ព័ត៌មាន
អាជីវករមកពីផ្សារដើមគរចាស់ថា ចំណូលពីការលក់បន្លែបោះដុំនៅផ្សារតាម៉ាប់ព្រែកជ្រៃរក្សាបានស្ថិរភាពចំណូល
គិតមកដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ គឺមានរយៈពេលជិត ១ខែហើយ ដែលអាជីវករលក់ដូរជុំវិញផ្សារដើមចាស់ ដែលមិនមានសណ្តាប់ធ្នាប់បានផ្លាស់ប្ដូរទៅកាន់ទីតាំងថ្មី ដែលរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំជូនចំនួនពីរទីតាំង ទី១ គឺនៅមជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ាន-អន្ដរជាតិ ស្ថិតនៅតាមបណ្ដោយមហាវិថីឈ្នះឈ្នះ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងទីតាំងទី២ នៅផ្សារតាម៉ាប់ព្រែកជ្រៃ ស្ថិតនៅតាមបណ្ដោយផ្លូវ ២៧១ ភូមិព្រែកកំពិស សង្កាត់ព្រែកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តំណាងអាជីវករលក់បន្លែបោះដុំ ចំនួន៣រូប នៅផ្សារតាម៉ាប់ព្រែកជ្រៃ បានប្រាប់ទូរទស្សន៍ព័ត៌មាន BTV កាលពីយប់ថ្ងៃទី៩ ខែកុម្ភៈ ថា ការលក់ដូរនៅទីតាំងថ្មីនេះ បើទោះបីមិនទាន់មានអតិថិជនច្រើន ប៉ុន្ដែការលក់ដូរ ទទួលបានចំណូលជួយគាំទ្រដល់លំនឹងសេដ្ឋកិច្ចគ្រួសារ។ ក្រុមអាជីវករ អះអាងថា ការមកលក់ដូរនៅទីតាំងថ្មីនេះ មានភាពងាយស្រួល ទាំងផ្លូវធ្វើដំណើរ និងទីតាំងលក់ដូរ ដែលបានផ្ដល់ភាពកក់ក្ដៅ ផាសុកភាពយ៉ាងល្អសម្រាប់ពួកគាត់។
ចំណែកអ្នកស្រី ស្រីពៅ ពលរដ្ឋរស់នៅខណ្ឌមានជ័យ ដែលទៅទិញបន្លែ យកទៅលក់បន្ត បានប្រាប់BTVថា អ្នកស្រីមកទិញនៅ ផ្សារតាម៉ាប់ព្រែកជ្រៃ ពីព្រោះតម្លៃធូរថ្លៃ ហើយមានបន្លែច្រើនប្រភេទ និងមានគុណភាពល្អ។ ហើយម្យ៉ាងវិញទៀត នៅទីតាំងថ្មីនេះ ងាយស្រួលធ្វើដំណើរ មិនជួបបញ្ហាស្ទះចរាចរណ៍ថែមទៀត។
លោក ខាវ ថន ប្រធានគ្រប់គ្រងផ្សារតាម៉ាប់ព្រែកជ្រៃ មានប្រសាសន៍ថា បច្ចុប្បន្ននេះ មានបងប្អូនអាជីវករដែលប្ដូរមកពីផ្សារដើមគរចាស់ ពេលនេះមានជាង៤០០តូបហើយ។ ហើយជារៀងរាល់ថ្ងៃ ការលក់ដូរមានដំណើរការល្អ ខណៈលោកបានផ្ដល់ការអនុគ្រោះមួយចំនួន ជូនអាជីវករ ដែលមកលក់ដូរនៅផ្សាររបស់លោក។
សូមជម្រាបជូនថា រដ្ឋបាលរាជធានីភ្នំពេញ ក្នុងបំណងរៀបចំសណ្ដាប់ធ្នាប់ និងស្ដារឡើងវិញ នូវសោភ័ណ្ឌភាព ជុំវិញផ្សារដើមគរ បានរៀបចំឲ្យអាជីវករដែលធ្លាប់លក់ដូរនៅតាមចិញ្ចើមផ្លូវជុំវិញផ្សារដើមគរ ប្ដូរទៅកាន់ទីតាំងថ្មី ដោយមានជម្រើសចំនួន២ ទី១ គឺនៅ មជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ាន-អន្ដរជាតិ (ផ្សារដើមគរថ្មី) និងទី២ គឺនៅ ផ្សារតាម៉ាប់ព្រែកជ្រៃ។ សម្រាប់ទីតាំងទី២នេះ សុទ្ធតែទទួលបានការអនុគ្រោះ ដោយការលក់ដូរមិនគិតថ្លៃ ក្នុងរយៈពេលកំណត់ បូករួម និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ គាំទ្រនានាជូនអាជីវករ និងអតិថិជន៕ អត្ថបទ៖ លៀ ស៊ីណា













-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត