ព័ត៌មាន
ក្រសួងការងារ និងតំណាង UN ថ្មី ដាក់គោលដៅបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលជំនាញ
ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី វ៉្លាដាន់កា អាន់ឌ្រេវ៉ា (Vladanka Andreeva) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិថ្មីប្រចាំកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង និងបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។

ក្រោយចប់ជំនួបការងារ កាលពីរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានសសេរឱ្យដឹងថា ក្រៅពីការអបអរសាទរចំពោះការតែងតាំងជាអ្នកសម្របសម្រួលអង្គការសហប្រជាជាតិថ្មី ប្រចាំកម្ពុជា ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ អំពីយុទ្ធសាស្រ្តសម្រាប់ការបន្តកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍជំនាញ តាមរយៈការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ក៏ដូចជាកម្មវិធីការងារសម្រាប់យុវជន តាមរយៈកម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា (DWCP), កម្មវិធីមុខរបរ និងការងារសមរម្យសម្រាប់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III) និងការអនុវត្តផែនទីបង្ហាញផ្លូវកាតាលីករសកល។

ឯកឧត្តម បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារ ក្នុងការលើកកម្ពស់លក្ខខណ្ឌការងារឱ្យកាន់តែប្រសើរ, ការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិត, ការផ្តល់អត្ថប្រយោជន៍របបសន្តិសុខសង្គម និងការផ្តល់ឱកាសការងារសម្រាប់យុវជន ជាពិសេសបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃតាមរយៈការរៀបចំវេទិកាការងារនៅទូទាំងប្រទេស។
ឯកឧត្តម បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្ត និងការត្រៀមខ្លួនជាស្រេចក្នុងការបន្តពង្រឹងភាពជាដៃគូយ៉ាងជិតស្និទ្ធជាមួយអង្គការសហប្រជាជាតិ ដោយបង្ហាញការជឿជាក់យ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការដំណាក់កាលបន្ទាប់នេះ នឹងផ្តោតសំខាន់លើការអភិវឌ្ឍជំនាញសម្រាប់យុវជន និងកម្លាំងពលកម្មកម្ពុជា ប្រកបដោយផលិតភាពខ្ពស់ ប្រសិទ្ធភាព និងសក្ដិសិទ្ធភាព ដែលស្របតាមគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព។

ជាការឆ្លើយតប លោកស្រី អាន់ឌ្រេវ៉ា បានកោតសរសើរចំពោះចក្ខុវិស័យរបស់រាជរដ្ឋាភិបាល និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អង្គការសហប្រជាជាតិ ដែលបានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តកិច្ចសហការគាំទ្រដល់ការអភិវឌ្ឍកម្ពុជាប្រកបដោយចីរភាព តាមរយៈវិធីសាស្ត្រដ៏មានប្រសិទ្ធភាព ភាពរហ័សរហួន និងការសម្របសម្រួលយ៉ាងល្អ ដើម្បីកសាងអនាគតដែលរួមបញ្ចូល និងមានភាពធន់សម្រាប់ប្រជាជនកម្ពុជា។ លោកស្រីមានជំនឿយ៉ាងមុតមាំថា ភាពជាដៃគូដ៏ចាំបាច់នេះនឹងចូលរួមចំណែកយ៉ាងសំខាន់ដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងចក្ខុវិស័យសេដ្ឋកិច្ចរបស់កម្ពុជានាពេលអនាគត៕ អត្ថបទ៖ ឈិត បូរ៉ាវី




-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត