ព័ត៌មាន
ក្រសួងអភិវឌ្ឍជនបទ ផ្សព្វផ្សាយគោលនយោបាយជាតិស្តីពី ការអភិវឌ្ឍជនបទ ជូនមន្ត្រីរាជការខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត លី ណារុន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍជនបទឆ្នាំ២០២៥-២០៣៥ ដល់មន្ទីរអង្គភាព អង្គការសង្គមស៊ីវិល និងរដ្ឋបាលក្រុងស្រុកឃុំសង្កាត់ ទូទាំងខេត្តពោធិ៍សាត់។

ក្នុងឱកាសនោះ លោក លឹម សុខតូ អភិបាលរងខេត្តពោធិ៍សាត់ បានមានមតិស្វាគមន៍ និងបានលើកឡើងថា ក្នុងឆ្នាំ២០២៥កន្លងមកនេះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងអស់ តែងតែបានផ្ដល់នូវការគាំទ្រយ៉ាងសកម្ម ដល់សកម្មភាពនានារបស់រដ្ឋបាលខេត្តពោធិ៍សាត់ មន្ទីរអភិវឌ្ឍជនបទ រដ្ឋបាលថ្នាក់ក្រោមជាតិ ក្រុង ស្រុក ឃុំ សង្កាត់ ក៏ដូចប្រជាពលរដ្ឋទាំងអស់ ដែលធ្វើឲ្យខេត្តពោធិ៍សាត់ មានការប្រែមុខមាត់ថ្មីជាបន្តបន្ទាប់។ លោកក៏សូមថ្លែងអំណរគុណ ដល់ឯកឧត្តម ឆាយ រិទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទ ដែលបានជំរុញ និងគាំទ្រយ៉ាងក្លៀវក្លា ចំពោះវិស័យអភិវឌ្ឍជនបទក្នុងខេត្តពោធិ៍សាត់ ពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់, ស្ពានបេតុង និងទឹកស្អាតជាដើម។ មិនតែប៉ុណ្ណោះ ក្នុងឆ្នាំ២០២៥កន្លងមក ខេត្តពោធិ៍សាត់បានប្រកាសទទួលស្គាល់ ជាខេត្តបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ។

ឯកឧត្តមបណ្ឌិត លី ណារុន មានប្រសាសន៍ថា ការរៀបចំផ្សព្វផ្សាយ គោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទ ២០២៥-២០៣៥ នាពេលនេះ គឺជាជំហានដ៏សំខាន់មួយក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពន្លឿនការអភិវឌ្ឍនៅតំបន់ជនបទឱ្យមានភាពស៊ីវិល័យ និងបរិយាបន្ន។ ឯកឧត្តមបណ្ឌិតក៏បានឱ្យរដ្ឋបាលខេត្ត ត្រូវយកចិត្តទុកដាក់ជំរុញការស្ថាបនាផ្លូវជនបទ ឱ្យទៅជាប្រភេទផ្លូវក្រាលកៅស៊ូ (DBST) និងបេតុង ដើម្បីគាំទ្រដល់ចរន្តសេដ្ឋកិច្ចមូលដ្ឋាន និងបន្តខិតខំសម្រេចឱ្យបាននូវការផ្គត់ផ្គង់ទឹកស្អាត និងបង្គន់អនាម័យប្រើប្រាស់គ្រប់ខ្នងផ្ទះ ព្រមទាំងពង្រឹងការបណ្តុះបណ្តាលវិជ្ជាជីវៈដល់យុវជនជនបទ ដើម្បីបង្កើតឱកាសការងារក្នុងសហគមន៍ និងការរៀបចំភូមិឱ្យមានសណ្តាប់ធ្នាប់ របៀបរៀបរយ និងការគ្រប់គ្រងកាកសំណល់សំរាមឲ្យបានត្រឹមត្រូវ។ ឯកឧត្តមបណ្ឌិតបន្តទៀតថា ការសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៣៥ មិនមែនជាភារកិច្ចដាច់ដោយឡែក របស់ក្រសួងអភិវឌ្ឍន៍ជនបទនោះទេ ប៉ុន្តែវាទាមទារនូវអភិក្រមជារួម ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ ក្នុងនោះ ឯកឧត្តមបានលើកទឹកចិត្ត និងផ្តល់អនុសាសន៍បន្ថែមដល់អាជ្ញាធរភូមិ-ឃុំ ត្រូវតែក្តាប់ឱ្យជាប់នូវតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ហើយត្រូវចេះរៀបចំផែនការអភិវឌ្ឍន៍ ដែលឆ្លើយតបទៅនឹងបញ្ហាប្រឈមក្នុងសហគមន៍ខ្លួនឯង ជាពិសេសលើការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធដែលបានសាងសង់រួច ឱ្យមាននិរន្តរភាព។

ឯកឧត្តមបានសង្កត់ធ្ងន់ថា ការអភិវឌ្ឍមិនមែនមានតែផ្លូវ ស្ពាន និងទឹកស្អាតប៉ុណ្ណោះទេ ប៉ុន្តែគឺការផ្លាស់ប្តូរការគិតរបស់ប្រជាពលរដ្ឋ ឱ្យមកចូលរួមថែរក្សាបរិស្ថាន ឈប់បន្ទោបង់ពាសវាលពាសកាល និងចេះច្នៃប្រឌិតរបររកស៊ីបន្ថែម ដើម្បីបង្កើនចំណូលគ្រួសារ។ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ដល់រដ្ឋបាលខេត្ត មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការបញ្ជ្រាបគោលនយោបាយនេះ ទៅក្នុងផែនការអភិវឌ្ឍន៍ខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ដើម្បីធានាថា ការអនុវត្តទទួលបានផ្លែផ្កាពិតប្រាកដ។ ឯកឧត្តមបណ្ឌិតសង្ឃឹមយ៉ាងមុតមាំថា រដ្ឋបាលខេត្តពោធិ៍សាត់ នឹងក្លាយជាខេត្តគំរូមួយ ក្នុងការអនុវត្តគោលនយោបាយជាតិថ្មីនេះ ឱ្យទទួលបានជោគជ័យ ដើម្បីលើកកម្ពស់កិត្យានុភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តទាំងមូល ឲ្យកាន់តែមានភាពប្រសើរឡើងថែមទៀត៕



-
PR NEWS4 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន2 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន2 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន11 hours agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ