ព័ត៌មាន
សម្ដេចតេជោ និងសម្ដេចធិបតី ថ្វាយព្រះពរព្រះករុណាព្រះមហាក្សត្រឆាប់បានជាសះស្បើយពីព្រះរោគ
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានថ្វាយព្រះពរ ចំពោះព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាឆាប់បានជាសះស្បើយពីព្រះរោគព្រមទាំងមានព្រះរាជសុខភាពល្អ បរិបូរ កម្លាំងពលំមាំមួន ដើម្បីយាងនិវត្តន៍ បន្តគង់ប្រថាប់ក្នុងព្រះបរមរាជសម្បត្តិជាម្លប់ដ៏ត្រជាក់ត្រជំរបស់មាតុភូមិកម្ពុជា និងប្រជានុរាស្ត្រខ្មែរគ្រប់រូបនៅទូទាំងព្រះរាជាណាចក្រកម្ពុជាជាដរាបតរៀងទៅ។
តាមរយៈសារលិខិតថ្វាយព្រះករុណា ព្រះមហាក្សត្រនៃយើង សម្ដេចតេជោ ប្រមុខរដ្ឋស្ដីទី និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងនាមព្រឹទ្ធសភា ក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ គណបក្សប្រជាជនកម្ពុជា ព្រមទាំងក្នុងនាម សម្ដេចតេជោផ្ទាល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងក្រុមគ្រួសារ និងសម្ដេចធិបតី ក្នុងនាមរាជរដ្ឋាភិបាល និងសម្ដេចផ្ទាល់ បានសម្តែងនូវក្តីបារម្ភ ក្រោយពីទទួលព័ត៌មានថា ព្រះរោគមហារីកក្រពេញប្រូស្តាត (prostate cancer) របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតតម្រូវឱ្យព្រះអង្គទទួលការព្យាបាលដោយការវះកាត់តាមវេជ្ជបញ្ជានៅមន្ទីរពេទ្យនារដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន និងបន្តគង់ប្រថាប់នៅទីនោះមួយរយៈពេល ដើម្បីតាមដាន ត្រួតពិនិត្យ និងព្យាបាលព្រះរោគ ចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦នេះ។
សម្ដេចតេជោ និងសម្ដេចធិបតី បានឧទ្ទិសបុណ្យកុសលទាំងឡាយដែលបានកសាងកន្លងមក និងកម្លាំងចិត្ត ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ឆ្លងកាត់ការវះកាត់ដោយជោគជ័យព្រមទាំងមានជំនឿជឿជាក់យ៉ាងមុតមាំថា ក្រោមការយកចិត្តទុកដាក់ខ្ពស់ក្នុងការតាមដាន ត្រួតពិនិត្យ និងព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យឯកទេស និងជំនាញៗនៃសាធារណរដ្ឋប្រជាមានិតចិន ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនឹងបានឆាប់ជាសះស្បើយពីព្រះរោគជាក់ជាពុំខាន។
សម្ដេចតេជោ និងសម្ដេចធិបតី ព្រមទាំងប្រជារាស្រ្ដកម្ពុជាទាំងអស់គ្នាសូមលើកហត្ថប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតារក្សាព្រះមហាស្វេតច្ឆត្រ ព្រះបារមីអតីតព្រះមហាវីរក្សត្រ ព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីគ្រប់ព្រះអង្គ ជាទីគោរពសក្ការៈ សូមព្រះរាជមេត្តាអភិបាលថែរក្សា ព្រះករុណា ជាអម្ចាស់ជីវិត លើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ឆាប់បានជាសះស្បើយពីព្រះរោគ ព្រមទាំងមានព្រះរាជសុខភាពល្អ បរិបូរ កម្លាំងពលំមាំមួន ដើម្បីយាងនិវត្តន៍ បន្តគង់ប្រថាប់ក្នុងព្រះបរមរាជសម្បត្តិ ជាម្លប់ដ៏ត្រជាក់ត្រជំរបស់មាតុភូមិកម្ពុជា និងប្រជានុរាស្ត្រខ្មែរគ្រប់រូបនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ជាដរាបតរៀងទៅ៕




-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត