ព័ត៌មាន
ប្រជាពលរដ្ឋចំនួនជាង៦០០នាក់ ទទួលបានលទ្ធផលល្អក្នុងវេទិកាការងារនៅខេត្តសៀមរាប
តាមរយៈកម្មវិធីវេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវ: នៅខេត្តសៀមរាប ដែលសហការរៀបចំដោយ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីសប្តាហ៍កន្លងទៅនេះ ប្រជាពលរដ្ឋដែលបានដាក់ពាក្យ និងជាប់ការងារ (បឋម) មានចំនួន ៦៤៣នាក់។

ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ប្រាប់ព័ត៌មានប៊ីធីវី នៅព្រឹកថ្ងៃទី២ ខែកុម្ភៈនេះឱ្យដឹងថា វេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវ: រយៈពេល២ថ្ងៃកន្លងទៅនេះ នៅខេត្តសៀមរាប ត្រូវបានបញ្ចប់ទៅដោយរលូន និងទទួលបានអ្នកចូលរួមស្វែងយល់អំពីឱកាសការងារ ក៏ដូចជាអត្ថប្រយោជន៍ផ្សេងទៀតក្នុងវិស័យការងារចំនួន ១ ៥៩៥នាក់។
ឯកឧត្តមអ្នកនាំពាក្យ បានលើកឡើងថា ជាការកត់សម្គាល់នៅក្នុងកម្មវិធីវេទិកាការងារនេះ អតីតពលករ ក៏ដូចជាក្រុមគ្រួសារពួកគាត់ និងអាជ្ញាធរ មានការសប្បាយរីករាយខ្លាំងមែនទែន ចំពោះយុទ្ធនាការរបស់ក្រសួងការងារ ដែលជួយស្វែងរកការងារដល់ពួកគាត់ទៅដល់របងផ្ទះតែម្តង ពីព្រោះថា មានការងារទៅដល់កន្លែង ថែមទទួលបានការដឹកជញ្ជូនដោយឥតគិតថ្លៃ និងអាហារផ្សេងៗថែមទៀត។
ឯកឧត្តម ស៊ុន មេសា បានបន្តថា “នេះជាការបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលទៅដល់ប្រជាពលរដ្ឋ ជាពិសេសអតីតពលករដែលបានវិលមកពីប្រទេសថៃ ដែលពួកគាត់ធ្លាប់មានកូនចិត្តគិតថា អាចពិបាកក្នុងការរកការងារធ្វើពេលមកដល់ស្រុកកំណើតវិញ ប៉ុន្តែផ្ទុយទៅវិញឱកាសការងារមានច្រើនផ្តល់ជូនពួកគាត់ ហើយគាត់ក៏មានជំរើសជ្រើសរើសច្រើន ហើយមិនត្រឹមតែប៉ុណ្ណោះ ពួកគាត់គឺបានដឹងអត្ថប្រយោជន៍ជាច្រើននៅក្នុងប្រទេសកម្ពុជា ជាពិសេសរបបការថែទាំសុខភាព របបហានិភ័យការងារ (គ្រោះថ្នាក់ការងារ) និងរបបប្រាក់សោធននិវត្តន៍ (ប្រាក់រឺត្រែត) ដែលគាត់មិនដែលមានទេ ហើយគាត់ក៏បានសម្តែងការអរគុណដល់រាជរដ្ឋាភិបាលដែលមានការយកចិត្តទុកដាក់ និងគិតគូរទៅដល់ពួកគាត់ សម្រាប់ប្រែក្លាយជីវភាពពួកគាត់ឱ្យកាន់តែប្រសើរឡើងថែមទៀត”។
ឯកឧត្តម ស៊ុន មេសា បានបញ្ជាក់បន្ថែមថា ឆ្នាំ២០២៦នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារចំនួនប្រមាណ៦០លើក នៅខេត្តធំៗប្រមាណ១៤។ ហើយនៅសប្តាហ៍នេះ ក្រសួងការងារនឹងបន្តយុទ្ធនាការនៅខេត្តប៉ៃលិន និងខេត្តបាត់ដំបង។ ឯកឧត្តមក៏បានអំពាវនាវទៅដល់ប្រជាពលរដ្ឋទាំងអស់ ក៏ដូចជាអតីតពលករមកពីថៃនៅក្នុងមូលដ្ឋាន សូមចូលរួមវេទិកាការងារនេះឱ្យបានច្រើនកុះករ ដើម្បីទទួលបានព័ត៌មានកាន់តែលម្អិត និងស្តាប់នូវអត្ថប្រយោជន៍ជាច្រើនផ្សេងទៀតដែលរាជរដ្ឋាភិបាលផ្តល់ជូន។
សូមជម្រាបថា បច្ចុប្បន្ននេះតម្រូវកម្លាំងពលកម្មនៅកម្ពុជាដែលកំពុងរង់ចាំអ្នកស្វែងរកការងារមានចំនួនជិត ៩ម៉ឺនកន្លែង ក្នុងនោះការងារដែលមានតម្រូវការខ្ពស់ ភាគច្រើនមកពីវិស័យឧស្សាហកម្ម កសិកម្ម កសិ-ឧស្សាហកម្ម សំណង់ និងសេវាកម្ម-ល- ។ គិតមកដល់ពេលនេះ ប្រជាពលរដ្ឋខ្មែរដែលបានចាកចេញពីប្រទេសថៃ មានចំនួនកើនឡើងជិត ១លាននាក់ ដើម្បីវិលត្រឡប់មកស្វែងរកការងារ ក៏ដូចជាមករស់នៅក្នុងប្រទេសកម្ពុជាវិញ។ ក្នុងនោះ អ្នកទទួលបានការងារធ្វើក្នុងស្រុកមានចំនួនជាង ៦០ម៉ឺននាក់៕ អត្ថបទ៖ ឈិត បូរ៉ាវី










-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត