ព័ត៌មាន
សិល្បៈចម្លាក់ថ្មគឺជាជំនាញដូនតាខ្មែរបានបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយថែរក្សា
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងអាជ្ញាធរជាតិអប្សរា កំពុងប្រឹងប្រែងយ៉ាងខ្លាំងក្នុងការជួយជ្រោមជ្រែងដល់សិល្បៈចម្លាក់ថ្ម នៅក្នុងភូមិធម្មជាតិរុនតាឯក សង្កាត់រុនតាឯក ក្រុងរុនតាឯក ឱ្យប្រកបអាជីពរកប្រាក់កម្រៃផ្គត់ផ្គង់គ្រួសារបានប្រសើរ និងឱ្យជួយបង្ហាត់បង្រៀនដល់យុវជននៅទីនោះ ឱ្យចេះជំនាញដាប់ឆ្លាក់រូបអំពីថ្ម ដែលជាជំនាញដូនតាខ្មែរបន្សល់ទុកជាយូរមកហើយ ។

លោក សេក សេន ម្ចាស់សិប្បកម្មចម្លាក់ថ្ម នៅភូមិធម្មជាតិរុនតាឯក ឱ្យដឹងថាលោកចេះជំនាញឆ្លាក់រូបថ្មនិងឈើ ដោយសារតែលោកបានចូលរៀន នៅសាលាសិល្បៈ អាទីសង់អង្គរ(Artisans Angkor) ក្នុងខេត្តសៀមរាប តាំងតែពី២០ឆ្នាំមុន។ ក្នុងរយៈពេល២០ឆ្នាំមកនេះ លោកបានចេះជំនាញឆ្លាក់ថ្មនិងឈើជាច្រើន ដូចជាឆ្លាក់ក្បាច់ផ្កា ភ្ញី រូបសត្វ រូបអប្សរានិងរូបអាទិទេពជាច្រើនទៅតាមទម្រង់ក្បួនបុរាណរបស់បុព្វបុរសខ្មែរ ដែលបានបន្សល់ទុកនៅតាមប្រាសាទនិងសំណង់នានា។
លោក សេក សេន បញ្ជាក់ថាក្រោមការជួយជ្រោមជ្រែងពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ឱ្យលោកជួយបង្រៀនជំនាញដាប់ឆ្លាក់ថ្ម ដល់យុវជនជំនាន់ថ្មីនេះ គឺលោកពេញចិត្តយ៉ាងខ្លាំង ហើយក៏កំពុងខិតខំប្រឹងប្រែងជួយបង្រៀនដល់យុវជនដែលចង់ចេះជំនាញដាប់ឆ្លាក់ថ្មនេះ ឱ្យអស់ពីសមត្ថភាព ដើម្បីឱ្យយុវជនទាំងនោះអាចបន្តថែរក្សាមរតកវប្បធម៌អរូបីរបស់ដូនតាខ្មែរ ឱ្យគង់វង្សបានយូរអង្វែងតទៅទៀត។ លោក សេក សេន សំណូមពរឱ្យយុវជនជាច្រើន គួរតែចូលមករៀនជំនាញដាប់ឆ្លាក់ថ្មនេះ ពីព្រោះវាប្រសើរជាងការយកពេលវេលាទៅចំណាយធ្វើរឿងអ្វីមួយដែលគ្មានប្រយោជន៍។
លោកសេក គីន ជាយុវជនម្នាក់ដែលបានចូលរៀនជំនាញដាប់ឆ្លាក់ថ្ម នៅទីនោះរយៈពេល៦ខែមកហើយ ឱ្យដឹងថាបច្ចុប្បន្ន លោកចេះឆ្លាក់រូបសត្វនិងក្បាច់ផ្សេងៗខ្លះៗនៅលើថ្ម។ លោកថា រូបលោកពេញចិត្តនិងជំនាញឆ្លាក់ថ្មនេះ ពីព្រោះវានឹងធ្វើឱ្យលោកមានចំណេះពិតប្រាកដនៅថ្ងៃខាងមុខ ព្រមទាំងអាចរកប្រាក់កម្រៃជួយដល់ជីវភាពគ្រួសារ បានល្អជាងការងារសំណង់ដែលលោកធ្លាប់ធ្វើកន្លងមក។
បច្ចុប្បន្ននេះ បើទោះបីជាក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ព្រមទាំងអាជ្ញាធរជាតិអប្សរា កំពុងជួយជ្រោមជ្រែងដល់សិប្បកម្មចម្លាក់ថ្ម នៅភូមិធម្មជាតិរុនតាឯក រយៈពេល៣ឆ្នាំទៅមុខទៀតក៏ដោយ ក៏មានយុវជនតិចតួចបានទៅរៀននិងចាប់យកជំនាញនេះនៅឡើយ។
អាជ្ញាធរជាតិអប្សរា បានចាត់ទុកថាសិល្បៈចម្លាក់ថ្ម គឺជាសម្បត្តិបេតិកភណ្ឌអរូបី ដ៏មានតម្លៃមួយក្នុងចំណោមសម្បត្តិបេតិកភណ្ឌអរូបី ជាច្រើនទៀត ដែលដូនតាខ្មែរបានបន្សល់ទុករាប់ពាន់ឆ្នាំមកហើយ៕









-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន5 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន4 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង