ព័ត៌មាន
ក្រុមប្រឹក្សារាជធានី អំពាវនាវឱ្យសន្សំសំចៃការចំណាយផ្សេងៗ ខណៈរថយន្តក្រុងប្រមាណ ៦០០គ្រឿងនៅតែដឹកជញ្ជូនប្រជាពលរដ្ឋទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
ភ្នំពេញ ៖ ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញអំពាវនាវឱ្យរួមគ្នាដើម្បីសន្សំសំចៃការចំណាយផ្សេងៗ ខណៈតម្លៃប្រេងបានកើនឡើងយ៉ាងខ្លាំងដោយសារសង្គ្រាមអ៊ីស្រាអែល សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចពិភពលោក ហើយក្នុងប្រទេសកម្ពុជាក៏ទទួលរងផលប៉ះពាល់ដូចគ្នាផងដែរ។

ការអំពាវនាវរបស់ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានធ្វើឡើងនាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញជាអធិបតីកិច្ចប្រជុំសាមញ្ញលើកទី២៣ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅសាលារាជធានីភ្នំពេញ និងលោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ។

ឯកឧត្ដម ម៉ប់ សារិន មានប្រសាសន៍ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យមន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់សន្សំសំចៃពីការចំណាយផ្សេងៗដោយសារតែស្ថានភាពសេដ្ឋកិច្ចមានការប្រែប្រួល ពិសេសគឺតម្លៃប្រេងបានកើនឡើងយ៉ាងគំហុកមិនថានៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបណ្ដាលប្រទេសផ្សេងៗនៅលើពិភពលោក ដែលផ្តើមឡើងពីផលប៉ះពាល់នៃសង្គ្រាមអ៊ីស្រាអែល អាមេរិក និងអ៊ីរ៉ង់។
ឯកឧត្ដម ម៉ប់ សារិន ក៏ដូចជាសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញបានថ្លែងនូវការកោតសរសើរចំពោះអាជ្ញាធររាជធានីភ្នំពេញដែលបានរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋបានយ៉ាងល្អ ជាមួយនឹងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក៏អនុវត្តបានយ៉ាងល្អប្រសើរផងដែរ។
ឯកឧត្ដម ម៉ប់ សារិន និងសមាជិកក្រុមប្រឹក្សា បានលើកឡើងទៀតថា បើទោះបីប្រេងឥន្ធនៈមានការកើនឡើងតម្លៃយ៉ាងគំហុកយ៉ាងណាក្តី ប៉ុន្តែសម្រាប់រដ្ឋបាលរាជធានីភ្នំពេញនៅតែប្រើប្រាស់រថយន្តក្រុងប្រមាណ ៦០០គ្រឿង ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋទៅលេងស្រុកកំណើតនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះដដែល។ នេះបានបង្ហាញឱ្យឃើញពីការគិតគូរពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ។

លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញបានលើកឡើងថា សម្រាប់បុណ្យចូលឆ្នាំថ្មីឆ្នាំ២០២៦ រដ្ឋបាលរាជធានីភ្នំពេញសហការជាមួយនិងសហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក. ប្រារព្វព្រឹត្តិការណ៍នគរសង្ក្រាន្តដ៏ធំមួយ មាន៦ទីតាំងនៅក្នុងរាជធានីភ្នំពេញ។ ក្រៅពិធីសប្បាយៗតាមប្រពៃណីទំនៀមទម្លាប់របស់ខ្មែរ ក៏មានការដង្ហែរពុទ្ធដិមាករពីវត្តឧណ្ណាលោមមកកាន់វត្តភ្នំ ដែលពិធីនេះធ្វើឡើងធំជាងបណ្ដាឆ្នាំកន្លងទៅ ដោយក្បួនដង្ហែរនេះមានរហូតទៅដល់២០ផែន។
លោក ហួត ហៃ ក៏បានថ្លែងនូវការអរគុណចំពោះក្រុមប្រឹក្សារាជធានីភ្នំពេញដែលបានកោតសរសើរដល់ការងាររបស់រដ្ឋបាលរាជធានីកន្លងមក។ ការកោតសរសើររបស់ក្រុមប្រឹក្សារាជធានីភ្នំពេញ គឺជាការផ្ដល់កម្លាំងចិត្តដ៏ខ្លាំងក្លាសម្រាប់រដ្ឋបាលរាជធានភ្នំពេញ ដើម្បីបន្តអនុវត្តការងាររបស់ខ្លួនឱ្យកាន់តែល្អថែមទៀត៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា








-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត