ព័ត៌មាន
សមាគមសហព័ន្ធអ្នកវិនិយោគធំៗកម្ពុជា ស្វែងយល់និតិវិធី នៃការធ្វើសវនកម្មគយក្រោយពេលបញ្ចេញទំនិញ
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានរៀបចំសិក្ខាសាលាមួយ ស្ដីពីការធ្វើសវនកម្មគយ ក្រោយពេលបញ្ចេញទំនិញ ជូនដល់សមាជិក សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា សមាគមស្បែកជើងកម្ពុជា និងសមាគមផលិតផលធ្វើដំណើរនិងស្បែកនៅកម្ពុជា ដើម្បីស្វែងយល់កាន់តែច្បាស់ អំពីនីតិវិធីនិងការអនុវត្តកាតព្វកិច្ច ការផ្ដល់ព័ត៌មានពាក់ព័ន្ធទៅនឹងការនាំចេញនិងនាំចូលស្របតាមច្បាប់របស់កម្ពុជា។
នៅក្នុងអង្គសិក្ខាសាលា កាលពីរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦កន្លងទៅ មានសិក្ខាកាមចូលរួមប្រមាណជាង ២០០រោងចក្រ សហគ្រាស ដែលបានប្រព្រឹត្តទៅដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ។ អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា និងជាប្រធានកិត្តិយសផលិតផលធ្វើដំណើរនិងស្បែកនៅកម្ពុជា បានថ្លែងអំណរគុណ ចំពោះមន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលតែងតែផ្ដល់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងចូលរួមជាមួយសមាគម ចែករំលែកចំណេះដឹងនិងបទពិសោធន៍សំខាន់ៗជាច្រើនក្នុងពេលកន្លងមក ដើម្បីឲ្យសមាជិកបានយល់កាន់តែច្បាស់ ដើម្បីផ្ដល់កិច្ចសម្រួលពាណិជ្ជកម្ម ពន្លឿនការបញ្ចេញទំនិញបានកាន់តែឆាប់រហ័ស។
អ្នកឧកញ៉ា បានមានប្រសាសន៍ថា ការរៀបចំសិក្ខាសាលាដ៏សំខាន់នាពេលនេះ ក្នុងគោលបំណងផ្សព្វផ្សាយអំពីសវនកម្ម នីតិវិធីនៃការអនុវត្តនិងស្វែងយល់កាន់តែស៊ីជម្រៅ ពីកាតព្វកិច្ច ពាក់ព័ន្ធទៅនឹងការនាំចេញនិងនាំចូលស្របតាមច្បាប់របស់កម្ពុជា។ ហើយចំណេះដឹងនៅថ្ងៃនេះ ក៏នឹងរួមចំណែកផ្ដល់កិច្ចសម្រួលពាណិជ្ជកម្ម បានកាន់តែលឿន ជាពិសេសធានាបាននូវការពង្រឹងអនុលោមភាពពេញលេញទៅតាមច្បាប់ ស្ដីពីគយ និងបទបញ្ញត្តិពាក់ព័ន្ធជាធរមាននៅកម្ពុជាឲ្យបានត្រឹមត្រូវជៀសវាងការបង្ករកំហុសណាមួយ ដែលនាំឲ្យសហគ្រាសប្រឈមនឹងការរងពិន័យ។
នៅក្នុងបទបង្ហាញរបស់ លោក សែម ម៉េង អនុប្រធាននាយកដ្ឋាន សវនកម្មគយ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានបញ្ជាក់ថា ប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់រាជរដ្ឋាភិបាល បន្តអនុវត្តរបៀបវារៈសេដ្ឋកិច្ចដ៏រឹងមាំ ដោយផ្តោតលើការធ្វើពិពិធកម្ម ការបង្កើនភាពប្រកួតប្រជែង និងការជំរុញបរិយាកាសធុរកិច្ចប្រកបដោយភាពទាក់ទាញ។
លោកបញ្ជាក់ថា ការធ្វើសវនកម្មគយ ក្រោយពេលបញ្ចេញទំនិញនេះ គឺជាការធ្វើសវនកម្មការស៊ើបអង្កេត ការធ្វើអធិការកិច្ច ឬ ត្រួតពិនិត្យឡើងវិញ មានលក្ខណៈជាប្រព័ន្ធដោយមន្ត្រីគយ ដែលមានសមត្ថកិច្ច ដើម្បីផ្ទៀងផ្ទាត់នៅភាពត្រឹមត្រូវ និងស្របច្បាប់តាមប្រតិវេស តាមរយៈការត្រួតពិនិត្យឯកសារ ត្រួតពិនិត្យឃ្លាំង និងត្រួតពិនិត្យកំណត់ត្រាផ្សេងៗទៀត។ ដូច្នេះការរៀបចំសិក្ខាសាលានេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ពុំមានគោលបំណង ក្នុងការប្រមូលពន្ធពីយន្តការសវនកម្មនេះទេ គឺគ្រាន់តែចង់តម្រង់ទិស ពង្រឹងនិងពិនិត្យភាពត្រឹមត្រូវ នៃប្រតិវេសគយ ដែលក្រុមហ៊ុនសហគ្រាសបានប្រកាសនាំចូល ដើម្បីពង្រឹងអនុលោមភាព ពិនិត្យមើលការប្រើប្រាស់វត្ថុធាតុដើម របស់រោងចក្រសហគ្រាសឱ្យបានត្រឹមត្រូវតែប៉ុណ្ណោះ៕អត្ថបទ៖ ឈិត បូរ៉ាវី






-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន5 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន4 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង