ព័ត៌មាន
រដ្ឋាភិបាលកម្ពុជា និងសិង្ហបុរី ចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការស្តីពីសន្តិសុខស្បៀង
ភ្នំពេញ៖ កំពុងស្ថិតនៅប្រទេសសិង្ហបុរី លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោកជំទាវ Grace Fu រដ្ឋមន្ត្រីក្រសួងបរិស្ថាននិងចីរភាព និងជារដ្ឋមន្ត្រីទទួលបន្ទុកទំនាក់ទំនងពាណិជ្ជកម្ម នៃសាធារណរដ្ឋសិង្ហបុរី បាន ចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការស្តីពីសន្តិសុខស្បៀង ដែលជាជំហានដ៏សំខាន់មួយទៀត ក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មនៃប្រទេសទាំងពីរ។
យោងតាមផេកផ្លូវការរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា ចេញផ្សាយនៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការនេះ បានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការធានាស្ថិរភាព តម្លាភាព និងប្រសិទ្ធភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់ស្បៀង ដែលនឹងបើកផ្លូវឱ្យការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារសិង្ហបុរីមានការកើនឡើង ព្រមទាំងចូលរួមគាំទ្រយុទ្ធសាស្ត្ររក្សាស្ថិរភាពប្រភពស្បៀងអាហាររបស់សិង្ហបុរី ក៏ដូចជាការបង្កើតឱកាសនៃការចាប់យកទីផ្សារថ្មី ប្រកបដោយចីរភាពសម្រាប់វិស័យកសិកម្មនៅកម្ពុជាផងដែរ។
ប្រភពដដែល បានបញ្ជាក់ថា អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការនេះ ក៏បានបង្ហាញពីតួនាទីដ៏សំខាន់របស់កម្ពុជាក្នុងនាមជាប្រទេសនាំចេញអង្ករប្រកបដោយសក្តានុពល តាមរយៈសមត្ថភាពដ៏រឹងមាំក្នុងការផលិត ការប្រកួតប្រជែង និងផ្គត់ផ្គង់ទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសការចូលរួមយ៉ាងសកម្មរបស់កម្ពុជា ក្នុងការធានាសន្តិសុខស្បៀងក្នុងតំបន់ និងសកល។
បើតាមក្រសួងពាណិជ្ជកម្ម នៅមុនពិធីចុះហត្ថលេខានេះ ភាគីទាំងពីរបានជួបពិភាក្សាផ្លាស់ប្តូរយោបល់គ្នាលើស្ថានភាពវិវត្តន៍នៃពាណិជ្ជកម្មសកល កិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោក ក៏ដូចជាការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មកម្ពុជា-សិង្ហបុរីឱ្យកាន់តែរីកចម្រើន ជាពិសេសក្នុងវិស័យបំពេញឱ្យគ្នាទៅវិញទៅមក។
ក្នុងឱកាសនោះ ភាគីទាំងពីរក៏បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខស្បៀង ជាពិសេសកាលានុវត្តភាពសម្រាប់ការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារសិង្ហបុរីបន្ថែមទៀត៕អត្ថបទ៖ ឈិត បូរ៉ាវី







-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត