ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ព្រះមហាក្សត្រ ទទួលបដិសណ្ឋារកិច្ចស្វាគមន៍ ឯកឧត្តមអគ្គលេខាធិការបក្សកុម្មុយនិស្តរដ្ឋវៀតណាម មកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា
នៅព្រះបរមរាជវាំង នាព្រឹកថ្ងៃសុក្រ ៤រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទទួលបដិសណ្ឋារកិច្ចស្វាគមន៍ផ្លូវរដ្ឋជូន ឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ជាមួយនឹងជំនួបសាវនាកាផងដែរ ក្នុងឱកាសដែល ឯកឧត្តម អញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា។

យោងតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម តូ ឡឹម ធ្វើឡើងតបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសទស្សនកិច្ចផ្លូវរដ្ឋនេះ ឯកឧត្តមអគ្គលេខាធិការបក្ស គ្រោងនឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ នៅមណ្ឌបព្រះបរមរូប ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងមណ្ឌបមិត្តភាពកម្ពុជា-វៀតណាម។

ក្រៅពីកម្មវិធីការងារក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋហើយនោះ ឯកឧត្តម តូ ឡឹម ក៏នឹងមានកម្មវិធីក្នុងក្របខ័ណ្ឌបក្សនយោបាយផងដែរ។ ក្នុងក្របខ័ណ្ឌបក្សនយោបាយ ឯកឧត្តម តូ ឡឹម នឹងមានជំនួបទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជាប្រធានគណបក្សប្រជាជនកម្ពុជា។ ហើយក៏មានជំនួបត្រីភាគីរវាង សម្តេចតេជោ ហ៊ុន សែន, ឯកឧត្តម តូ ឡឹម និងឯកឧត្តម ថងលូន ស៊ីសូលីត អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវផងដែរ។ បន្ថែមពីលើនោះ ឯកឧត្តម តូ ឡឹម និងសម្តេចតេជោ ហ៊ុន សែន ក៏នឹងអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគាសិក្សានៅសាលារៀនមួយកន្លែងក្នុងខណ្ឌដង្កោ ដែលជាជំនួយរបស់ប្រទេសវៀតណាមផងដែរ។

ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម អគ្គលេខាធិការ តូ ឡឹម ត្រូវបានក្រសួងការបរទេសកម្ពុជា ចាត់ទុកជាការពង្រឹងថែមទៀតនូវទំនាក់ទំនងដ៏កក់ក្តៅរវាងកម្ពុជា និងវៀតណាម និងឆ្លុះបញ្ចាំងអំពីការប្តេជ្ញារួមក្នុងការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក ស្របតាមស្មារតី «ភាពជាអ្នកជិតខាងល្អមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង» ដើម្បីការអភិវឌ្ឍ និងវិបុលភាពនៃប្រជាជាតិ និងប្រជាជននៃប្រទេសទាំងពីរ៕










-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត