ព័ត៌មាន
អាមេរិកផ្តល់ហិរញ្ញប្បទានឥតសំណង ចំនួន ៥ លានដុល្លារសម្រាប់អង្គភាព CMAC និងអង្គការ NPA ដើម្បីអនុវត្តគម្រោងបោសសម្អាតគ្រាប់បែកចង្កោម មីន និងការដោះស្រាយការគំរាមកំហែងដែលនៅសេសសល់
នារសៀលថ្ងៃព្រហស្បតិ៍ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ខ្ញុំ និងលោក Hans Peter Risser ប្រធានអង្គការNPA ដោយមានការអញ្ជើញចូលរួមជាសាក្សីពីសំណាក់លោកស្រី Kelly Saltzman សហការីផ្នែកនយោបាយ នៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំនៅកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការភាពជាដៃគូរវាង មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា និងអង្គការ NPA ក្រោមគម្រោង “ ការពារអាយុជីវិត និងឆ្ពោះទៅលុបបំបាត់ផលប៉ះពាល់ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជា ” តាមរយៈការអនុវត្តគម្រោងកម្មវិធីការស្រាវជ្រាវនិងបោសសម្អាតគ្រាប់បែកចង្កោម ការបោសសម្អាតមីន និងការដោះស្រាយការគំរាមកំហែងដែលនៅសេសសល់ សម្រាប់រយៈពេល១៨ខែ ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៦ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៧ ដែលមានថវិកាគាំទ្រគម្រោងសរុបចំនួន៥.០០០.០០០ដុល្លារអាម៉េរិក ដែលក្នុងនោះអង្គភាពCMAC បានទទួលថវិកាចំនួន៤.០០០.០០០ដុល្លារអាម៉េរិក តាមរយៈអង្គការNPA និងអង្គការNPA បានទទួលថវិកាចំនួន១.០០០.០០០ដុលា្លរអាម៉េរិក។ គម្រោងនេះជួយគាំទ្រកម្លាំងជំនាញអង្គភាពCMACចំនួនប្រមាណជិត៣០០នាក់ ក្នុងកងឯកភាពកំចាត់មីនចំនួន២ នៅទិសខេត្តត្បូងឃ្មុំ និងទិសខេត្តឧត្តរមានជ័យ ដែលទទួលបន្ទុកប្រតិបត្តិការដោយផ្ទាល់។
សូមជម្រាបថា គម្រោងនេះមានគោលបំណងលុបបំបាត់ហានិភ័យបង្កដោយគ្រាប់មីន និងសំណល់ជាតិផ្ទុះឱ្យមានប្រសិទ្ធភាព ស្តារជីវភាពរស់នៅរបស់ប្រជាជនក្នុងសហគមន៍ដែលរងផលប៉ះពាល់ ជំរុញដល់កំណើនសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាព។ សូមបញ្ជាក់ថា សង្គ្រាមសៀមឈ្លានពានក្នុងឆ្នាំ២០២៥កន្លងទៅនេះ បានបង្កឱ្យមានផលប៉ះពាល់ដល់បូរណភាពទឹកដីកម្ពុជាដោយសារគ្រាប់បែកចង្កោម គ្រាប់បែកទម្លាក់ពីយន្តហោះ/ដ្រូន គ្រាប់អាវុធសារធាតុគីមី និងគ្រាប់យុទ្ធភណ្ឌទូទៅ គំរាមកំហែងសុខសុវត្ថិភាពលេីផ្ទៃដីចំនួនប្រមាណ៤៤១.៥៩៥ហិកតា ក្នុងភូមិសាស្ត្រនៃភូមិចំនួន៣៤០ មានចំនួនជាង៩១.៤១១គ្រួសារ ស្មេីនឹងមនុស្សរាយជិត៣៦៤,៦៩៤នាក់ ក្នុង៧ខេត្តតាមបណ្តោយព្រំដែនកម្ពុជា-សៀម។ គម្រោងនេះត្រូវអនុវត្តដោយផ្តោតជាសំខាន់នៅខេត្តឧត្តរមានជ័យ ដែលមានផ្ទៃដីសង្ស័យរងផលប៉ះពាល់ចំនួន៤០.៤០០ហិកតា ស្ថិតក្នុងភូមិចំនួន១៤៥។ ទន្ទឹមនឹងជំនួយនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិកក៏បានផ្តល់ការគាំទ្រលេីការងារសម្ភារបច្ចេកទេស និងពង្រឹងសមត្ថភាពធនធានមនុស្សផងដែរ។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំបាទសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចធិបតី នាយករដ្ឋមន្រ្តី ដែលបានគាំទ្រគម្រោងដ៏មានសារសំខាន់នេះ និងសូមសម្តែងការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះឯ.ឧ ប្រធានាធិបតី Donald J Trump រដ្ឋាភិបាលនិងប្រជាជនសហរដ្ឋអាម៉េរិក ជាពិសេសអង្គការNPA ដែលបានបន្តគាំទ្រយ៉ាងសកម្មដល់សកម្មភាពមីន និងការអភិវឌ្ឍន៍នៅកម្ពុជា។ ក្នុងស្មារតីសប្បុរសធម៌ ការគាំទ្រដ៏ថ្លៃថ្លា និងការប្តេជ្ញាចិត្តប្រកបដោយឆន្ទៈមោះមុតទាំងនេះ គឺជាកម្លាំងចលករយ៉ាងសំខាន់ ដើម្បីឱ្យអង្គភាពCMAC អាចបន្តបេសកកម្មមនុស្សធម៌ដ៏ឧត្តុង្គឧត្តមនេះ ដើម្បីសង្គ្រោះអាយុជីវិត និងរួមចំណែកក្នុងការអភិវឌ្ឍជាតិឱ្យកាន់តែរីកចម្រើន និងប្រកបដោយចីរភាព។











-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត