ព័ត៌មាន
ក្រសួងការងារនឹងធ្វើតេស្តជំនាញ ដើម្បីបើកច្រកឱ្យពលរដ្ឋដែលមានជំនាញងាយស្រួលស្វែងរកការងារធ្វើ
ស្របតាមការយកចិត្តទុកដាក់របស់សម្ដេចនាយករដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំការវាយតម្លៃការសិក្សាពីមុន (RPL) ឬហៅថា ការធ្វើតេស្តជំនាញ ដើម្បីផ្ដល់វិញ្ញាបនបត្រទទួលស្គាល់ជំនាញជាផ្លូវការជូនដល់ប្រជាពលរដ្ឋ ជាពិសេសអតីតពលករមកពីថៃ លើវិស័យសំណង់ ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៦នេះតទៅ។

មានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈនេះ តាមសារអេឡិចត្រូនិក លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា សម្រាប់ការងារខាងលើនេះ ប្រជាពលរដ្ឋទាំងអស់ ជាពិសេសបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃដែលមានបទពិសោធន៍ស្រាប់ក្នុងវិស័យសំណង់ ក្រសួងនឹងរៀបចំការវាយតម្លៃការសិក្សាពីមុន (RPL) ដើម្បីផ្ដល់វិញ្ញាបនបត្រទទួលស្គាល់ជំនាញជាផ្លូវការលើវិស័យសំណង់ចំនួន ៨មុខជំនាញ ដោយឥតគិតថ្លៃ ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៦នេះតទៅ។ ខណៈដែលការងារទាំងនេះ ក្រសួងបានរៀបចំរួចរាល់ និងរៀបចំឯកសារ និងរង់ចាំការសម្រេចយកថ្ងៃឱ្យទៅប្រឡង RPL ផ្ទាល់តែម្តង។
អ្នកនាំពាក្យ បានបញ្ជាក់ថា RPL ឬក៏ការធ្វើតេស្តវាយតម្លៃទទួលស្គាល់ជំនាញ គឺជារឿងមួយមានភាពចាំបាច់បំផុត ហើយក៏ជាគំនិតផ្តួចផ្តើម ផ្លាស់ប្តូរដោយភ្ជាប់គន្លាតរវាងជំនាញក្រៅផ្លូវការ និងគុណវុឌ្ឍផ្លូវការ ដែលជាដំណើរការនៃវាយតម្លៃ និងបញ្ជាក់ជំនាញផ្តល់ជូនបុគ្គលម្នាក់ៗដែលទទួលស្គាល់ជាផ្លូវការដោយមិនចាំបាច់សិក្សាឡើងវិញ ដើម្បីបង្កើនលទ្ធភាពការងារ គាំទ្រដល់ការរៀនសូត្រពេញមួយជីវិត និងការកំណត់បាននូវសុពលភាពនៃកម្លាំងជំនាញផងដែរ។
លោកបានបន្តទៀតថា ដូច្នេះកម្មវិធីវាយតម្លៃទទួលស្គាល់ជំនាញនេះ និងការវាយតម្លៃផ្អែកលើសមត្ថភាពទទួលស្គាល់ការសិក្សាដែលមានពីមុន គឺពិតជាជំរើសមួយដ៏ល្អបំផុតសម្រាប់បងប្អូនកម្មករនិយោជិត ក៏ដូចជាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏ដូចជាប្រជាពលរដ្ឋត្រឡប់មកពីប្រទេសថៃផងដែរ។ សម្រាប់អតីតពលករ គឺក្រសួងផ្តល់ការវាយតម្លៃទៅលើវិស័យសំណង់មុនគេ គឺដើម្បីឱុ្យបងប្អូនមានសញ្ញាបត្របញ្ជាក់ពីសមត្ថភាពដែលបានប្រកបរបរនៅក្នុងប្រទេសជិតខាងជាច្រើនឆ្នាំមកហើយ និងដើម្បីឱ្យពួកគាត់មានសមត្ថភាពកម្រិតណានៅក្នុងវិស័យសំណង់ជំនាញ៨មុខ មានដូចជា៖ ការលាយបាយ អ, ការបង្គុំដែក និងក្រាលពុម្ពជាដើម ដែលស្ថិតក្នុងជំនាញសំណង់នេះ។
បើតាមអ្នកនាំពាក្យ ទីតាំងដែលនឹងត្រូវរៀបចំប្រឡងមានចំនួន ៨ទីតាំង ស្ថិតនៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តបាត់ដំបង។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ អតីតពលករមកពីថៃ អ្នកដែលចង់បានសញ្ញាបត្រ ឬមានជំនាញរួចហើយប៉ុន្តែមិនទាន់មានសញ្ញាបត្រ មិនទាន់មានការបញ្ជាក់ជាដើម ដើម្បីជាស្ពានក្នុងការបង្ហាញពីគុណវុឌ្ឍរបស់ខ្លួន ឬជាការបង្ហាញពីសមត្ថភាពរបស់ខ្លួន ក៏ដូចជាដើម្បីទាមទារសមត្ថភាពរបស់ខ្លួនក្នុងការធ្វើការងារដើម្បីទទួលបានប្រាក់បៀវត្សរ៍កាន់តែខ្ពស់ ក៏ដូចជាដើម្បីទទួលបានតំណែងល្អជាដើម សូមអញ្ជើញចូលរួមធ្វើតេស្តសមត្ថភាពនេះបានជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឬទាក់ទងតាមរយៈលេខ១២៩៧ ដើម្បីទទួលបានព័ត៌មានកាន់តែលម្អិត៕ អត្ថបទ៖ ឈិត បូរ៉ាវី

-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត