាសម្រាប់សហព័ន្ធសម្លឹងមើលកីឡាករ កីឡាការិនី ដែលមានសក្តានុពល និងឧបនិស្ស័យលើកីឡាប៉េតង់ចូលរួមប្រមូលផ្តុំជាក្រុមជម្រើសជាតិ នាឆ្នាំបន្តបន្ទាប់ទៀត។
ឯកឧត្តម សុខ សូកាន បានបន្តថា សក្តានុពលរបស់កម្ពុជា លើវិស័យកីឡា ប៊ូល និងប៉េតង់ ត្រូវបានការទទួលស្គាល់ ទាំងកម្រិត តំបន់ និងពិភពលោក ព្រមទាំងត្រូវបាន សហព័ន្ធកីឡាប៊ូល និងប៉េតង់អន្តរជាតិ(FIPJP)កន្លងមក បានប្រសិទ្ធនាមកម្ពុជាថា ជាប្រទេស មហាអំណាច លើវិស័យកីឡាប៉េតង់ ដែលនេះគឺជា មោទកភាព សម្រាប់ប្រជាជាតិកម្ពុជាទាំងមូល។
ឯកឧត្តម ប្រធានសហព័ន្ធ បានបញ្ជាក់បន្ថែមថា សម្រាប់ការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ នេះ សហព័ន្ធនឹងជ្រើសរើសវិញ្ញាសា ៣ទល់៣ ក្រុមចម្រុះបុរសខ្លាំងៗ ចំនួន ១០ ក្រុម ដើម្បីត្រៀមសម្រាប់ការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៦ ដែលនឹងដំណើរការប្រកួតជម្រុះក្នុងក្របខណ្ឌ ក១។
ចាប់ពីឆ្នាំ២០២៦ តទៅ សហព័ន្ធនឹងរៀបចំការប្រកួតលីគ ដោយបែងចែកជាពីរក្របខណ្ឌ គឺ ក្របខណ្ឌ ក១ និងក្របខណ្ឌ ក២ ដោយក្រុមក្របខណ្ឌ ក១ ដែលបានចំណាត់ថ្នាក់លេខ ៩ និងលេខ ១០ នឹងត្រូវធ្លាក់ចេញ ហើយជំនួសមកវិញដោយក្រុមលេខ ១ និងលេខ ២ ពីក្របខណ្ឌ ក២។ យុទ្ធសាស្រ្តនេះ គឺដើម្បីបង្កើនភាពទាក់ទាញ សមភាព និងការប្រកួតប្រជែងយ៉ាងតឹងរឹងរវាងសម្ព័ន្ធក្លិបរាជធានី–ខេត្ត។
សូមបញ្ជាក់ដែរថា ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ របស់សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា នេះធ្វើឡើងរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី២៨ ដល់ ៣០ ខែមករា ឆ្នាំ២០២៦ នៅទីលាន របស់សហព័ន្ធ ក្នុងពហុកីឡាដ្ឋានជាតិ ដោយមាន ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ចូលរួមចំនួន ៤១៦នាក់ មកពី ១១រាជធានីខេត្ត និង៣ស្ថាប័ន ស្មើនឹង ៦០សម្ព័ន្ធ-ក្លិប ដោយប្រកួតលើ ៨វិញ្ញាសា៕







-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត