ព័ត៌មាន
អនុប្រធានទី២រដ្ឋសភា ចែករំលែកបទពិសោធនៃការរៀបចំគោនយោបាយគាំពាសង្គម ដល់និវត្តជននៃអគ្គលេខាធិការដ្ឋានដ្ឋានរដ្ឋសភា
តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចប្រធានរដ្ឋសភា ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា បានជួបសំណេះសំណាល និងសាកសួរសុខទុក្ខជាមួយ និវត្តជននៃអគ្គលេខាធិការដ្ឋានរដ្ឋសភា នារសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា។
ឯកឧត្តម វង សូត បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹក ពីសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និង ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា ជូនចំពោះបងប្អូននិវត្តជនមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាទាំងអស់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែល នឹងឈានចូលមកដល់នាពេលខាងមុខ។
នៅចំពោះមុខនិវត្តជនប្រមាណ២២៤នាក់ ឯកឧត្តមអនុប្រធានទី២រដ្ឋសភា បានចែករំលែកបទពិសោធនៃការដឹកនាំរៀបចំគោលនយោបាយគាំពារសង្គម ជាពិសេសការរៀបចំគោលការណ៍សោធននិវត្តន៍សម្រាប់អតីតយុទ្ធជន និងនិវត្តជន ក្នុងពេលដែលឯកឧត្តម ធ្លាប់ចូលរួមដឹកនាំរាជរដ្ឋាភិបាល កាលពីនីតិកាលកន្លងទៅ។
ឯកឧត្តម មានប្រសាសន៍ថា ដោយការដឹងគុណចំពោះយុទ្ធជន និងមន្ត្រីរាជការ ដែលធ្លាប់បានរួមចំណែកការពារនិងបម្រើជាតិមាតុភូមិ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់រៀបចំក្របខ័ណ្ឌសោធននិវត្តន៍ និងអត្ថប្រយោជន៍ផ្សេងៗទៀត ដើម្បីឱ្យមន្ត្រីរាជការដែលបានចូលនិវត្តន៍ អាចបន្តរស់នៅក្នុងជីវភាពសមរម្យ និងសេចក្តីថ្លៃថ្នូ នៅក្នុងសង្គម។
រាជរដ្ឋាភិបាល មិនត្រឹមតែគិតគូរអំពីសិទ្ធ និងអត្ថប្រយោជន៍របស់និវត្តជនមន្ត្រីរាជការប៉ុណ្ណោះទេ គឺថែមទាំងបានពង្រីងវិសាលភាពនៃគោលនយោបាយគាំពារសង្គមគ្របដណ្តប់ដល់វិស័យឯកជនថែមទៀតផង រួមបញ្ចូលទាំងបងប្អូនប្រជាពលរដ្ឋក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធថែមទៀតផង។ ជាអាទិ៍ ការបង្កើតបេឡាជាតិសន្តិសុខសង្គមហៅកាត់ថា (ប.ស.ស)គឺពិតជាបានផ្តល់អត្ថប្រយោជន៍ធំធេងណាស់ ដល់ប្រជាជនកម្ពុជាគ្រប់រូប និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋគ្រមជ្ឈដ្ឋាន។
ឯកឧត្តមអនុប្រធានទី២រដ្ឋសភា លើកឡើងថា និវត្តជនគឺជាធនធានដ៏មានតម្លៃ និងមានបទពិសោធជាច្រើន ក្នុងការចូលរួមបម្រើជាតិមាតុភូមិ ដូច្នេះហើយរាជរដ្ឋាភិបាលមិនភ្លេចឬទុកឱ្យបងប្អូននិវត្តជននៅឯកការឡើយ ហើយរាជរដ្ឋាភិបាលនៅតែបន្តរក្សាបានទំនាក់ទំនងបានយ៉ាងល្អជាមួយបងប្អូននិវត្តជនទាំងអស់។
ឯកឧត្តម បានបង្ហាញការគាំទ្រ ចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានផ្តួចផ្តើមបង្កើតសមាគមអតីតយុទ្ធជនឡើង ដែលសព្វថ្ងៃនេះហៅថា សមាគមអតីតយុទ្ធជន និងនិវត្តជន ដើម្បីការពារសិទ្ធិ ផលប្រយោជន៍ និងលើកកម្ពស់ជីវភាពរស់នៅរបស់អតីតយុទ្ធជន និវត្តជន ព្រមទាំងគ្រួសារនិវត្តជនទូទាំងប្រទេស។ គំនិតផ្តួចផ្តើមនេះ បង្ហាញពីទស្សនវិស័យដ៏វែងឆ្ងាយរបស់សម្តេចប្រធានគណបក្សប្រជាជនកម្ពុជា។ ឯកឧត្តម សង្ឃឹមថា បងប្អូននិវត្តជននៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ក៏នឹងមានឱកាសទទួលបានអត្ថប្រយោជន៍ ក្រោមឆ័ត្រនៃសមាគមនេះផងដែរ។
ឯកឧត្តម វង សូត បានកោតសរសើរចំពោះអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលបានរៀបចំក្របខ័ណ្ឌសោធននិវត្តន៍ និងអត្ថប្រយោជន៍ផ្សេងៗយ៉ាងសមរម្យដល់និវត្តជននៃអគ្គលេខាធិការដ្ឋានរដ្ឋសភា និងបានផ្តល់អនុសាសន៍ដល់អគ្គលេខាធិការរដ្ឋសភា បន្តរក្សាទំនាក់ទំនងល្អជាមួយបងប្អូននិវត្តជន ព្រមទាំងពិនិត្យលទ្ធភាពរៀបចំការជួបជុំបន្ថែមទៀតរវាងនិវត្តជននិងមន្រ្តីរាជការដែលកំពុងបម្រើការងារ ដើម្បីចែករំលែកសុខទុក្ខ និងបទពិសោធន៍រវាងគ្នា។
ជាចុងក្រោយ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ដែលនឹងឈានចូលមកដល់នាពេលខាងមុខ ឯកឧត្តម វង សូត បានបួងសួងដល់ វត្ថុសក្តិសិទ្ធិទាំងអស់ក្នុងលោក ព្រមទាំងទេវតាឆ្នាំថ្មី មេត្តាប្រោសព្រំសព្ទសាធុការពរ បវរមហាប្រសើរ ជូនដល់និវត្តជន និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាទាំងអស់៕

-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត