ព័ត៌មាន
ជនជាតិដើមភាគតិចទំពួន រៀបចំពិធីបុណ្យរម្លឹក វប្បធម៌ ប្រពៃណី ជនជាតិដើមភាគតិច «ខេត្តរតនគិរី»
រតនគិរី៖ បុណ្យនេះត្រូវបានសហគមន៍ជនជាតិដើមភាគតិចទំពួនក្នុង ខេត្តរតនគិរី រៀបចំធ្វើឡើង យ៉ាងមហោឡារិក ព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ដោយមានការហែរក្បួន ចេញពីមន្ទីរវប្បធម៌ និងវិចិត្រសិល្ប:ខេត្តឆ្ពោះមកផ្លូវជាតិ លេខ៧៨ រួចបន្តដំណើរទៅសាលារោងសហគមន៍ តំបន់ការពារធម្មជាតិបឹងយក្ខឡោម ស្ថិតរម្មណីយដ្ឋាន បឹងយក្ខសឡោមដែលជាកន្លែងប្រារព្ធពិធី។

បើតាមអ្នករៀបចំកម្មវិធីបានអោយដឹងថា បុណ្យរម្លឹកវប្បធម៌ប្រពៃណីជនជាតិដើមភាគតិច “ខេត្តរតនគិរី” មានការចូលរួមពីសហគមន៍ជនជាតិដើមភាគតិចផ្សេងៗទៀតសរុបប្រមាណជាង៨០០នាក់។ ហើយពិធីបុណ្យនេះមានគោលបំណង ធំៗចំនួន៣ គឺ៖
ទី១. ដើម្បីរំលឹកអំពីវប្បធម៌ប្រពៃណីចម្រុះជនជាតិដើមភាគតិច នៅរតនគិរី និងបង្ហាញពីការសាមគ្គីភាព របស់ ជនជាតិដើមភាគតិចនៅក្នុងខេត្តរនតនគិរីផ្ទាល់ផងដែរ។ ទី២.ដើម្បីផ្សព្វផ្សាយអំពីប្រពៃណីទំនៀមទម្លាប់ តាមរយៈពិធីសែនព្រេន ការហែក្បួន សិល្ប: វាយគង និងការ ចែករំលែកចំណេះដឹងប្រពៃណីដែលមានភាពចម្រុះតាមអំម្បូរបស់ជនជាតិដើមភាគតិចនៅខេត្តរតនគិរី អោយបានទូលំទូលាយ និងមានការ គោរពឲ្យតម្លៃជានិរន្ត។ ទី៣. ចែករំលែកពីវឌ្ឍនភាព និងបង្ហាញពីផែនការអភិវឌ្ឍន៍ បឹងយក្ខឡោម ដល់អ្នកពាក់ព័ន្ឋ និងសហគមន៍ពី គម្រោងអភិវឌ្ឍន៍ ស្របតាមប្រពៃណី ជនជាតិដើមភាគតិច។
ឯកឧត្តម ងិន ណែល អភិបាលរងខេត្ត តំណាង ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ដែលបានអញ្ជើញជា អធិបតីក្នុងពិធីបុណ្យនេះ បានសម្តែង ការកោតសរសើរដល់បណ្តាញជនជាតិដើមភាគតិចទូរទាំងប្រទេសកម្ពុជា ដែលបានបង្ហាញពីភាពរួបរួម និងសាមគ្គីភាពដ៏រឹងមាំ ក្នុងការអបអរសាទរពិធីបុណ្យរម្លឹកវប្បធម៌ជនជាតិដើមភាគតិច។ ស្មារតីរួម និងការប្តេជ្ញាចិត្តរបស់អ្នកទាំងអស់គ្នា បានរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សា និងលើកតម្កើងវប្បធម៌ ប្រពៃណី និងអត្តសញ្ញាណដ៏មានតម្លៃរបស់សហគមន៍ជនជាតិដើភាគតិចនៅទូទាំងប្រទេស។ ពិធីបុណ្យនេះ មិនត្រឹមតែបង្ហាញពីភាពចម្រុះប៉ុណ្ណោះទេ ប៉ុន្តែជាការរំលឹកអំពីតម្លៃវប្បធម៌ និងអត្តសញ្ញាណដែលត្រូវបានបន្តរក្សាទុកពីជំនាន់មួយទៅជំនាន់មួយផងដែរ។

ឯកឧត្តម អភិបាលរងខេត្ត បានថ្លែងអំណរគុណដល់អ្នករៀបចំ និងសមាជិកសហគមន៍ទាំងអស់ ដែលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុង ការប្តេជ្ញា ចិត្តស្រឡាញ់ និងការខិតខំប្រឹងប្រែងធ្វើឱ្យពិធីនេះ ក្លាយជាព្រឹត្តិការណ៍ មានអត្ថន័យ និងជំរុញទឹកចិត្តដល់មនុស្សម្នា ទាំងអស់បន្តរួមគ្នាលើកស្ទួយសម្លេងជនជាតិដើមភាគតិច ការពារតម្លៃវប្បធម៌ និងស្ថាបនាអនាគតដែលផ្អែកលើការគោរព សាមគ្គីភាព និងមោទនភាព។
សូមបញ្ជាក់ថា ជនជាតិដើមភាគតិច នៅកម្ពុជា មានចំនួនប្រហែល១.១១ ភាគរយ នៃប្រជាពលរដ្ឋសរុប របស់កម្ពុជា ដែលស្មើរប្រមាណជា១៧ម៉ឺននាក់ និងមានចំនួន២២ ក្រុម រស់នៅក្នុងសហគមន៍សរុបប្រហែល៥៨០ ក្នុងខេត្ត១៥។ នេះបើ យោងតាមរបាយការណ៍ប្រជាសាស្ត្រជនជាតិដើមភាគតិចឆ្នាំ២០២៤។

ដោយក្នុងនោះ សហគមន៍ជនជាតិដើមភាគតិចនៅខេត្តរនតគិរី គឺជាក្រុមជនជាតិដើមភាគតិច កំពុងរស់នៅសម្បូរដោយប្រពៃណីវប្បធម៌ចម្រុះជនជាតិដើមផ្សេងៗ។ ចំណែកឯការ រស់គឺពឹងអាស្រ័យផល និង ចិញ្ចឹមជីវិតរបស់ពួកគេលើដីធ្លី និងធនធានព្រៃឈើ ជាពិសេសគឺ សហគមន៍កំពុងតែនៅបន្ត និងអនុវត្តកសិកម្ម ប្រពៃណី និងការប្រើប្រាស់ដីធ្លីរួមមាន៖ ដីដាំដុះជាក់ស្តែង ដីបម្រុងសម្រាប់ចំការវិលជុំ វាលស្រែ និងកសិកម្មតាម ប្រពៃណីផ្សេងៗទៀត។ ចំណែកឯធនធានធម្មជាតិ ត្រូវបានពួកគាត់ចាត់ទុកថាជា “ទីផ្សារសេរី” ដោយមិនត្រូវ ធនធានដើម្បីទិញវា ដោយក្នុងនោះសហគមន៍គឺ អាចប្រមូលផលអនុផលព្រៃឈើប្រភេទផ្សេងៗដូចជា បន្លែ ផ្លែ ឈើ ត្រី ឱសថបុរាណជាដើម។ សហគមន៍ជនជាតិដើមភាគតិចនៅរតនគិរី មានប្រព័ន្ធច្បាប់ទំនៀមទម្លាប់ និង អភិបាលកិច្ចប្រពៃណីដ៏រឹងមាំ ជាពិសេសក្នុងការគ្រប់គ្រងដីធ្លី ព្រៃឈើ ធនធានធម្មជាតិ និងទំនាក់ទំនងសង្គមនៅ ក្នុងសហគមន៍។ប្រព័ន្ធប្រពៃណីទាំងនេះដើរតួនាទីយ៉ាងសំខាន់ ក្នុងការរក្សាអត្តសញ្ញាណវប្បធម៌ និងភាពសុខដុម រមនារបស់សហគមន៍ទាំងមូល ជាពិសេសការពារបរិស្ថាន ។ តាមប្រពៃណីទំនៀទំលាប់ សហគមន៍ជនជាតិដើមភាគតិចនៅខេត្តរតនគិរី តែងតែប្រារព្ធ និងប្រកាន់ ភ្ជាប់ពីធីបុណ្យប្រពៃណីជារៀងរាល់ឆ្នាំ ដូចជាកម្មវិធីសែនក្បាលទឹក ពីធីសែនព្រេនរំដោះគ្រោះ ពិធីសែនអារក្ស អ្នកតា ដែលកើតឡើងក្នុងភូមិ ពីធី សែនព្រេនសុំសេចក្តីសុខដល់ប្រជាមាតុភូមិជាដើម។ បច្ចុប្បន្ន ប្រពៃណីទំនៀម ទម្លាប់ទាំងអស់នេះ កំពុងប្រឈមនឹងការបាត់បង់ ជាបណ្តើរៗ ដោយឥទ្ធិពលខាងក្រៅផ្សេងៗ៕











-
ព័ត៌មាន1 week agoនាវាទេសចរណ៍ខ្នាតយក្ស VIKING VENUS នាំភ្ញៀវបរទេសជិត ៩០០ នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
-
ព័ត៌មាន18 hours agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន1 week agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ
-
ព័ត៌មាន1 week agoការកសាងគម្រោងគ្រប់គ្រងធនធានចម្រុះហ្វូណនតេជោ នឹងចូលរួមលើកស្ទួយកិត្តិយស និងសមត្ថភាពរបស់ជាតិ ព្រមទាំងជំរុញឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែរីកចម្រើន ប្រកបដោយភាពធន់
-
ព័ត៌មាន1 week agoសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ផ្ដល់ព្រះរាជអំណោយដល់កងទ័ព និងធ្វើបុណ្យឧទ្ទិសកុសលដល់យុទ្ធជនពលី
-
ព័ត៌មាន3 days agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ឆ្នាំង បានរៀបចំតុបតែងលម្អភ្លើងពណ៌តាមទីតាំងប្រារព្ធសង្ក្រាន្តក្នុងខេត្តបានរួចរាល់ហើយ
-
ព័ត៌មាន3 days agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ