ព័ត៌មាន
បរិមាណទឹកខ្វក់ចេញពីរោងចក្រសហគ្រាសចំនួនជាង៧ម៉ឺនម៉ែត្រគូប ត្រូវបានទប់ស្កាត់មិនឱ្យបំពុលបរិស្ថានជារៀងរាល់ថ្ងៃ
សំណល់រាវកខ្វក់ចេញពីក្រុមហ៊ុន រោងចក្រ សហគ្រាសនានា ចំនួន ៧០ ៨៧៥ ម៉ែត្រគូប ក្នុង១ថ្ងៃ និងចំនួន ជាង២លានម៉ែត្រគូប ក្នុងមួយខែ ត្រូវបានទប់ស្កាត់មិនឱ្យមានការប៉ះពាល់ ដល់សុខភាពសាធារណៈនិងការរស់នៅរបស់ប្រជាពលរដ្ឋនៅកម្ពុជា។ ក្នុងឆ្នាំ២០២៥ ក្រសួងបរិស្ថានបានទប់ស្កាត់ការបំពុលបរិស្ថាន តាមរយៈការបញ្ចេញសំណល់រាវកខ្វក់ បានចំនួនជាង ២០ លានម៉ែត្រគូប។ ដោយឡែកនៅក្នុងខែមករា ឆ្នាំ២០២៦ បរិមាណទឹកខ្វក់ ចេញពីរោងចក្រសហគ្រាសចំនួនជាង ២ ១៩៧ ១២៥ ម៉ែត្រគូប ត្រូវបានទប់ស្កាត់មិនឱ្យបញ្ចេញទៅបំពុលបរិស្ថាន។
អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យដឹងថា លទ្ធផលសម្រេចបាននេះ គឺក្រសួងបរិស្ថានបានចាត់វិធានការច្បាប់ ស្របតាមក្រមបរិស្ថាននិងធនធានធម្មជាតិ ហើយរោងចក្រ សហគ្រាស និងក្រុមហ៊ុន ដែលមានសក្តានុពលប្រភពបំពុល ដោយសំណល់រាវចេញពីទីតាំងរបស់ខ្លួន ប្រភេទរោងចក្របោកគក់ ជ្រលក់ព៌ណ និងប្រភេទរោងចក្រផលិត ផលិតផលពាក់កណ្តាល សម្រេច ដោយប្រើប្រាស់វត្ថុដើមគីមីជាដើម បានចូលរួមបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវនាពេលកន្លងមក។
ឯកឧត្តម ខ្វៃ អាទិត្យា បានលើកឡើងថា គិតត្រឹមខែមករា ឆ្នាំ២០២៦ ក្រុមហ៊ុន រោងចក្រ និងសហគ្រាស ចំនួន៥៥ កន្លែងនៅទូទាំងប្រទេស បានបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវ រួចរាល់ហើយ។ ផលប្រយោជន៍នៃការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ គឺអាចត្រួតពិនិត្យ និងតាមដានពីចម្ងាយ ប្រកបដោយប្រសិទ្ធភាពខ្ពស់ នូវដំណើរការប្រព្រឹត្តិកម្មសម្អាតសំណល់រាវ រួមទាំងគុណភាពសំណល់រាវត្រូវបញ្ចេញ ដោយចាំមិនបាច់ចាត់មន្ត្រីចុះអធិការកិច្ចនៅទីតាំងរោងចក្រ សហគ្រាសដោយផ្ទាល់។ លើសពីនេះ យុទ្ធនាការបានលើកកម្ពស់ប្រសិទ្ធភាពការអនុវត្តច្បាប់ កាត់បន្ថយការបំពុលបរិស្ថាន (ទឹក ដី ខ្យល់) ពីរោងចក្រ សហគ្រាស និងកាត់បន្ថយការ ចុះត្រួតពិនិត្យផ្ទាល់ពីមន្រ្តីជំនាញ ដែលអាចបង្កការរំខានដល់អ្នកវិនិយោគ។ មន្រ្តីជំនាញ ចូលរួមទប់ស្កាត់យ៉ាងមានប្រសិទ្ធភាព នូវការបញ្ចេញសំណល់រាវពីរោងចក្រ សហគ្រាស លើសកម្រិតស្តង់ដារ អនុញ្ញាតឱ្យបញ្ចេញចោល ការលេចធ្លាយ ឬ ការលួចបង្ហូរសំណល់រាវពីរោងចក្រ សហគ្រាសជាដើម។ ម៉្យាងវិញទៀត ទិន្នន័យបរិមាណ និងកម្រិតសារធាតុបំពុល (Pollution Levels) ដែលផ្តល់ដោយប្រព័ន្ធនេះ មានលក្ខណៈវិទ្យាសាស្រ្ត សុក្រឹត្យភាព និងអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ។
សូមបញ្ជាក់ថា ពាក់ព័ន្ធការគ្រប់គ្រងការបំពុលទឹក ការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ ត្រូវបានកំណត់ក្នុង មាត្រា១៧៨ របស់ក្រមបរិស្ថាននិងធនធានធម្មជាតិ ដែលបញ្ជាក់ថា បុគ្គល ឬ ម្ចាស់ទីតាំងផលិតកម្ម ធ្វើអាជីវកម្ម ឬ សេវាកម្ម ដែលការបញ្ចេញសំណល់ អាចបង្កហានិភ័យបំពុលបរិស្ថានក្នុងកម្រិតខ្ពស់ ត្រូវអនុវត្តស្វ័យត្រួតពិនិត្យការបំពុលបរិស្ថាន នៅក្នុងទីតាំងរបស់ខ្លួន ដោយត្រូវអនុលោមតាមលិខិតបទដ្ឋានគតិយុត្ត ដែលកំណត់ដោយ ក្រមនេះ ឬ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន៕







-
PR NEWS4 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន2 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន5 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន14 hours agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន2 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន4 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន