ព័ត៌មាន
«គន្លងអប់រំថ្មី ដើម្បីអភិវឌ្ឍមូលធនមនុស្សប្រកបដោយបរិយាបន្ន និងភាពធន់» ជាប្រធានបទនៃសន្និបាតអប់រំឆ្នាំនេះ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៤-២០២៥ និងទិសដៅឆ្នាំសិក្សា ២០២៥-២០២៦ ក្រោមប្រធានបទ «គន្លងអប់រំថ្មី ដើម្បីអភិវឌ្ឍមូលធនមនុស្សប្រកបដោយបរិយាបន្ន និងភាពធន់» នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ពីគោលបំណងសំខាន់នៃសន្និបាតអប់រំក្នុងឆ្នាំនេះគឺដើម្បីបូកសរុបលទ្ធផលកំណែទម្រង់វិស័យអប់រំរាប់ចាប់តាំងពីឆ្នាំ២០១៣ លើគ្រប់ការដ្ឋានកំណែទម្រង់ទាំងអស់ ព្រមទាំងពិនិត្យមើលលើសមិទ្ធផលទាំងបរិមាណវិស័យនិងគុណវិស័យ ដើម្បីដាក់ចេញនូវវិធានការគាំទ្រដល់ទស្សនៈ «ការអប់រំត្រូវតែមានភាពធន់ ការអប់រំត្រូវតែបន្តតាមរយៈនវានុវត្តន៍ស្របតាមបរិបទជាក់ស្តែង» និងបានរំលេចពីសមិទ្ធផលការងារសំខាន់ៗដែលក្រសួងអប់រំ យុវជន និងកីឡាសម្រេចបានក្នុងរយៈពេលជាង ១០ឆ្នាំកន្លងមក។
ឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរនិងថ្លែងអំណរគុណដល់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ អាជ្ញាធរមូលដ្ឋាន ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធទាំងអស់ចំពោះការខិតខំប្រឹងប្រែងចូលរួមចំណែកលើកកម្ពស់វិស័យអប់រំនិងការបន្តអនុវត្តកំណែទម្រង់វិស័យអប់រំនៅកម្ពុជាឱ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
សូមជម្រាបថា «គន្លងអប់រំថ្មី ដើម្បីអភិវឌ្ឍមូលធនមនុស្សប្រកបដោយបរិយាបន្ន និងភាពធន់» គឺជាប្រធានបទនៃសន្និបាតអប់រំឆ្នាំនេះដែលមានគោលបំណងឆ្លុះបញ្ចាំងពីការបន្តធ្វើបរិវត្តកម្មក្នុងវិស័យអប់រំឱ្យឆ្លើយតបនឹងក្របខណ្ឌគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញនាពេលកន្លងមក ដោយក្រសួងបានសម្រិតសម្រាំងខ្លឹមសារនិងជ្រើសរើសយកប្រធានបទសំខាន់ៗចំនួន ៥ រួមមាន៖ ១. ការអភិវឌ្ឍមូលធនមនុស្សប្រកបដោយបរិយាបន្ននិងភាពធន់ ២. ការអភិវឌ្ឍឧត្តមសិក្សាដើម្បីពិពិធកម្មនិងកំណើនសេដ្ឋកិច្ច ៣. ការអភិវឌ្ឍយុវជនដើម្បីជាតិនិងប្រជាជន ៤. ការអភិវឌ្ឍការអប់រំកាយនិងកីឡាដើម្បីសុខុមាលភាពនិងកិត្យានុភាពជាតិ និង ៥. ផលប៉ះពាល់លើវិស័យអប់រំបណ្តាលមកពីការឈ្លានពានរបស់កងទ័ពថៃនិងវិធានការឆ្លើយតបនានារបស់វិស័យអប់រំ។
សូមបញ្ជាក់ដែរថាសន្និបាតអប់រំប្រចាំឆ្នាំ២០២៦នេះមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលបានផ្សព្វផ្សាយជាសាធារណៈនូវរបាយការណ៍ស្តីពីលទ្ធផលការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា ២០២៤-២០២៦ វេទិកាពិភាក្សាជាច្រើនជុំវិញឧត្តមានុវត្តន៍និងនវានុវត្តន៍ក្នុងវិស័យអប់រំ ការធ្វើបទបង្ហាញស្តីពីវឌ្ឍនភាពផែនការយុទ្ធសាស្ត្រនិងកម្មវិធីចែករំលែកសំខាន់ៗជាច្រើនទៀតពាក់ព័ន្ធនឹងកំណែទម្រង់វិស័យអប់រំក្នុងបរិបទឌីជីថល ឆ្លើយតបនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋភិបាលកម្ពុជា។ ព្រឹត្តិការណ៍នេះក៏មានការផ្សាយបន្តផ្ទាល់លើបណ្ដាញសង្គមផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡាផងដែរ៕









-
PR NEWS4 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន2 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន2 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន11 hours agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ