ព័ត៌មាន
សម្ដេចតេជោ ផ្ញើសារទៅក្រុមឧក្រិដ្ឋជនបទល្មើសបច្ចេកវិទ្យាថា «កម្ពុជាមិនមែនជាទីសុវត្ថិភាពរបស់ពួកគេក្នុងការប្រព្រឹត្តឧក្រិដ្ឋកម្មនោះឡើយ ក៏ប៉ុន្ដែកម្ពុជាគឺជាឋាននរកនៃឧក្រិដ្ឋជនទាំងឡាយ»
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានផ្ញើសារទៅកាន់ឧក្រិដ្ឋជនបទល្មើសបច្ចេកវិទ្យាទាំងឡាយដែលចង់មកប្រព្រឹត្តឧក្រិដ្ឋកម្មនៅក្នុងប្រទេសកម្ពុជាថា «កម្ពុជាមិនមែនជាទីសុវត្ថិភាពរបស់ពួកគេក្នុងការប្រព្រឹត្តឧក្រិដ្ឋកម្មនោះឡើយ ក៏ប៉ុន្ដែ កម្ពុជាគឺជាឋាននរកនៃឧក្រិដ្ឋជនទាំងឡាយនៅពេលដែលពួកគេមកដល់ប្រទេសកម្ពុជា»។
សម្ដេចតេជោ ហ៊ុន សែន បានផ្ញើសារបែបនេះ ក្នុងឱកាស អនុញ្ញាតជូន ជូន ឯកឧត្តម គឹម ចាងយ៉ុង (KIM Chang Yong) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង)តែងតាំងថ្មីប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦នេះ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបនេះថា ក្នុងជំនួបនេះសម្ដេចតជោបានលើកឡើងទាក់ទងនឹងឧក្រិដ្ឋកម្មបទល្មើសបច្ចេកវិទ្យា (online scams) ដោយក្នុងនោះសម្ដេចតេជោ បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារចម្រុះរវាងសាធារណរដ្ឋកូរ៉េ និងកម្ពុជាក្នុងការបង្រ្កាបឧក្រិដ្ឋកម្មបទល្មើសបច្ចេកវិទ្យាដែលទទួលបានលទ្ធផលល្អប្រសើរជាបន្តបន្ទាប់។ សម្ដេចតេជោ ក៏ឆ្លៀតចូលរួមរំលែកទុក្ខចំពោះករណីនិស្សិតកូរ៉េខាងត្បូង ដែលត្រូវបានឧក្រិដ្ឋជនធ្វើទារុណកម្មហើយបានស្លាប់នៅកម្ពុជា, ដោយសម្ដេចតេជោបានសម្ដែងនូវការសោកស្ដាយ និងចូលរួមរំលែកនូវមរណទុក្ខយ៉ាងក្រៀមក្រំចពោះរឿងនេះ។
យ៉ាងណាក៏ដោយសម្ដេចតេជោ បានចោទជាសំណួរទៅកាន់ឯកឧត្តម ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង ដោយឱ្យភាគីកូរ៉េចែករំលែក និងផ្ដល់ព័ត៌មានដែលមានពាក់ព័ន្ធនឹងឧក្រិដ្ឋជននៃបទល្មើសបច្ចេកវិទ្យាដែលបានសម្លាប់និស្សិតកូរ៉េខាងត្បូងនៅក្នុងប្រទេសកម្ពុជា ប៉ុន្ដែត្រូវបានចាប់ខ្លួននៅក្នុងប្រទេសថៃ? ត្រង់ចំណុចនេះ សម្ដេចតេជោ មានការចំឡែកចិត្តថា ហេតុអ្វីឧក្រិដ្ឋជនអាចបោកប្រាស់និស្សិតកូរ៉េខាងត្បូងមកសម្លាប់នៅក្នុងប្រទេសកម្ពុជាបានហើយបែរជាត្រូវបានចាប់ខ្លួនឧក្រិដ្ឋជននោះនៅលើទឹកដីប្រទេសថៃទៅវិញ? ដូច្នេះហើយសម្ដេចតេជោ ចង់ឱ្យភាគីកូរ៉េចែករំលែកព័ត៌មាន ដើម្បីធានានូវតម្លាភាពនៃករណីនេះ ពីព្រោះកម្ពុជាក៏ត្រូវឈ្វេងយល់បន្ថែមអំពីរឿងនេះថាតើមានស្ថានភាព និងកម្រិតនៃរឿងមានទំនាក់ទំនងស៊ីជម្រៅកម្រិតណាដើម្បីឈានទៅរកការដោះស្រាយបញ្ហា ជាពិសេស គឺការប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យានេះឱ្យមានប្រសិទ្ធភាព។
សម្ដេចតេជោបានលើកឡើងថា ថៃនឹងកូរ៉េខាងត្បូងមានទំនាក់ទំនង និងសហការគ្នាយ៉ាងល្អក្នុងការបង្ក្រាបឧក្រិដ្ឋកម្មបទល្មើសបច្ចេកវិទ្យានេះ ដូច្នេះសម្ដេចចង់ឱ្យភាគីកូរ៉េខាងត្បូងសហការចែករំលែកព័ត៌មានទាក់ទងនឹងការសម្លាប់និស្សិតកូរ៉េខាងត្បូងនៅលើទឹកដីកម្ពុជា តែឧក្រិដ្ឋជននោះត្រូវបានចាប់ខ្លួននៅលើទឹកដីប្រទេសថៃ។
ទាក់ទងទៅនឹងការលើកឡើងរបស់សម្ដេចតេជោ ពាក់ព័ន្ធទៅនឹងឧក្រិដ្ឋកម្មបទល្មើសបច្ចេកវិទ្យា ឯកឧត្តមឯកអគ្គរដ្ឋទូតបានអរគុណចំពោះកម្ពុជាដែលបានសហការយ៉ាងល្អជាមួយកូរ៉េខាងត្បូង ដោយបានបង្កើតជាក្រុមការងារចម្រុះរវាងប្រទេសទាំងពីរកាលពីខែវិច្ឆិកា ឆ្នាំ២០២៥កន្លងទៅ ហើយបានធ្វើការងារយ៉ាងល្អជាមួយគ្នា។ ឯកឧត្តមបានរំលេចដែរថា លោកប្រធានាធិបតីកូរ៉េខាងត្បូងក៏បានសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារចម្រុះរវាងកម្ពុជា និងកូរ៉េខាងត្បូងក្នុងការបង្ក្រាបបទល្មើសបច្ចេកវិទ្យានេះផងដែរ។
ទាក់ទងនឹងការលើកឡើងរបស់សម្ដេចតេជោ ចង់ឱ្យមានការចែករំលែកព័ត៌មានអំពីការបង្ក្រាបឧក្រិដ្ឋជនបទល្មើសបច្ចេកវិទ្យាដែលបានសម្លាប់និស្សិតកូរ៉េខាងត្បូងនៅលើទឹកដីថៃនោះ, ឯកឧត្តម ឯកអគ្គរដ្ឋទូតបានលើកឡើងថា ឯកឧត្តមនឹងរាយការណ៍បន្ថែមទៅកាន់រដ្ឋាភិបាលកូរ៉េខាងត្បូងបន្ថែមទៀតចំពោះការលើកឡើងរបស់សម្ដេចតេជោ ហើយឯកឧត្តមសង្ឃឹមថា ភាគីកម្ពុជា កូរ៉េខាងត្បូង និងថៃ នឹងធ្វើការសហការគ្នាបន្ថែមទៀតក្នុងការបង្រ្កាបឧក្រិដ្ឋកម្មបទល្មើសបច្ចេកវិទ្យានេះ។
ក្នុងឱកាសនោះ ឯកឧត្តមក៏បានរំលេចបន្ថែមអំពីការយកចិត្តទុកដាក់យ៉ាងខ្លាំងអំពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស គឺសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ដែលបានខិតខំប្រឹងប្រែងក្នុងការសហការ លើការបង្ក្រាបឧក្រិដ្ឋកម្មបទល្មើសបច្ចេកវិទ្យានេះ។ ជាចុងក្រោយឯកឧត្តម ក៏បានអរគុណចំពោះសម្ដេចតេជោ ដែលបានចូលរួមលំលែកមរណទុក្ខចំពោះនិស្សិតកូរ៉េខាងត្បូងដែលត្រូវបានឧក្រិដ្ឋជន សម្លាប់នៅក្នុងប្រទេសកម្ពុជា។
ជាចុងក្រោយ សម្ដេចតេជោ បានបញ្ជាក់ទៅកាន់ឯកឧត្តម ឯកអគ្គរដ្ឋទូតថា សកម្មភាពនៃការបង្រ្កាបបទល្មើសបច្ចេកវិទ្យា គឺកម្ពុជាកំពុងតែធ្វើការយ៉ាងសកម្ម ដោយធ្វើការសហការជាមួយបណ្ដាប្រទេសពាក់ព័ន្ធ ពីព្រោះបញ្ហាឧក្រិដ្ឋកម្មបទល្មើសបច្ចេកវិទ្យានេះមិនមែនជាបញ្ហាកម្ពុជាដោយឡែកនោះទេ ក៏ប៉ុន្ដែវាជាបញ្ហាតំបន់ និងក្លាយទៅជាបញ្ហារបស់សកលលោកទាំងមូល ដូច្នេះតម្រូវឱ្យមានការសហការជាអន្តរប្រទេស។
សម្ដេចតេជោ បានរំលេចពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មបទល្មើសបច្ចេកវិទ្យានេះថា «សកម្មភាពដែលកម្ពុជាបង្ក្រាបនូវឧក្រិដ្ឋកម្មបទល្មើសបច្ចេកវិទ្យាយ៉ាងសកម្មនៅពេលនេះ គឺចង់បង្ហាញជាសារទៅកាន់ឧក្រិដ្ឋជនទាំងឡាយដែលចង់មកប្រព្រឹត្តឧក្រិដ្ឋកម្មនៅប្រទេសកម្ពុជាថា កម្ពុជាមិនមែនជាទីសុវត្ថិភាពរបស់ពួកគេក្នុងការប្រព្រឹត្តឧក្រិដ្ឋកម្មនោះឡើយ ក៏ប៉ុន្ដែកម្ពុជាគឺជាឋាននរកនៃឧក្រិដ្ឋជនទាំងឡាយ នៅពេលដែលពួកគេមកដល់ប្រទេសកម្ពុជា គឺកម្ពុជាជាឋាននរកសម្រាប់ពួកគេ»៕







-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត