ព័ត៌មាន
វេទិកាពន្ធដារកម្ពុជា បានផ្តល់កាលានុវត្តភាព ពង្រឹង និងពង្រីកភាពជាដៃគូឲ្យកាន់តែប្រសើរ រវាងក្រសួង-ស្ថាប័ន រដ្ឋបាលសារពើពន្ធ និងវិស័យឯកជន
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចាត់ទុកការការរៀបចំវេទិកាពន្ធដារកម្ពុជា គឺជាការផ្តល់កាលានុវត្តភាពដ៏វិសេស ដើម្បីពង្រឹង និង ពង្រីកភាពជាដៃគូឲ្យកាន់តែប្រសើរឡើង រវាងក្រសួង-ស្ថាប័ន រដ្ឋបាលសារពើពន្ធ និងវិស័យឯកជន ដើម្បីជំរុញលើកកម្ពស់អនុលោមភាព សារពើពន្ធ សំដៅធានានូវចីរភាពនៃកំណើនចំណូលជូនរដ្ឋ បង្កើនជំនឿចិត្តរបស់វិស័យឯកជន។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងនៅក្នុងពិធី បើក «វេទិកាពន្ធដារកម្ពុជា» ក្រោមប្រធានបទ៖(ការលើកកម្ពស់អនុលោមភាពសារពើពន្ធ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា) នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ នេះថា ចាប់តាំងពីដើមនីតិកាលទី៧ នៃរដ្ឋសភា, រាជរដ្ឋាភិបាលបានដាក់ចេញ និងកំពុងជំរុញអនុវត្តនូវយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១, ទន្ទឹមគ្នានឹងកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ និងវិធានការគន្លឹះចំនួន៥ សំដៅខិតខំជម្នះឲ្យបាន នូវបញ្ហាប្រឈម និងសម្របខ្លួនទៅនឹងការប្រែប្រួលនៃសភាពការណ៍ ដែលកើតឡើងជាបន្តបន្ទាប់ និងដំណាលៗគ្នា ដោយតម្រូវឲ្យ រាជរដ្ឋាភិបាល ចាត់វិធានការអន្តរាគមន៍ឲ្យបានទាន់ពេល និងចំទិសដៅប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពខ្ពស់។ ជាលទ្ធផល, ទោះបីត្រូវប្រឈមនឹងភាពមិនប្រាកដប្រជាកាន់តែស្រួចស្រាល់ ក្នុងបរិការណ៍សកល ក៏ដូចជាត្រូវប្រឈមនឹងការរំលោភលើអធិបតេយ្យ ជាតិ និងបូរណភាពទឹកដីយ៉ាងណាក្តី, ក៏សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថា អាចនឹងសម្រេចបានកំណើនក្នុងរង្វង់ប្រមាណ ៥,២% ក្នុងឆ្នាំ ២០២៥ និងប្រមាណ ៥% សម្រាប់ឆ្នាំ២០២៦នេះ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បន្តថា ទន្ទឹមនេះ, កិច្ចខិតខំឥតរាថយ និងឆន្ទៈមោះមុតរបស់រាជរដ្ឋាភិបាល សំដៅកែលម្អ បរិយាកាសសម្រាប់ធុរកិច្ច និងការវិនិយោគ បានជំរុញឲ្យការវិនិយោគផ្ទាល់ពីក្រៅប្រទេសបន្តកើនខ្ពស់គួរជាទីមោទនៈ។ ជាក់ស្តែងផ្អែក តាមទិន្នន័យរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ការចុះបញ្ជីគម្រោងវិនិយោគពីបរទេសក្នុងឆ្នាំ២០២៥ កន្លងទៅ មានទំហំទុនសរុបប្រមាណ ១០ ប៊ីលានដុល្លារអាម៉េរិក មានកំណើន ៤៥% បើធៀបនឹងឆ្នាំ២០២៤។ ជាមួយគ្នា, ក្នុងវិស័យពាណិជ្ជកម្មក្រៅប្រទេស, ការនាំចេញ របស់កម្ពុជាក្នុងឆ្នាំ២០២៥ ក៏បន្តរក្សាបាននូវចលនការកំណើនល្អគួរឲ្យកត់សម្គាល់ ជាក់ស្តែងការនាំចេញសរុបក្នុងឆ្នាំ២០២៥ បានកើន ប្រមាណជាង ១៧%, បើធៀបនឹងឆ្នាំ២០២៤។ មួយវិញទៀត, រំហូរទេសចរបរទេសមកកាន់កម្ពុជា, ពិសេសកញ្ចប់ទេសចរណ៍ទីផ្សារ ឆ្ងាយ ក៏នៅដំណើរការជាធម្មតា និងមាននិន្នាការកើនផងដែរ តួយ៉ាងដូចជាទេសចរពីអឺរ៉ុប អូស្ត្រាលី និងឥណ្ឌា។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ លើកឡើងបន្ថែមថា ចំណែកការរៀបចំនូវវេទិកាពន្ធដារកម្ពុជានេះ គឺជាការផ្តល់កាលានុវត្តភាព ដ៏វិសេសមួយ ដើម្បីពង្រឹងនិងពង្រីកភាពជាដៃគូឲ្យកាន់តែប្រសើរឡើងថែមទៀត រវាងរដ្ឋបាលសារពើពន្ធ, វិស័យឯកជន, ក្រសួង-ស្ថាប័ន ពាក់ព័ន្ធនៃរាជរដ្ឋាភិបាល, ដៃគូអភិវឌ្ឍ, ព្រមទាំងអង្គការ និងស្ថាប័នអន្តរជាតិ តាមរយៈការចូលរួមក្នុងកិច្ចសន្ទនា ការផ្លាស់ប្តូរ មតិយោបល់ និងបទពិសោធន៍ និងការចែករំលែកនូវឧត្តមានុវត្តលើប្រធានបទសំខាន់ៗ ដើម្បីជំរុញនិងលើកកម្ពស់អនុលោមភាព សារពើពន្ធ សំដៅធានានូវចីរភាពនៃកំណើនចំណូលជូនរដ្ឋ បង្កើនជំនឿចិត្តរបស់វិស័យឯកជន មកលើយន្តការប្រមូលចំណូលរបស់រដ្ឋ ព្រមទាំងរួមចំណែកពង្រឹងប្រព័ន្ធប្រមូលចំណូលពន្ធ ជូនរដ្ឋឲ្យ កាន់តែមានប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព តម្លាភាព គណនេយ្យភាព សមភាព និងសមធម៌៕
អត្ថបទ៖ សុន រ៉ាឌី









-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត