ព័ត៌មាន
កម្ពុជាស្នើសុំ UN បន្តផ្តល់ការគាំទ្រ សម្រាប់ការត្រៀមខ្លួនចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្នើសុំទីភ្នាក់ងារអង្គការសហប្រជាជាតិ បន្តផ្តល់ការគាំទ្រដល់កម្ពុជា សម្រាប់ការត្រៀមខ្លួនសម្រាប់ការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច ការពង្រឹងប្រព័ន្ធគាំពារសង្គម និងការរៀបចំក្របខ័ណ្ឌគោលនយោបាយផ្សេងៗ ដើម្បីគាំទ្រដល់ការប្តេជ្ញាចិត្តរបស់កម្ពុជាសម្រាប់ចក្ខុវិស័យរយៈពេលវែង។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងជំនួបសម្ដែងការគួរសម និង ពិភាក្សា ការងារជាមួយលោកស្រី វ្ល៉ាដាន់កា អាន់ឌ្រេវ៉ា (Vladanka Andreeva) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំ នៅកម្ពុជា ក្នុងឱកាសដែលលោកស្រីចូលកាន់តំណែងថ្មី នៅកម្ពុជា នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តមបានជម្រាបជូនអំពី ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារសង្រ្គាម និងកិច្ចអន្តរាគមរបស់រាជរដ្ឋាភិបាលដែលបាន និងកំពុងដាក់ចេញក្រោមក្របខ័ណ្ឌ កម្មវិធីគាំពារសង្គម និងវិធានការដោះស្រាយបន្ទាន់ជាបន្តបន្ទាប់ ដោយមានកិច្ចសហការពីដៃគូអភិវឌ្ឍន៍ រួមទាំងទីភ្នាក់ងារអង្គការ សហប្រជាជាតិប្រចាំនៅកម្ពុជាផងដែរ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បន្ថែមថា ជនភៀសសឹកប្រមាណជាង ៤ ០០០ គ្រួសារទៀត ដែលមិនទាន់អាចត្រលប់ទៅ លំនៅឋានវិញ ត្រូវបានរាជរដ្ឋាភិបាលកំពុងផ្តោតលើការរៀបចំប្រែក្លាយជំរំ ទៅជាជម្រកបណ្តោះអាសន្ន និងរៀបចំសេវាសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានចាំបាច់ ជាមួយនឹងការជំរុញការអនុវត្តកម្មវិធីជំនួយសង្គមផ្សេងៗទៀត សម្រាប់ការគាំទ្ររយៈពេល មធ្យម និងវែង ដើម្បីឈានទៅស្តារជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឡើងវិញឱ្យបានឆាប់។ រាជរដ្ឋាភិបាលក៏បានទទួលជំនួយ មនុស្ស ធម៌ និងហិរញ្ញប្បទានឥតសំណងពីមិត្តចិន និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលរាជរដ្ឋាភិបាលគ្រោងនឹងប្រើប្រាស់ជំនួយនេះ សម្រាប់ការស្តារហេដ្ឋារចនាសម្ព័ន្ធខូចខាត ដោយសារសង្គ្រាមឡើងវិញក្នុងពេលខាងមុខនេះ។ ជាមួយគ្នានេះ, សម្រាប់ប្រជាពលរដ្ឋ ខ្មែរ ដែលធ្វើការនៅប្រទេសថៃ ហើយវិលត្រលប់មកកម្ពុជាវិញជាង១លាននាក់, រាជរដ្ឋាភិបាលបាននិងកំពុងបន្តជួយពលរដ្ឋរក ការងារធ្វើក្នុងស្រុក ឱ្យបានឆាប់តាមរយៈការផ្គូរផ្គង, កម្មវិធីបណ្តុះបណ្តាលជំនាញបន្ថែមទាំង Up-Skilling និង Re-Skilling, ការបង្កើតមុខរបរខ្នាតតូច, រួមទាំងកម្មវិធីជំនួយជាច្រើនផ្សេងទៀតក្នុងការគាំទ្រ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានស្វាគមន៍ចំពោះការផ្តល់ជំនួយថ្មីៗបន្ថែមពីដៃគូអភិវឌ្ឍន៍ទាំងអស់សម្រាប់ការអភិវឌ្ឍ រយៈ ពេលមធ្យម និងវែងរបស់កម្ពុជា និងបានស្នើសុំទីភ្នាក់ងារអង្គការសហប្រជាជាតិ ជាពិសេសកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បន្តផ្តល់ការគាំទ្រដល់កម្ពុជា សម្រាប់ការត្រៀមខ្លួនការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច, ការពង្រឹងប្រព័ន្ធគាំពារសង្គម, ការរៀបចំ ក្របខ័ណ្ឌគោលនយោបាយហិរញ្ញប្បទានជាតិកៀរគរធនធានពីប្រភពផ្សេងៗ ដើម្បីគាំទ្រដល់ការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការសម្រេចនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងរបៀបវារៈអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលសម្រាប់ចក្ខុវិស័យរយៈពេលវែង។
លោកស្រី វ្ល៉ាដាន់កា អាន់ឌ្រេវ៉ា បានថ្លែងនូវអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបានបញ្ជាក់ថា អង្គការសហប្រជាជាតិ តាមរយៈ UNDP, ត្រៀមខ្លួនជានិច្ចក្នុង ការបន្តផ្តល់ការគាំទ្រដល់របៀបវារៈអភិវឌ្ឍន៍សំខាន់ៗរបស់កម្ពុជា ជាមួយនឹងការបន្តកិច្ចសន្ទនាគោលនយោបាយ សំដៅជំរុញការអនុវត្តក្របខ័ណ្ឌកិច្ចសហប្រតិបត្តិ-ការឆ្នាំ២០២៤-២០២៨ ឱ្យកាន់តែមានប្រសិទ្ធភាព ។ លោកស្រី នឹងបន្តសម្របសម្រួលជាមួយភាគីពាក់ព័ន្ធ ក្នុងការកៀរគរជំនួយ មនុស្សធម៌ និងជំនួយបច្ចេកទេស ដើម្បីផ្តល់ការគាំទ្រដល់ពលរដ្ឋភៀសសឹក និងពលរដ្ឋដែលត្រលប់មកពីប្រទេសថៃវិញផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី





-
PR NEWS4 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន2 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន2 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន11 hours agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ