ព័ត៌មាន
សាធារណរដ្ឋគុយបា ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយកម្ពុជា
ភ្នំពេញ ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតឱ្យលោកជំទាវ Milena Caridad Zalddivar Piedra ឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងកម្ពុជា-គុយបា។
ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបលោកជំទាវឯកអគ្គរដ្ឋទូតគុយបា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ថា កម្ពុជា និងគុយបាមានទំនាក់ទំនងការទូតតាំងពីឆ្នាំ១៩៦០ ដោយគិតត្រឹមឆ្នាំ២០២៦ នេះ គឺមានរយៈពេល៦៦ឆ្នាំ មកហើយ។
ក្នុងឱកាសនៃជំនួបពិភាក្សានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជម្រាបលោកជំទាវឯកអគ្គរដ្ឋទូត ថា តាមរយៈការដាក់ចេញនូវគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើប្រទេសកម្ពុជាទទួលបាននូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈល្អប្រសើរ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងជំរុញឱ្យវិស័យទេសចរណ៍មានការរីកចម្រើន និងត្រូវបានប្រសិទ្ធនាមជា «មាសបៃតង»។
ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ជូនលោកជំទាវឯកអគ្គរដ្ឋទូតបន្ថែមទៀតថា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកវិស័យទេសចរណ៍ ជាវិស័យអាទិភាព១ និងជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិដ៏សំខាន់ ក្នុងការរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម។
ជាមួយគ្នានេះ លោកជំទាវឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្រ្តីដែលបានអនុញ្ញាតឱ្យលោកជំទាវ និងសហការីចូលរួមពិភាក្សាការងារ។
ទន្ទឹមនឹងនេះ លោកជំទាវ ក៏បានជម្រាបឯកឧត្តមរដ្ឋមន្រ្តីអំពីចំណាប់អារម្មណ៍ក្នុងការអភិវឌ្ឍកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា-គុយបាតាមរយៈ ១) ស្នើឱ្យមាននូវការពិភាក្សា និងរៀបចំ FAM Trip ទៅវិញមករវាងប្រទេសទាំងពីរ ដើម្បីលើកកម្ពស់ និងផ្សព្វផ្សាយគោលដៅទេសចរណ៍ ២) ស្នើសុំចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រសួងទេសចរណ៍នៃប្រទេសទាំងពីរ នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិនៃប្រទេសគុយបានាពេលខាងមុខ និង៣) ស្នើសុំឱ្យក្រសួងជួយសម្របសម្រួល ដើម្បីឱ្យមានជំនួបពិភាក្សាជាមួយនឹងសមាគមក្នុងវិស័យទេសចរណ៍នៅកម្ពុជា អំឡុងពេលដែលគណប្រតិភូក្រសួងទេសចរណ៍គុយបា អញ្ជើញមកទស្សនកិច្ចនៅកម្ពុជា នាពេលខាងមុខនេះ។
ឯកឧត្តមរដ្ឋមន្រ្តី បានឯកភាពតាមការស្នើសុំ និងគាំទ្រឱ្យមានការរៀបចំជា FAM Trip ទៅវិញទៅមក ក៏ដូចជាការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រសួងទេសចរណ៍នៃប្រទេសទាំងពីរ។
ទីស្តីការក្រសួងទេសចរណ៍ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ (កម្មវិធីជំនួបដៃគូសហប្រតិបត្តិការបរទេសទី៦)។






-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត