ព័ត៌មាន
ក្នុងឱកាសឆ្នាំថ្មី សម្ដេចធិបតី បញ្ជាក់ជាថ្មីនូវការប្ដេជ្ញាការពាររាល់សមិទ្ធផលជាតិ និងប្រជាជនកម្ពុជា
ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០នេះ សម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានគូសបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការការពាររដ្ឋធម្មនុញ្ញ, ការពាររបបរាជានិយម ស្របតាមបាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ» និងការពារនូវរាល់សមិទ្ធផលដែលរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទាំងមូលសម្រេចបាន នាពេលកន្លងមក ឱ្យបាន គង់វង្ស, មិនឱ្យបុគ្គលណា, ក្រុមណា ឬបរទេសណា មកបំផ្លាញបានឡើយ។

តាមរយៈសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ផ្ញើជូនជនរួមជាតិកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ សម្ដេចធិបតី ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមសម្ដេចផ្ទាល់បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបន្តខិតខំប្រឹងប្រែងកសាង, ការពារ និងអភិវឌ្ឍសង្គមជាតិ ឈរលើមាគ៌ាដ៏ត្រឹមត្រូវឆ្ពោះទៅរកភាពសុខដុមរមនា, សេចក្តីថ្លៃថ្នូរ និងសុខុមាលភាពសង្គម បើទោះជាត្រូវជួបប្រទះឧបសគ្គ និងបញ្ហាប្រឈមយ៉ាងណាក៏ដោយ។
សម្ដេចនាយករដ្ឋមន្រ្ដីថ្លែងថា៖«យើងត្រូវតែប្រែក្លាយការលំបាកទាំងនេះឱ្យទៅជាបទពិសោធន៍, ប្រែក្លាយការឈឺចាប់ឱ្យទៅជាថាមពលដ៏រឹងមាំ, និងប្រែក្លាយឧបសគ្គឱ្យទៅជាឱកាស ដើម្បីជោគជ័យ”។ ពិតណាស់ថា ក្នុងឆ្នាំកន្លងទៅ, យើងបានឆ្លងកាត់នូវវិញ្ញាសាដ៏លំបាក និងថ្មីៗជាច្រើនមិនធ្លាប់មាន ដែលបាននិងកំពុងបង្កើតជាផលប៉ះពាល់ ដោយផ្ទាល់ និងដោយប្រយោល មកលើសន្តិសុខ, និងសង្គម-សេដ្ឋកិច្ចជាតិយើង»។
សម្ដេចធិបតីបានបញ្ជាក់ថា ស្ថិតក្នុងសភាពការណ៍ចំពោះមុខ នៃការប្រឈមនឹងបញ្ហាជាបន្តបន្ទាប់ ទាំងកត្តាខាងក្រៅ និងកត្តាខាងក្នុង ជាមួយនឹងភាពមិនប្រាកដប្រជា និងហានិភ័យខ្ពស់, ពិភពលោកបាននិងកំពុងរៀនរស់ក្នុងសភាពការណ៍ថ្មី និងកំពុងស្វែងរកប្រក្រតីភាពថ្មី (New normal)។ សម្រាប់កម្ពុជា, ជម្រើសដែលប្រសើរបំផុត គឺត្រូវបន្តពង្រឹងខ្លួនឱ្យកាន់តែរឹងមាំ និងបង្កើនភាពម្ចាស់ការលើមូលដ្ឋានសំខាន់នឹងចាំបាច់ដើម្បីបង្កើនសមត្ភាពឆ្លើយតបទៅនឹងបញ្ហា និងវិបត្តិនានាប្រកបដោយភាពធន់។ ក្នុងន័យនេះ, រាជរដ្ឋាភិបាល បាននិងកំពុងបន្តជំរុញអនុវត្តបេសកកម្ម ដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្ត្ររបស់ខ្លួន ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមោះមុត ដោយឥតរាថយ និងកាន់តែស្វាហាប់ ក្នុងការបន្តអនុវត្តកិច្ចការកែទម្រង់ឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយលើគ្រប់វិស័យ និងបន្តជំរុញការអនុវត្តឱ្យ កាន់តែមានប្រសិទ្ធភាពនូវកម្មវិធីនយោបាយ, យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងកម្មវិធីគោលនយោបាយ ជាអាទិភាពទាំង ៦ ព្រមទាំងវិធានការគន្លឹះទាំង ៥ ក៏ដូចជាវិធានការកែទម្រង់ជាក់ស្តែងនានាទៀត ដែលត្រូវបន្ត អនុវត្តឱ្យកាន់តែខ្លាំងក្លាក្នុងឆ្នាំ២០២៦ និងឆ្នាំខាងមុខ ឱ្យចេញជាលទ្ធផលផ្លែផ្កា ដើម្បីឆ្លើយតបនឹងសំណូមពរ, សេចក្តីត្រូវការ, ការរំពឹងទុក និងក្តីប្រាថ្នា របស់ប្រជាពលរដ្ឋយើង។
សម្ដេចធិបតីបានថ្លែងបញ្ជាក់ថា៖«ឆ្លៀតក្នុងឱកាសនេះ, ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការការពាររដ្ឋធម្មនុញ្ញ, ការពាររបបរាជានិយម ស្របតាមបាវចនា “ជាតិ សាសនា ព្រះមហាក្សត្រ” និង ការពារនូវរាល់សមិទ្ធផលដែលរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទាំងមូលសម្រេចបាន នាពេលកន្លងមក ឱ្យបាន គង់វង្ស, មិនឱ្យបុគ្គលណា, ក្រុមណា ឬបរទេសណា មកបំផ្លាញបានឡើយ»៕

-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត