ព័ត៌មាន
ខ្មែរជួយខ្មែរ! ក្រសួងការងារ បន្តពាំនាំឱកាសការងារជាង៣ពាន់កន្លែង ជូនដល់ដៃពលរដ្ឋ នៅមូលដ្ឋានខេត្តបាត់ដំបង
បាត់ដំបង៖ ក្នុងគោលបំណងពាំនាំនូវឱកាសការងារដល់កៀកមូលដ្ឋាន ប្រជាពលរដ្ឋនៅក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបង ជាពិសេសអតីតពលករត្រឡប់មកពីក្រៅប្រទេស និងអ្នកស្វែងរកការងារធ្វើ បានទទួលនូវឱកាសការងារក្នុងស្រុកជាង ៣ពាន់កន្លែង តាមរយៈវេទិកាការងារ សន្តិសុខសង្គម (ប.ស.ស.) និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលរៀបចំឡើងដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃអាទិត្យ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងបរិវេណសាលាបឋមសិក្សា អ៊ីនស៊ីដារ៉េ។
វេទិកាការងារដែលរៀបចំឡើងជារៀងរាល់ចុងសប្តាហ៍នៅទូទាំងប្រទេសក្រោមប្រធានបទ «ខ្មែរជួយរកការងារឱ្យខ្មែរ ខ្មែរផ្តល់ការងារឱ្យខ្មែរ» នេះ គឺជាយន្តការដ៏មានប្រសិទ្ធភាពដែលក្រសួងបានដាក់ចេញ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ពលរដ្ឋ ខណៈដែលបច្ចុប្បន្នមានឱកាសការងារក្នុងស្រុកសរុបចំនួន ៨៦ ០១៧ កន្លែងកំពុងរង់ចាំផ្តល់ជូននៅទូទាំងប្រទេស។
នៅក្នុងពិធីនាឱកាសនោះ ឯកឧត្តម សាន គីមហុង អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់យ៉ាងច្បាស់ថា ការជ្រើសរើសចាប់យកឱកាសការងារក្នុងស្រុក គឺជាសញ្ញាវិជ្ជមានក្នុងការកសាងជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង ព្រមទាំងចៀសផុតពីបញ្ហារើសអើង ហានិភ័យសុវត្ថិភាព និងជាពិសេសគឺការបានរស់នៅជួបជុំក្រុមគ្រួសារយ៉ាងកក់ក្តៅ។
ទន្ទឹមនឹងការទទួលបានការងារធ្វើ ឯកឧត្តម បានបន្តលើកឡើងពីអត្ថប្រយោជន៍ដ៏លើសលប់ នៃការក្លាយជាសមាជិក ប.ស.ស. ដែលរួមមានការពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យដៃគូដោយឥតគិតថ្លៃ ការគាំពារ និងទទួលបានតាវកាលិកនៅពេលមានគ្រោះថ្នាក់ការងារ ព្រមទាំងសិទ្ធិទទួលបានប្រាក់សោធននិវត្តន៍សម្រាប់ធានាប្រាក់ចំណូលនៅពេលចាស់ជរាដូចមន្ត្រីរាជការផងដែរ។ បន្ថែមលើនេះ ក្រសួងក៏បានជំរុញឱ្យយុវជនចាប់យកឱកាសចុះឈ្មោះចូលរួមវគ្គបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ចំនួន ១.៥ លាននាក់ ដែលជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងគោលដៅពង្រឹងសេដ្ឋកិច្ចគ្រួសារ និងជាតិមាតុភូមិ។
សូមបញ្ជាក់ផងដែរថា ក្នុងវេទិកាការងារនៅខេត្តបាត់ដំបងនាពេលនេះ មានការចូលរួមជ្រើសរើសបុគ្គលិកដោយផ្ទាល់ពីសំណាក់រោងចក្រ សហគ្រាស និងសិប្បកម្មចំនួន ៧ រួមមាន៖ សិប្បកម្មសានពៅ, រោងចក្រ យូលីអ៊ីនធើណេស៊ិនណល (ខេមបូឌា)ហ្គាមេន ខូអិលធីឌី, រោងចក្រ អាយឌាលហ្វើនឈ័រ ឯ.ក., រោងចក្រ អ ហូម ហ្វើនីស៊ីង ឯ.ក., ក្រុមហ៊ុន ថាកូ អាហ្រ្គី, ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស, ក្រុមហ៊ុន បៃ ស៊ីងសេង, និង ក្រុមហ៊ុន អ៊ែកស៊ល អេស៊ា យូមេន រីសសស៍ (ដែលជ្រើសរើសទៅបំពេញការងារនៅប្រទេសជប៉ុន)៕









-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត